ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរ​កម្ពុជា​ចាប់ផ្តើម​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​នាវា

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កំណើន​ភ្ញៀវ​ទេសចរ​តាម​នាវា​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៥​នេះ កើនឡើង​ជាង​២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​មន្ទី​រទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព កាលពី​ស​ប្តា​ហ៍​មុន ថា ក្នុង​កំឡុង​៧​ខែ​ឆ្នាំ​២០១៥​នេះ មាន​កប៉ាល់​ទេសចរណ៍​បរទេស​ចំនួន​២៦​បាន​សំចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ និង​មាន​ផ្ទុក​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​២៣.៣០៩​នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន មាន​ប្រមាណ​តែ​១៨.១៣៣​នាក់​ប៉ុណ្ណោះ គឺ​កើនឡើង​២៣​ភាគរយ។

លោក នូ សុផល មាន​ប្រសាសន៍​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ តាម​នាវា​ភាគច្រើន​មក​ពី​អា​មេ​រិ​ក អូ​សេ​អា​នី អង់​គេ្ល​ស អូស្ត្រាលី កា​ណា​ដា នូ​វែ​ល​សេ​ឡង់ ស្វ៊ី​ស អា​ល្លឺ​ម៉​ង់ និង​បារាំង ហើយ​ពួក​គេ​បាន​ចំណាយពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​លំហែកាយ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ មុន​នឹង​បន្តដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ត​ថា​ជា​មធ្យម​មាន​កប៉ាល​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន​៣​គ្រឿងក្នុង​១​ខែ​បាន​ចូល​សំចត​នៅ​កំពង់​ផែ ហើយ​កំណើន​ភ្ញៀវ​ទេសចរ​តាម​នាវា​នេះ លោក​យល់​ឃើញ​ថា ដោយសារ​តែ​ខេត្ត​ព្រះ​សីហ​នុ​ជា​គោលដៅ​ថ្មី​សម្រាប់​អ្នកទេសចរ​តាម​នាវា ។

លោក​នូ សុផល បន្ដ​ថា ៖ «​ក្រុម​ភ្ញៀវ​ទេសចរ​តាម​នាវា​ទាំង​អស់នោះ​ចាប់អារម្មណ៍​លើ​វប្បធម៌​ប្រពៃណី​ខ្មែរ ឆ្នេរសមុទ្រ ភាពរ​ស់រាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ រួម​ជាមួយនឹង​សេវាកម្ម​ផ្សេង​ៗ​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​សន្តិសុខ សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ត្រូវ​បានការ​ពារ​យ៉ាង​ហ្មត់ចត់ » ។

លោក អាង គឹ​ម​អៀង ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​ថា កំណើន​នៃ​ភ្ញៀវ​ទេសចរ​ពី​អឺរ៉ុប​តាម​នាវា​មក​កម្ពុជា គឺ​ដោយសារ​តែ​ពួក​គេ​ស្គាល់​ពី​កំពង់​ផែ​របស់​ខេត្ត​ព្រះ​សីហ​នុ និយាយ​ជា​រួម​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ជា​គោលដៅ​ទាក់ទាញ ដែល​នាវា​ទេសចរណ៍​មិន​អាច​រំលង​បាន ។

លោក គឹ​ម​អៀង បន្ដ​ថា ៖ « ខ្ញុំ​យល់​ថា វា​មានការ​កើនឡើង ប៉ុន្តែ​[​ក្រសួងទេសចរណ៍​] ក៏​ដូច​ជា​ផ្នែក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ត្រូវ​ចូលរួម​ឃោសនា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តាម​នាវា​មក​បន្ថែម​ទៀត ។ មួយវិញទៀត​ខាង​មន្ទីរ​ទេសចរណ៍ ត្រូវ​ចូលរួម​សម្រួល​ដល់​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​ទាំង​អស់នោះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ មាន​នាវា​ដឹក​ភ្ញៀវ​ទេសចរ​មួយ​ឈ្មោះ​ថា Dawn Princess ដែល​ផ្ទុក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជា​២.០០០​នាក់ បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយ​ចំណាយពេល​មួយ​ថ្ងៃ មុន​នឹង​នាវា​ធំ​មួយ​នេះ​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ ។

តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ក្នុង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវ​ទេសចរ​សរុប​៨,៨​សែន​នាក់ កើនឡើង​១៥,៨៧​ភាគរយ ដែល​បាន​មក​ទស្សនា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ៦,៦​សែន​នាក់ កើនឡើង​១៨,៧៣​ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ចំនួន​២,១​សែន​នាក់ ដែល​មាន​កំណើន​៧,៨​ភាគរយ ៕