ខេត្តកំពង់ស្ពឺ ៖ ផ្ទះតៀម២ខ្នង ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ បន្ទាប់ពីត្រូវកូនប្រុសបង្កើតខឹងម្តាយមិនព្រមលក់ក៏ជិះម៉ូតូពីភ្នំពេញមកដុតផ្ទះចោលតែម្តង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧ និង២០នាទីព្រឹកថ្ងៃទី១៧ កញ្ញា ២០១៥ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា កូនប្រុសដែលដុតផ្ទះចោលនេះមានឈ្មោះសុខ វុត្ថា អាយុ២៩ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងទៀតថា ផ្ទះដែលឆេះនេះគឺទុកចោលដោយទៅរស់នៅរាជធានីភ្នំពេញ ។ ដោយកូនប្រុសរូបនេះ បាននិយាយជាមួយម្តាយថា ផ្ទះយើងលក់ទៅ បើមិនលក់ទេ ដុតចោលហើយ ។ ពេលនោះម្តាយនិយាយថា អត់លក់ទេ ស្រាប់នៅព្រឹកថ្ងៃទី១៧ កញ្ញា នេះ កូនប្រុសចិត្តសឿងបានជិះម៉ូតូពីរាជធានីភ្នំពេញ មកដុតផ្ទះកម្ទេចចោលមែន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការភ្ញាក់ផ្អើលនាំគ្នាជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តជួយបាញ់ផងដែរ តែមិនអាចទប់ស្កាត់បានឡើយ ។
គួរបញ្ជាក់ថា កូនប្រុសរូបនេះមានជំងឺសរសៃប្រសាទជាយូរយាណាស់មកហើយ បើចង់បានអ្វី គឺទាល់តែបានទើបនៅស្ងៀម បើ គេថា ចង់កាប់ដើមស្វាយ ស្ទុះទាញកាំបិតកាប់ភ្លាម គឺមានចរិតកាចណាស់ ។



ចែករំលែកព័តមាននេះ