ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​បាក់​ឌុ​ប​កែ​ចប់​ហើយ លទ្ធផល​មិន​ផ្លូវការ​ជាប់​ជាង​៨០% ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ១៦ ខែកញ្ញា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​អប់រំ ដែល​គ្រប់គ្រង​កិច្ច​កំណែ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ថា ការ​កែ​វិញ្ញាសាសរសេរ​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ។ យោង​តាម​លទ្ធផល​មិន​ផ្លូវ នៃ​មណ្ឌល​កំណែ​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​អប់រំ ដែល​គ្រប់គ្រង​កិច្ច​កំណែ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ថា ការ​កែ​វិញ្ញាសាសរសេរ​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ។ យោង​តាម​លទ្ធផល​មិន​ផ្លូវ នៃ​មណ្ឌល​កំណែ​បាន​អះអាង​ថា ផ​លទ្ធផល​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន អាច​រហូត​ដល់​ជាង​៨០​ភាគរយ តែ​ការ​ផ្ទៀងផ្ទាត់​កំពុង​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​បញ្ចូល​ទិន្នន័យ​កុំព្យូទ័រ​នៅឡើយ​ទេ ។

ក្រសួង​អប់រំ​បាន​អះអាង​ថា ការ​ដំណើរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម្រាប់​ឆ្នាំ​សិក្សា​២០១៤ ២០១៥​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៤ ២៥ ខែសីហា ឆ្នាំ​២០១៥ ។ មាន​បេក្ខជន​សរុប​ចំនួន​៨៤.៩៣០​នាក់ ក្នុង​នោះ​មាន​ស្រី​៤០.៩៧២​នាក់ បាន​ចុះ​ឈ្មោះ​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង​ចំនួន​១៥០​មណ្ឌល ចែក​ជា​៣៤២៧​បន្ទប់ ។ ក្នុង​នោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​១២៦​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​២៦​មណ្ឌល ។
ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ក្នុង​ពេល​ដំណើរការ​ប្រឡង​រយៈពេល​២​ថ្ងៃនេះ​មាន​បេក្ខជន​អវត្តមាន​មិន​បាន​ប្រឡង​ចំនួន​១៥៨៩​នាក់ (​ស្រី​៥៥២​នាក់​) ត្រូវជា​១,៨៧%​នៃ​ចំនួន​បេក្ខជន​សរុប​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង ។ មុខ​វិជ្ជា​ប្រឡង​មាន​ចំនួន​៧​មុខ​វិជ្ជា ដែល​ត្រូវ​បាន​បែងចែក​ជា​ថ្នាក់​វិជ្ជា​វិទ្យាសាស្ត្រ (​គណិត រូប គីមី ជីវៈ ប្រវត្តិ ភាសាបរទេស និង​អក្សរសាស្ត្រ​ខ្មែរ​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ភូមិ ប្រវត្តិ ជីវៈ ភាសាបរទេស អក្សរសាស្ត្រ​ខ្មែ សីលធម៌ ពលរដ្ឋ និង​គណិត​វិទ្យា​)​។

ក្រសួង​អប់រំ​បញ្ជាក់​ថា ដំណើរការ​ប្រឡង​រយៈ​២​ថ្ងៃ​នៅ​តាម​មណ្ឌល​សំ​ណេ​រ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ជាង​ឆ្នាំ​កន្លង​ទៅ គណៈមេប្រយោគ​គ្រប់​លំដាប់ថ្នាក់​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច ទោះបីជា​នៅ​តាម​រាជធានី​-​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ដោយ ។

ទន្ទឹម​នឹង​នេះ​គ្រប់​ភា​កី​ពាក់ព័ន្ធ​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ រួម​មាន​កម្លាំង​មាន​សមត្ថកិច្ច អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នក​សង្កេតការណ៍​ផ្សេង​ទៀត ។ ដោយឡែក​បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​ប្រឡង​បាន​យ៉ាង​ល្អ ពុំ​មាន​ឧបទ្ទវហេតុ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​ខេតកណ្តាល នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា​ខាង​មុខ​នេះ និង​នៅ​តាម​មណ្ឌល​ប្រឡង​សម្រាប់​ខេត្ត​-​ក្រុង​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ (facbook.com/moenys.gov.kh) ។

លោក រស់ សាលី​ន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ពេល​អ្នកកាសែត​ទូរស័ព្ទ​សាកសួរ ។ ចំណែក​លោក​រដ្ឋមន្ត្រី ហង់ ជូន​ណា​រ៉ុ​ន មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ សុំ​ការ​ពន្យល​បាន​ដែរ ៕