ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឱ្យ​បញ្ឈប់​គម្រោង​បារ​អាកាស​លើក​ដំបូង​នៅ​រោង​ភាពយន្ត​ផ្លា​ទី​នៀម

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា បាន​សម្រេច​បញ្ឈប់​គម្រោង​អាជីវកម្ម​បារ​អាកាស ឬ​ហៅ​ថា​ស្កា​យ​បារ លើក​ដំបូង​នៅ​អគារ​រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា អាជីវកម្ម​ទាំងអស់​នៅ​ក្នុង​អគារ​ដ៏​ធំ​នោះ​ពុំ​មានច្បាប់​អនុញ្ញាត

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា បាន​សម្រេច​បញ្ឈប់​គម្រោង​អាជីវកម្ម​បារ​អាកាស ឬ​ហៅ​ថា​ស្កា​យ​បារ លើក​ដំបូង​នៅ​អគារ​រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា អាជីវកម្ម​ទាំងអស់​នៅ​ក្នុង​អគារ​ដ៏​ធំ​នោះ​ពុំ​មានច្បាប់​អនុញ្ញាត ។

សូម​បញ្ជាក់​ថា រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប ដែល​ត្រៀម​បន្តុប​អាជីវកម្ម​ស្កា​យ​បារ​នៅ​លើដំបូល​នោះ​មា​នទី​តាំងនៅ​តាម​បណ្តោយ​វិ​ថី​ស៊ី​វុ​ត្ថិ​ជាប់​នឹង​រង្វង់​មូល​ផ្សារ​ចាស់ ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ជា​ដី​អតីត​មន្ទីរ​សង្គមកិច្ច​ខេត្ត ។

អភិបាលក្រុង​សៀមរាប លោក សូ ប្លា​តុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា នៅ​គ្រា​ដឹកនាំ​មន្ត្រី​ចម្រុះ​រួម​មាន​មន្ទីរ​បរិស្ថាន មន្ទីរ​ទេសចរណ៍ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ត្រួតពិនិត្យ​អាជីវកម្ម​ក្នុង​អគារ​ភាពយន្ត​ផ្លា​ទី​នៀម​ខាងលើ​បាន​ថ្លែង​ថា យើង​បាន​បញ្ឈប់​ទាំងស្រុង​ចំពោះ​គម្រោង​អាជីវកម្ម ដែល​មាន​លក្ខណៈ​ជា​ស្កា​យ​បារ ឬ​បារ​អាកាស ដែល​កំពុង​រៀបចំ​នៅ​លើ​ដំបូង​អគារ​រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប​ខាងលើ​នោះ​ហើយ និង​តម្រូវ​ឲ្យ​រុះរើ​ចេញ​រាល់​សំណង់​សង់​បន្ថែម រួម​មាន​គ្រោង​ដែក​ដំបូល ។

លោក​បាន​បន្ថែម​ថា ក្រៅពី​បញ្ឈប់​គម្រោង​បារ​អាកាស​ហ្នឹង​រួច​ហើយ ក្រុម​កម្លាំង​ចម្រុះ​ក៏​កំពុង​ត្រួតពិនិត្យ​ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន គឺ​បរិស្ថាន​ពិនិត្យ​ទៅ​លើ​បញ្ហា​សំឡេង រីឯ​ទេសចរណ៍​ពិនិត្យ​ទៅ​លើ​ទីតាំង ព្រោះ​អគារ​ហ្នឹង​បាន​លើក​ស្លាក​ឈ្មោះ​ថា​ជា​រោង​ភាពយន្ត តែ​តាម​ពិត​នៅ​ក្នុង​អគារ​នោះ​មាន​អាជីវកម្ម​ជា​ច្រើន​ទៀត តួយ៉ាង​ដូច​ជា​ហាង​នំ និង​ក្រុមហ៊ុន​ទូរ​សព្ទ័​ជាដើម ក៏​ប៉ុន្តែ​ពុំ​មានច្បាប់​អ្វី្វ​ទាំងអស់ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា តាម​ច្បាប់​ឬ​តាម​ប្រកាស​របស់​ក្រសួងទេសចរណ៍ ស្តី​ពី​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​ចាស់ ត្រូវ​ស្ថិត​នៅ​ចម្ងាយ​យ៉ាងតិច​២០០​ម៉ែត្រ​ពី​អគារ​សាធារណៈ ដូច​ជា​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម​ជាដើម ដូច្នេះ​បើ​ពិនិត្យ​ឃើញ​ទីតាំង​ខាងលើ​នេះ​មាន​ផល​ប៉ះពាល់​មែន​យើង​មិន​ចេញ​ច្បាប់​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​ដាច់ខាត ។

ទោះជា​យ៉ាងនេះ​ក្តី ពេញ​មួយ​រសៀល​ថ្ងៃ​ដដែល​នេះ គេ​មិន​អាច​ទាក់ទង​ប្រធាន​រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប លោក គិត វាសនា បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ។

សូម​រំលឹក​ថា រោង​ភាពយន្ត​ផ្លា​ទី​នៀម បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​តាំងពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៥ ដែល​ក្នុង​អគារ​ដ៏​ធំ​នោះ​មាន​បម្រើសេវា​នំដុត និង​ក្រុមហ៊ុនទូរស័ព្ទ​ផង​ដែរ ៕