ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្រង​ជនបរទេស ចំនួន​ជនអន្តោប្រវេសន៍​បាន​កើនឡើង​បន្តបន្ទាប់​ពី​1​ឆ្នាំទៅ​1​ឆ្នាំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍​សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា ការ​ធ្វើ​ជំរឿន​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើង​ចំនួន​៣​ដង​មក​ហើយ និង​បង្ហាញ​ថា

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍​សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា ការ​ធ្វើ​ជំរឿន​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើង​ចំនួន​៣​ដង​មក​ហើយ និង​បង្ហាញ​ថា ជនបរទេស​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០០២ តួលេខ​ជនបរទេស​មាន​ចំនួន​ជាង​៧​ម៉ឺន​នាក់ ឆ្នាំ​២០១០​ឡើង​ជាង​១០​ម៉ឺន​នាក់ និង​ឆ្នាំ​២០១៤​កើន​ដល់​ប្រមាណ​១៦​ម៉ឺន​នាក់​ដែល​ក្រសួងមហាផ្ទៃ​រក​ឃើញ​ជនអន្តោប្រវេសន៍មិន​ទាន់​បាន​បំពេញ​សំណុំ​បែបបទ​ត្រឹមត្រូវ​តាម​ច្បាប់ ក្នុង​នោះ​មាន​២១​ជនជាតិ ភាគច្រើន​ជា​ជនជាតិ​វៀតណាម ។

លោកនាយ​ឧត្តមសេនីយ៍​សុខ ផល ឲ្យ​ដឹង​បែប​នេះ​ក្នុង​ពេល​លោក​អញ្ជើញ​ជា​អធិបតី ជាមួយ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សមាសភាព​គណៈកម្មការ​ជំរឿន និង​ការ​រៀបចំ​ក្រុមការងារ​ចម្រុះ​អនុវត្ត​ការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១០ សីហា ២០១៥ ។ ពិធី​នោះ​មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ជា ច្រើន​រូប​ទៀត ។

លោកនាយ​ឧត្តមសេនីយ៍​សុខ ផល បញ្ជាក់​ថា តួលេខ​នៃ​ការ​ធ្វើ​ជំរឿន​នេះ គឺ​បាន​តែ ៧០%​ប៉ុណ្ណោះ ហើយ​មិន​ទាន់​គិត​ពី​ជនបរទេស​អន្តោប្រវេសន៍​ដែល​ចូល​មក​ស្របច្បាប់​ទេ ។ ចំណែក​ជនបរទេស​អន្តោប្រវេសន៍​ស្របច្បាប់​សម្រាប់​ឆ្នាំ​២០១៥​នេះ មាន​ជាង​២​លាន​នាក់ ក្នុង​នោះ​មាន​ជា​អង្គទូត NGO អ្នកទេសចរ អ្នក​សាសនា ពាណិជ្ជករ និង​អ្នក​វិនិយោគទុន​ជាដើម ។ ដោយឡែក​អ្នកទេសចរ​មាន​ជាង​២​លាន​នាក់ ហើយពី​ដើមខែ​កក្កដា ដល់​ខែធ្នូ​នឹង​អាច​កើន​ដល់​៥​លាន​នាក់ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​រំឭក​ថា «​តាម​ពិត​ច្បាប់​អន្តោប្រវេសន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​រហូត​មក​ដល់​ពេល​នេះ បាន​ចេញ​ចំនួន​២​លើក​ហើយ គឺ​លើក​ទី​១ បាន​ចេញ​កាលពី​ឆ្នាំ​១៩៥៦ ក្រោយ​ទទួល​បាន​ឯករាជ្យ​កាល​ឆ្នាំ​១៩៥៣ ដែល​មាន​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ លោក​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​នៅ​ជំនាន់​នោះ​ភ្នំពេញ​មាន​មនុស្ស​រស់នៅ​តែ​ជាង​១១​ម៉ឺន​នាក់​ទេ ចំណែកឯ​ជនបរទេស​អន្តោប្រវេសន៍​មាន​ជាង​៥០% ក្នុង​នោះ​ជនជាតិ​វៀតណាម​ច្រើន​ជាង  គេ ។ ក្រោយមក​នៅ​ឆ្នាំ​១៩៩៤ ច្បាប់​អន្តោប្រវេសន៍​បាន​ចេញ​ជា​រូបរាង​ជា​លើក​ទី​២ ដែល​ត្រូវ​អនុវត្ត​រហូត​មក​ដល់​ពេល​នេះ តែ​ទោះជា​យ៉ាងណា​ក្តី​ច្បាប់​នេះ​នៅ​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​» ។

នាយ​ឧត្តមសេនីយ៍​សុខ ផល បាន​លើក​ឡើង​ថា​ជនអន្តោប្រវេសន៍​បាន​ចុះបញ្ជី​តាំងពី​សម័យ​អាណានិគម តែ​ក្រោយមក​ឆ្លងកាត់​ពី​របប​មួយ​ទៅ​របប​មួយ ជនអន្តោប្រវេសន៍​ទាំងនោះ​បាន​ចាកចេញ​ដោយសារ​ភ័យ​ខ្លាច​ពី​ការ​កាប់សម្លាប់់​។ ក្រោយ​ឆ្នាំ​១៩៧៩ ពួក​ទាំងនោះ​បាន​ត្រឡប់​មក​វិញ ហើយ​សមត្ថកិច្ច​ប្រមូល​ឲ្យ​ចុះបញ្ជី និង​ធ្វើ​ប័ណ្ណ​អន្តោប្រវេសន៍​ស្នាក់​នៅ​ស្របច្បាប់ ។ ការងារ​នេះ​កំពុង​តែ​ធ្វើ​រាល់ថ្ងៃ​បាន​ជាង​២​ម៉ឺន​នាក់​ហើយ​ៗ​នឹង​ខិតខំ​ធ្វើ​បន្ត​ទៅ​ទៀត ជា​ពិសេស នឹង​ធ្វើ​ឈី​ប​សម្រាប់​១​គ្រួសារ​មួយ ដើម្បី​ងាយ ស្រួល​គ្រប់គ្រង ។ ការងារ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ។

លោក​ឧត្តមសេនីយ៍​សុខ ផល បាន​អំ ពា​វនា​វ​ដល់​អាជ្ញាធរ​ភូមិ សង្កាត់ នគរបាល​ប៉ុស្តិ៍​ថា​«​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ និង​ដាច់ខាត​ចំពោះ​ការ​ចេញ​លិខិត​ស្នាម​ទទួលស្គាល់​ជន បរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ហើយ​បើ​អស់លោក​មិន​ភ្ញាក់រឭក នៅ​តែ​ចេញ​លិខិត​ទទួលស្គាល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទៀត​នោះ វា​នឹង​បង្ក​ផល​លំបាក​ដល់​ជាតិ​ដល់​កូនចៅ​យើង​ជា​ច្រើន​ជំនាន់​ទៀត​»​។

ក្នុង​ឱកាស​នោះ​លោកប៉ា សុ​ជាតិ​វង្ស អភិ បាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា បញ្ហា ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ជា​បញ្ហា​រសើប​មួយ និង​មិន​អាច​មើល​ស្រាល​បាន​ទេ ដែល​កន្លង​មក​មាន​បក្សនយោបាយ​ខ្លះ​ឆ្លៀត​ប្រើប្រាស់​បញ្ហា​នេះ​ទាញ​យក​ប្រជាប្រិយភាព​ធ្វើ​អាជីវកម្ម​នយោបាយ ជា​ពិសេស​នៅ​ភ្នំពេញ​។​កិច្ចប្រជុំ​នេះ​ដើម្បី​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់​អំពី​លទ្ធផល និង​ការងារ​កន្លង​មក ។

លោក​អភិបាល​រាជធានី​ទទួលស្គាល់​ថា​«​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​របស់​អាជ្ញាធរ​យើង​នៅ​ធូររលុង​ណាស់ ទាំង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ  លិខិតអត្រានុកូលដ្ឋាន​ជាដើម ។ កិច្ចប្រជុំ​ពេល​នេះ​មាន​បំណង​ផ្សព្វផ្សាយ​ច្បាប់​អន្តោប្រវេសន៍​ផង និង​ក្រើនរំឭក​ដល់​អាជ្ញាធរ​ផង ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់​ឲ្យ​បាន​ខ្លាំងក្លា ក្នុង​ស្មារតី​ជាតិ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​អាជ្ញាធរ​របស់​យើង ជា​ពិសេស​ភូមិ សង្កាត់ នគរបាល​ប៉ុស្តិ៍ ដែល​ជា​អ្នក​នៅ​ជាប់​ក្នុង​មូលដ្ឋាន​ជាមួយ​ប្រជាពលរដ្ឋ​»​។

លោក​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផែនការ​ចុះ​រៀបចំ និង​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ខែមករា រហូត​ដល់​ខែកក្កដា ២០១៥​មាន​ចំនួន​២៧១​គោលដៅ ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​បាន​ចំនួន​១.៨៦៦​នាក់ ប្រុស​១.៤២១​នាក់ មាន​៤២​សញ្ជាតិ ។

ការងារ​កន្លង​មក​មានការ​ប្រឈម​ដូច​ជា មន្ត្រី​របស់​មានការ​យល់​ដឹង​តិច​ចំពោះ​ការ​អនុវត្ត​នីតិវិធី​ច្បាប់​អន្តោប្រវេសន៍​; កម្លាំង​តាម​កា​រិ​យា ល័យ​ជំនាញ​មានការ​ខ្វះខាត​; សមត្ថកិច្ច​មូលដ្ឋាន​មួយ​ចំនួន​តូច​ឃុបឃិត​គ្នា​ចេញ​ឯកសារ ផ្សេង​ៗ សម្រាប់​សំគាល់​អត្តសញ្ញាណ​ខ្មែរ និង​កែ​ឈ្មោះ​មក​ជា​ខ្មែរ ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ជា​ពិសេស​នគរបាល​មណ្ឌល​មាន​ភារកិច្ច​ច្រើន​ដែល​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​មិន​បាន​គ្រប់​ជ្រុងជ្រោយ ៕