ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគគីរបានធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើហិង្សាវាយប្រពន្ធរបស់ខ្លួនរហូតសន្លប់ស្តូកស្តឹងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ កក្កដា ២០១៥ នៅផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បុរសសង្ស័យជាប្តីមានឈ្មោះ ង៉ាន ស៊ុន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយស្ត្រីរងគ្រោះ រីឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ផាត់ ធឿន អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកើតហេតុ បុរសជាប្តីឈ្មោះ ង៉ាន់ ស៊ុន មកពីធ្វើការដល់ផ្ទះមិនឃើញប្រពន្ធនៅផ្ទះក៏ស្រែកជេរ ឡូឡាពេញផ្ទះ ខណៈពេលនោះស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ផាត់ ធឿន នៅអង្គុយលេងផ្ទះអ្នកជិតខាង ពេលឮប្តីឡូឡាក៏រត់មកផ្ទះអង្គុយលាងចានដោយមិនបានការតបតអ្វីទាំងអស់ ។ ពេលស្ត្រីជាប្រពន្ធកំពុងអង្គុយលាងចាន បុរសជាប្តីបានយកធុងស្ប៉េត្រូវាយទៅលើក្បាលប្រពន្ធ ភ្លាមៗនោះក៏មានការប្រតាយប្រតប់គ្នាមួយប្រាវ ធ្វើឱ្យស្ត្រីជាប្រពន្ធដួលសន្លប់ស្តូកស្តឹងនៅលើដីតែម្តង ។ ភ្លាមៗនោះម្តាយស្ត្រីរងគ្រោះក៏បានមកប្តឹងនគរបាលប៉ុស្តិ៍ ហើយកម្លាំងនគរបាលក៏ចុះទៅឃាត់ខ្លួនបុរសជាប្តីយកមកប៉ុស្តិ៍ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ