រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សពបុរសម្នាក់ដែលគេស្គាល់ថា ជាប្រជាការពារសង្កាត់ទួលសង្កែត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាបតាំងពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី៧ កញ្ញា នេះ នៅចំណុចខាងជើងស្ពានព្រែកព្នៅចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
សពត្រូវគេស្គាល់ឈ្មោះប្រាក់ វីរៈ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
បើតាមក្រុមគ្រួសារសពបានឱ្យដឹងថា សពជនរងគ្រោះបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃសៅរ៍ ហើយសង្ស័យលោតទឹកសម្លាប់ខ្លួននៅចំណុចភូមិផ្សារតូច បន្ទាប់ពីពិនិត្យសុខភាពនៅមន្ទីរពេទ្យជោរៃឃើញមានជំងឺមហារីកបេះដូង ជំងឺក្រពះ និងសួត ព្រមទាំងឡើងជាតិស្ករទៀតផង។
តាមប្រភពបានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ សពបានទៅពិនិត្យសុខភាពឃើញមានជំងឺដូចរៀបរាប់ខាងលើនេះហើយក៏ត្រឡប់មកផ្ទះវិញប្រាប់ក្រុមគ្រួសារ។ លុះនៅព្រឹកថ្ងៃសៅរ៍ មានអ្នករត់ម៉ូតូឌុបបានឃើញសពចុះទៅមាត់ទន្លេ ហើយក៏បាត់រហូត ក្រោយមកមានការសង្ស័យក៏នាំគ្នាដើរទៅមើលឃើញតែមួក និងស្បែកជើងរបស់សពនៅមាត់ច្រាំងទន្លេ។
ប្រភពបន្តថា នៅព្រឹកថ្ងៃទី៧ កញ្ញានេះ ក្រុមគ្រួសារសពបាននាំគ្នាដើររកសពស្រាប់តែទទួលព័ត៌មានថា មានគេប្រទះឃើញសពអណ្តែតទឹកទើបនាំគ្នាទៅមើលឃើញថា ពិតជាសពជនរងគ្រោះមែនក៏ចាត់ចែងឱ្យគេស្រង់ឡើងគោក ហើយបញ្ជូនទៅធ្វើបុណ្យនៅវត្តទួលសង្កែតែម្តង៕
ចែករំលែកព័តមាននេះ