ខេត្តព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឡោមព័ទ្ធ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យជាមេខ្លោងក្រុមចោរប្លន់អាជីវករលក់មាស-ដូរលុយនៅផ្សារចិន ក្រុងព្រះសីហនុ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ សីហា ២០១៥ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះជាលទ្ធផលគឺ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ណាំ វ៉ន ហៅ អួង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ ជាមេខ្លោងនៃអំពើប្លន់អាជីវករលក់មាស-ដូរលុយនៅផ្សារចិន ក្រុងព្រះសីហនុកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៤ មិថុនា ២០១៥ កន្លងទៅនេះ និងអំពើលួច-ប្លន់ជាច្រើនករណីទៀតនៅខេត្តព្រះសីហនុ និងបណ្តាខេត្តក្បែរៗនេះ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនធំដែលសង្ស័យពាក់ព័ន្ធនឹងអំពើចោរកម្មផងដែរ ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្តធ្វើការសាកសួរ និងស្រាវជ្រាវបន្តដើម្បីចាប់បក្ខពួកបន្ថែមទៀត ។
ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយ និងនៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ