ខេត្តព្រៃវែង ៖ អ្នកភូមិក្មេង-ចាស់ប្រមាណ២០នាក់ ដែលមានអាការៈទន់ដៃទន់ជើងហើយសន្លប់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ កាលពីរសៀលថ្ងៃទី២៧ សីហា ។
លោកវេជ្ជបណ្ឌិត ទឹម ប៉េង ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ មានប្រសាសន៍ឱ្យដឹងថា អ្នកភូមិដែលមានអាការៈដូចខាងលើ ហើយបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកនេះ គឺរស់នៅភូមិពោធិ៍ថ្មី ឃុំព្រាល ស្រុកកញ្ជ្រៀច។ ប៉ុន្តែដោយស្រុកកញ្ជ្រៀចអត់មានមន្ទីរពេទ្យបង្អែក ទើបត្រូវបានដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារចាប់តាំងពីម៉ោង៣រសៀលថ្ងៃទី២៧ សីហា នោះ ទម្រាំដឹកមកដល់ គឺអ្នកភូមិខ្លះសន្លប់ ខ្លះទន់ដៃទន់ជើង ។ លោកវេជ្ជបណ្ឌិត មិនទាន់សន្និដ្ឋានថាយ៉ាងណាទេ ទាក់ទិននឹងអាការៈរបស់អ្នកភូមិទាំងនេះ តែតាមរយៈការសាកសួរទៅ ពួកគាត់ហាក់មានបញ្ហាខាងអារម្មណ៍ដោយសារក្នុងភូមិនោះមានអ្នកស្លាប់៣នាក់ជាបន្តបន្ទាប់គ្នា ។ អ្នកភូមិទាំងនេះបានអះអាងថា មិនមានការពុលអ្វីទេ ហើយជុំវិញភូមិក៏មិនមានបាញ់ថ្នាំស្រូវដែរ ។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្ដែង ដំបូងនោះអ្នកភូមិចាស់ៗសម្បូរអ្នកមានជំងឺលើសឈាម ឯក្មេងៗខ្វះជាតិស្ករ ទើបដាក់់សេរ៉ូមឱ្យមានកម្លាំងឡើងវិញ ហើយរហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី២៨ សីហា ក្រុមអ្នកភូមិទាំងនេះបានស្រួលខ្លួនបណ្ដើរៗហើយ ។ ទាក់ទិននឹងការទន់ដៃទន់ជើងហើយសន្លប់នេះ ដោយសារតែក្នុងភូមិមានពិធីបុណ្យសពជាបន្តបន្ទាប់គ្នា ៣នាក់មកហើយ លុះដល់បុណ្យសពអ្នកភូមិទី៣រួចរាល់ ស្រាប់តែមានបញ្ហាបែបនេះកើតឡើងតែម្ដង ។
អ្នកភូមិដែលស្លាប់មាន ១-ឈ្មោះ តឿ ភេទប្រុស ២-ឈ្មោះ យ៉ា យ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ និង៣-ឈ្មោះ ពីង ពឿន ភេទប្រុស អាយុ៣៧ឆ្នាំ ។
លោក ប៊ិន ជីវន្ត អភិបាលស្រុកកញ្ជ្រៀចមានប្រសាសន៍ថា បន្ទាប់ពីបានដឹងថា អ្នកភូមិកើតមានអាការៈសន្លប់ផ្អើលពេញភូមិនោះ លោកក៏ឱ្យរថយន្ត ចុះទៅដឹកពួកគាត់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែកលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ក្រុមគ្រូពេទ្យអន្តរាគមន៍បន្ទាន់បានចុះភ្លាមៗទៅជួយអ្នកភូមិ ហើយការដឹកបញ្ជូននិងព្យាបាល គឺមិនយកកម្រៃសេវាពីពួកគាត់ទេ ៕
ចែករំលែកព័តមាននេះ