រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីពលករចំនួន១៨នាក់ ប្តឹងពីបទជួញដូរមនុស្សទៅធ្វើការប្រទេសចិនដោយខុសច្បាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ កក្កដា នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពលករដែលត្រូវចេញទៅធ្វើការនៅប្រទេសចិនបានឲ្យដឹងថា ពលករទាំងអស់មកពីឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានគ្នា២០នាក់សុទ្ធតែប្រុស បានចាញ់បោកមេខ្យល់ដែលជាជនជាតិចិន និងអ្នកបកប្រែភាសាចិនដែលធានាអះអាងនាំពលករទៅធ្វើការរោងចក្រនៅប្រទេសចិនថា នឹងទទួលបានប្រាក់ខែគោលចំនួន៣៥០ដុល្លារ ក្នុងមួយខែ ហើយសរុបទាំងធ្វើការថែមម៉ោងអាចទទួលបានពី១០០០ទៅ២០០០ដុល្លារ ក្នុងនោះជនជាតិចិនជាអ្នកចេញថ្លៃសំបុត្រយន្តហោះ និងចំណាយការស្នាក់នៅ និងហូបចុកទាំងអស់ ដោយពលករចេញប្រាក់អស់តែ១០ដុល្លារទេក្នុងម្នាក់សម្រាប់ទៅពិនិត្យឈាមមុននឹង ចាកចេញដំណើរទៅ ។
លុះដល់ថ្ងៃត្រូវចេញដំណើរនៅវេលាម៉ោង១២អធ្រាត្រថ្ងៃទី២៩ កក្កដា មានពលករ២នាក់ហាក់ដូចជាមានការសង្ស័យថា ត្រូវចាញ់បោកជនជាតិចិន ពួកគាត់បានប្រាប់ជនជាតិចិនថាអត់ព្រមទៅធ្វើការទេ ត្រូវបានជនជាតិចិនតម្រូវឲ្យពលករម្នាក់សងសំណងចំនួន៧០០ដុល្លារ ពលករយល់ព្រមសង តែមិនទាន់បានសងទេ ។
ប្រភពដដែលបន្តទៀតថា ខណៈពេលជនជាតិចិន៣នាក់ និងពលករ១៨នាក់ ព្រមទាំងអ្នកបកប្រែដែលជាមេខ្យល់បាននាំពលករចូលទៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង៨យប់ ពេលដែលចូលដល់កន្លែងCheck In សំបុត្រយន្តហោះ ស្រាប់តែជនជាតិចិនម្នាក់បានចូលទៅក្នុងយន្តហោះហើយ ចំណែកលិខិតឆ្លងដែនរបស់ពលករទៅប្រទេសចិនក្នុងនាមជាភ្ញៀវទេសចរមានសុពលភាពរយៈពេលតែ១០ថ្ងៃ និងមានតែទៅ មិនមានត្រឡប់មកវិញទេ គេមានការសង្ស័យក៏ធ្វើការសាកសួរទើបពលករដឹងថា ចាញ់បោកជនជាតិចិនជួញដូរមនុស្សទៅធ្វើការនៅប្រទេសចិនដោយខុសច្បាប់ក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនជនជាតិចិនជាមេខ្លោងបានម្នាក់ ចំណែកជនជាតិចិន២នាក់ទៀតបានរត់គេចខ្លួន ។
ជនជាតិចិនម្នាក់ដែលជាមេខ្លោងត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ