រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរគាស់ផ្ទះម្នាក់ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធវាយម្នាក់១ដៃ ១ជើងស្ទើរក្ស័យ ខណៈពេលជនសង្ស័យឡើងទៅសម្ងំនៅលើផ្ទះជាន់ទី១បំរុងធ្វើសកម្មភាពលួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ កញ្ញា ២០១៥ ត្រង់ចំណុចផ្ទះល្វែងលេខ៥M ជាន់ទី១ តាមបណ្ដោយផ្លូវលំក្រោយសណ្ឋាគារហាយលែង ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះរងរបួសធ្ងន់ធ្ងរពេក ។ ចំណែកម្ចាស់ផ្ទះខាងលើសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ទើបតែចេញពីកន្លែងធ្វើការនៅខារ៉ាអូខេញ៉ូវស្តាត្រលប់មកដេកផ្ទះវិញដូចរាល់ដង ស្រាប់តែពេលគាត់ឡើងទៅដល់លើផ្ទះជាន់ទី១នោះក៏ឃើញជនសង្ស័យខាងលើកំពុងអង្គុយសម្ងំនៅមុខផ្ទះរបស់គាត់បំរុងធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់ ឃើញដូចនោះគាត់ក៏ស្រែកឆោឡោ ថាចោរៗ រួចជនសង្ស័យខាងលើក៏បានព្យាយាមរត់គេចចុះមកដល់ក្រោមដីត្រូវប្រជាពលរដ្ឋដែលនៅម្ដុំនោះដេញចាប់បានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បែកមុខបែកមាត់ សន្លប់ស្តូកស្តឹងសល់តែដង្ហើមចង្រិត កុំតែបានប៉ូលីសប៉ុស្តិ៍ទឹកថ្លាចុះទៅអន្តរាគមន៍ទាន់ពេល កុំអីជនសង្ស័យខាងលើប្រហែលជាត្រូវប្រជាពលរដ្ឋវាយក្ស័យជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរ៉ឺម៉ក់ម៉ូតូមកដឹកយកជនសង្ស័យខាងលើយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ហើយជនរងគ្រោះដែលជាម្ចាស់ផ្ទះខាងលើក៏បានទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមតាមផ្លូវច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ