រាជធានីភ្នំពេញ ៖ សម្រាប់លោក បាន ភារម្យ ក៏ដូចជាកសិករផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ការធ្វើស្រែរបស់គាត់ស្ទើរតែជាង ៩០ភាគរយគឺពឹងផ្អែកទៅលើទឹកភ្លៀង ។ តែភាពរាំងស្ងួតដែលបានអូសបន្លាយរយៈពេលយូរ ធ្វើឲ្យផ្ទៃដីដំណាំស្រូវរងការខូតខាត នាំឲ្យប៉ះពាល់ជីវភាពប្រជាកសិករតាមបណ្តាខេត្តនានាយ៉ាងធ្ងន់ធ្ងរ ។
លោក បាន ភារម្យ រស់នៅក្នុងស្រុកមោងខេត្តបាត់ដំបង ជាកសិករមួយរូបក្នុងចំណោមកសិករដទៃទៀតនៅទូទាំងប្រទេសកម្ពុជា ដែលជួបគ្រោះខ្វះទឹក បាននិយាយថា ដីស្រែ៤ហិកតារបស់គាត់ជួបភាពរាំងស្ងួតរហូតមក បន្ទាប់ពីជួបគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១១ ពីស្ទឹងដូនទ្រី ដែលភ្ជាប់ពីបឹងទន្លេសាប ។ លោកថា ដីស្រែដែលអាចផលិតស្រូវបានពី៥ទៅ៧តោនក្នុងមួយឆ្នាំ បានធ្លាក់ទិន្នផលមកតែ១ទៅ២តោនក្នុងមួយឆ្នាំវិញ ។
លោកលើកឡើងថា ៖ « ជាធម្មតា ក្នុងខែ មីនា ឬ មេសា មានភ្លៀងធ្លាក់មួយឬពីរមេដែល គេហៅថា ភ្លៀងកក់ខែ ហើយនិងមានធ្លាក់បន្តបន្ទាប់ក្នុងចន្លោះខែកក្កដា និងកញ្ញា ។ ប៉ុន្ដែ អ្វីដែលគួរឲ្យគត់សម្គាល់នោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ វារាំង សូម្បីតែទឹកជន់ដែលជាធម្មតាក្នុង១ឆ្នាំមានប្រហែល៦ដង តែបច្ចុប្បន្ននេះយ៉ាងច្រើនបំផុតមានតែពីរដងប៉ុណ្ណោះ ។ ភ្លៀងមិនសូវមាន ទឹកជន់មិនសូវមាន ដូច្នេះទឹកមិនគ្រប់គ្រាន់ អុីចឹង ស្រូវខ្ញុំលូតលាស់ក៏មិនសូវល្អដែរ » ។
លោកភារម្យ បានបន្តទៀតថា ឆ្នាំមុន ការប្រកបរបរដំណាំស្រូវមិនរួចខ្លួន សូម្បីតែពូជក៏ទុកមិនបានគ្រប់គ្រាន់ដែរ ។ ស្ថានភាពនេះ បានធ្វើឲ្យលោកចាប់យកអាជីពជាគ្រូបង្រៀនពេញម៉ោងនៅសាលាឯកជនមួយ និងឆ្លៀតបង្រៀនក្រៅម៉ោងជារបរចម្បងក្នុងការចិញ្ចឹមជីវិត តែការផ្គត់ផ្គង់ជីវភាពគ្រួសារនៅមានបញ្ហា ពិសេសការសិក្សារបស់កូន ។ បងប្អូនរបស់គាត់ក៏ជំពាក់លុយធនាគារ រួចរត់ទៅធ្វើការនៅប្រទេសថៃដើម្បីរកលុយមកសងធនាគារ ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែកក្កដាឆ្នាំនេះ បានបង្ហាញថា គ្រោះខ្វះទឹកប៉ះពាល់ផ្ទៃដីដំណាំស្រូវសរុបចំនួនប្រមាណ១៥,៤ម៉ឺនហិកតា ក្នុងនោះ មានសំណាបសរុបចំនួន២ពាន់ហិកតា សន្ទួង និងស្រូវពង្រោះ សរុបចំនួន១៥,២ម៉ឺនហិកតា ។
ជាធម្មតា ភ្លៀងចាប់ផ្តើមធ្លាក់ក្នុងខែមេសា ហើយកសិករ ក៏ចាប់ផ្តើមដាំដុះរបស់ខ្លួនបានខ្លះដែរ ក្នុងរយៈពេល៣ខែ តែតំបន់ខ្លះនៅជួបភាពរាំងស្ងួតនៅឡើយ ។
នៅក្នុងខែកក្កដា ឆ្នាំ២០១៥នេះ នៅទូទាំងប្រទេស ការស្ទូងនិងព្រោះក្នុងរដូវវស្សាបានចំនួន១,៥លានហិកតា តិចជាឆ្នាំមុន១២ម៉ឺនហិកតា ស្មើនឹង៦០ភាគរយនៃផ្ទៃដីដំណាំស្រូវ។ ក្នុងចំណោមខេត្តទាំងអស់ ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង មានសកម្មភាពស្ទូង និងព្រោះតែ១៣ទៅ១៤ភាគរយប៉ុណ្ណោះ ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម និយាយថា ចាប់ពីដើមរដូវវស្សាដល់ពាក់កណ្តាលខែកក្កដាឆ្នាំនេះ របាយទឹកភ្លៀងធ្លាក់តិចតួចជាងឆ្នាំមុនៗ តែចាប់ពីខែសីហានេះទៅ នឹងចាប់ផ្តើមកើនឡើងវិញ ។ លោកបន្ដថា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ តាកែវ និងកំពង់ស្ពឺ ជាខេត្តដែលមានភ្លៀងតិចក្នុងចំណោមទាំង២៥ខេត្ត-ក្រុង ។
ផ្ទៃដីនៅប្រទេសកម្ពុជាមាន២,៤លានហិកតានៃផ្ទៃដីបង្កបង្កើនផល និងមានប្រព័ន្ធធារាសាស្ត្រគ្របដណ្តប់ប្រមាណ៥២ភាគរយ ។ ក្រសួងបាននិងកំពុងធ្វើបន្តក្នុងការដោះស្រាយទឹកសម្រាប់បង្កបង្កើតផលដល់ប្រជាកសិករ ។ ជាក់ស្តែង ក្រសួងបានធ្វើអាងទឹកមួយរួចរាល់ និងទាន់ពេលវេលានៅចង្កេះភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអាចស្តុកទឹកបាន៦០លានម៉ែត្រគូប និងអាចយកទឹកពីកំពង់ស្ពឺជួយដល់ខេត្តតាកែវ នៅទន្លបាទី ព្រមទាំងបង្កើតត្រពាំងធំៗដូចជានៅខេត្តព្រៃវែង និងស្វាយរៀង ដែលមិនធ្លាប់មានពីមុនមក ។ នេះបើយោងតាមលោក ចាន់ យុត្ថា ។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានឲ្យដឹងថា ភាពរាំងស្ងួតបានអូសបន្លាយ វាពិតជាប៉ះពាល់ការបង្កបង្កើនស្រូវ គួបផ្សំនឹងប្រទេសយើងមិនមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ។ តែវាក៏មិនទាន់ហួសពេលដែរ គឺនៅមានឱកាសធ្វើស្រូវព្រោះរដូវវស្សាមិនទាន់ចប់នៅឡើយ ពិសេសនៅសល់ចុងខែកញ្ញា និងដើមខែតុលា ។ លោកថា អាកាសធាតុក្នុងឆ្នាំនេះមានសភាពយឺតយ៉ាវ ដូច្នេះកសិកគួរតែត្រៀមខ្លួននៅចុងរដូវ និងត្រៀមខ្លួនធ្វើដំណាំផ្សេងៗនៅដើម និងចុងរដូវប្រាំង ។ លោកបន្តទៀតថា យើងមិនគួរឲ្យស្ថានភាពនេះបន្តកើតឡើងរាល់ឆ្នាំទេ យើងត្រូវអភិវឌ្ឍន៍យុទ្ធសាស្ត្រឲ្យកសិករមានទឹកធ្វើស្រែ ។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ និយាយថា ភាពរាំងស្ងួតនេះអាចប៉ះពាល់ ព្រោះប្រជាជនភាគច្រើនមិនមានពូជបម្រុង ។ លោកលើកឡើងថា « ឥឡូវមានភ្លៀងធ្លាក់ ប្រសិនជារាជរដ្ឋាភិបាលមានពូជចែកជូនកសិករ និងកសិករមានពូជបម្រុងសម្រាប់ដាំដុះ វានឹងមិនសូវប៉ះពាល់សេដ្ឋកិច្ច ពិសេសទិន្នផលស្រូវ ។ បរិមាណសរុបអាចថយ ទិន្នផលអាចនៅដដែល វាមិនប៉ះពាល់ដល់សន្តិសុខស្បៀងទេ » ។
តាមរបាយការណ៍ប្រចាំឆ្នាំពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទិន្នផលស្រូវកាលពីឆ្នាំ២០១៤ បានថយចុះ២,៦៧ភាគរយពី៣,១តោនក្នុងមួយហិកតាកាលពីឆ្នាំ២០១៣ មកនៅត្រឹម ៣,០៧តោនក្នុងមួយហិកតា ដែលធ្វើការប្រមូលផលស្រូវសរុបបាន៩,៣២លានតោន ថយចុះ០,៧ភាគរយ ធៀបនឹង៩៣៨លានតោន កាលពីឆ្នាំ២០១៣ ។
លោកចន្ធី លើកឡើងថា ក្នុងឆ្នាំនេះ ដោយសារមានភាពរអាក់រអ៊ួលនឹងអាកាសធាតុ តម្លៃស្រូវអាចឡើងថ្លៃ តែបើខាងរៀតណាម និង ថៃ ប្រមូលទិញលឿនជាង ហើយវិស័យឯកជនមិនមានដើមទុន និងឃ្លាំងទុកគ្រប់គ្រាន់ វានឹងធ្វើឲ្យប៉ះពាល់ការនាំចេញដែរ ៕
ចែករំលែកព័តមាននេះ