ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមានផ្ទៃពោះ៧ខែ ឈ្មោះ ពុំ មុំ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិម្លោះ ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវបានឃាតករសម្លាប់ ដោយមានស្នាមវាយឡើងផុងលលាដ៏ក្បាល និងត្រង់គុម្ពត្រចៀកឆ្វេងហូរឈាមស្រោចពេញក្រោមគ្រែដេក ស្ថិតនៅក្នុងផ្ទះតៀមមួយកន្លែង ។
អំពើឃាតកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ កញ្ញា ២០១៥ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីដែលសង្ស័យបានប្រើអំពើហិង្សាសម្លាប់ប្រពន្ធខ្លួនឯង ព្រោះខឹងមិនឲ្យរួមភេទនោះ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ កញ្ញា នាយប៉ុស្តិ៍រដ្ឋបាលឃុំជាំក្រវៀន បានទូរស័ព្ទរាយការណ៍មករូបលោកពីអំពើឃាតកម្មខាងលើនេះ ភ្លាមនោះក៏រាយការណ៍បន្តទៅលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានដឹង និងចាត់ឲ្យក្រុមជំនាញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យលើសព ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន បានបន្តថា តាមការពិនិត្យសព ឃើញមានស្លាកស្នាមលើរាងកាយ ដូចជា លើផ្ទៃមុខមានរបួសស្នាមកាប់ត្រង់គុម្ពត្រចៀកឆ្វេង២កន្លែង ចុងភ្នែកឆ្វេង១កន្លែង ចំណែកនៅក្នុងផ្ទះ ឃើញបន្សល់ទុកញញួរ១ ពិលគោម១ ហើយស្ត្រីរងគ្រោះមានផ្ទៃពោះ៧ខែទៀតផង ។ លុះពេលសមត្ថកិច្ចសួរនាំបុរសជាប្តី ឈ្មោះ ស៊ា ក្រោល អាយុ២៧ឆ្នាំ បានឆ្លើយថា នៅមុនម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១១ កញ្ញា ខ្លួនបានចេញទៅចៀរជ័រកៅស៊ូបាត់ ដោយប្រពន្ធនៅផ្ទះតែឯង ។
បើផ្អែកតាមការពិនិត្យរបស់នគរបាលព្រហ្មទណ្ឌស្រុកនិងខេត្ត ឃើញថា ក្នុងករណីអំពើឃាតកម្មដ៏សាហាវនេះ គឺមិនមានការពាក់ព័ន្ធជាមួយនឹងអ្នកដទៃឡើយ ហើយអ្នកផ្សេងក៏មិនអាចបើកទ្វារផ្ទះនេះលួចចូលបានដែរ ។
តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចថា គឺបុរសជាប្តីក្រោយពេលសេពគ្រឿងញៀនមានចំណង់ផ្លូវភេទ តែប្រពន្ធមានអារម្មណ៍ធុញទ្រាន់នឹងកត្តាផ្លូវចិត្តផងនោះ មិនឲ្យរួមភេទ ទើបបុរសជាប្តីមានការខឹងសម្បារក៏ប្រើអំពើហិង្សាវាយយ៉ាងចាស់ដៃរហូតដល់ស្លាប់តែម្តង ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន បានបញ្ជាក់ថា ពេលកម្លាំងសមត្ថកិច្ចសួរនាំប្តីពីរឿងប្រពន្ធត្រូវគេស្លាប់នោះ បុរសជាប្តីបានឆ្លើយត្រឡប់ត្រឡិន ហើយថែមទាំងឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនថែមទៀត តាមរយៈការធ្វើតេស្តដឹងថា បុរសជាប្តីប្រើប្រាស់ថ្នាំញៀនប្រាកដមែន ។ ហើយនៅលើខ្លួនប្រាណប្តីឃើញាមានស្នាមក្រចក ហេតុដូច្នេះ រូបលោកសុំគោលការណ៏ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឃាត់ខ្លួនបុរសជាប្តីសង្ស័យជាឃាតករ ៕
ចែករំលែកព័តមាននេះ