ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីឃើញមនុស្ស២នាក់ដែលគេស្គាល់ថា ជាម្ដាយ និងកូនប្រុស បានជិះរថយន្តស៊េរីទំនើប១គ្រឿងទៅឈប់ក្នុងចំណោមទីប្រជុំជន រួចចុះទៅស្រែកជំទាលជេរប្រមាថយ៉ាងចាស់ដៃទៅលើស្ត្រីម្នាក់ដែលកំពុងអង្គុយលក់ត្រីលើចិញ្ចើមផ្លូវក្បែរផ្សារណាត់ ក្នុងក្រុងបាត់ដំបង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២១ កក្កដា ២០១៥ ដែលមានការខ្សិបខ្សៀវតៗគ្នាថា ផ្ដើមចេញពីរឿង «អ្នកមានជំពាក់ប្រាក់អ្នកក្រ» ដោយសាររឿងល្បែងស៊ីសងហើយមិនព្រមសង ។
ប្រភពពីសមត្ថកិច្ចថា ករណីជេរប្រមាថនេះបង្កឡើងដោយស្ត្រីឈ្មោះ ម៉ៅ មុំ អាយុ៥៤ឆ្នាំ និងកូនប្រុសម្នាក់ឈ្មោះ វ៉ង គឹមហាប់ អាយុ២៨ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ជិះរថយន្តម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9989 ។ រីឯស្ត្រីដែលរងការជេរប្រមាថនោះឈ្មោះ ភី ផូ អាយុ៤៥ឆ្នាំ មានមុខរបរលក់ត្រីនៅផ្សារណាត់ និងរស់នៅក្នុងភូមិ-សង្កាត់ជាមួយស្ត្រីខាងលើដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ការជេរប្រមាថនៅក្នុងចំណោមហ្វូងមនុស្សផ្អើលពេញផ្សារនេះ គឺផ្ដើមចេញពីភាគីអ្នកមានជិះរថយន្តទំនើបជំពាក់ប្រាក់ស្ត្រីអ្នកលក់ត្រីចំនួន២៥០០ដុល្លារក្នុងរឿងល្បែងស៊ីសង ។ សំណុំរឿងនេះបានប្ដឹងផ្ដល់គ្នា និងដោះស្រាយបញ្ចប់នៅស្នងការដ្ឋាននគរបាលខេត្តរួចហើយ តែមិនដឹងយ៉ាងម៉េចបានជាភាគីឈ្មោះ ម៉ៅ មុំ ដែលជាអ្នកជំពាក់ប្រាក់គេ នាំកូនប្រុសជិះរថយន្តមកតាមជេរប្រមាថអ្នកលក់ត្រីដល់ផ្សារទៀត បង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ពេញផ្លូវតែម្ដង ។
សូមបញ្ជាក់ថា បើតាមការបំភ្លឺពីមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ស្ត្រីឈ្មោះ ម៉ៅ មុំ និងស្ត្រីឈ្មោះ ភី ផូ លក់ត្រីនេះជាមនុស្សស្គាល់គ្នាជិតស្និត ហើយញៀនល្បែងស៊ីសងដូចគ្នា ។ ប៉ុន្តែការចូលដៃគ្នាប្រព្រឹត្តល្បែងនេះស្ត្រីឈ្មោះ មុំ មិនបានចេញមុខទេ ព្រោះខ្លាចប្ដី និងកូនដឹង ។ ស្ត្រីឈ្មោះ មុំ តែងតែចំណាយលុយលេងល្បែងតាមរយៈស្ត្រីឈ្មោះ ភី ផូ ហើយពេលចាក់ ឬភ្នាល់ឈ្នះម្ដងៗ ស្ត្រីឈ្មោះ មុំ នេះបានទៅបើកប្រាក់ភ្លាមៗពីឈ្មោះ ផូ ដោយមិនទុកយូរឡើយ ។ លុះក្រោយមកស្រាប់តែឈ្មោះ ម៉ៅ មុំ នេះលេងចាញ់អស់ប្រាក់២៥០០ដុល្លារ បែរជាប្រើល្បិចមិនព្រមសងលុយ ក៏ផ្ទុះជម្លោះបែកផ្សែងលេចឮដល់ក្រុមគ្រួសារ រហូតប្ដឹងផ្ដល់គ្នាទៅសមត្ថកិច្ចទៀតផង ។ ប៉ុន្តែបែរជាកូនប្រុសរបស់ឈ្មោះ ម៉ៅ មុំ ដែលជំពាក់ប្រាក់គេ ជាអ្នកប្ដឹងស្ត្រីលក់ត្រីទៅវិញពីបទ «នាំម្ដាយគេទៅលេងល្បែង» ។
ជុំវិញករណីនេះអ្នកលក់ឈ្មោះ ភី ផូ បានបញ្ជាក់ថា ឈ្មោះ ម៉ៅ មុំ ពិតជាជំពាក់ប្រាក់មេល្បែងមែន ដោយសារលេងចាញ់ តែបែរជាកូនប្រុសស្ត្រីឈ្មោះ មុំ នេះប្ដឹងចោទប្រកាន់អ្នកស្រីថា បាននាំម្ដាយគេលេងល្បែងរហូតជំពាក់ប្រាក់គេបែបនេះ ? អ្នកស្រីនិយាយថា នៅព្រឹកថ្ងៃទី២០ កក្កដា សមត្ថកិច្ចបានកោះហៅអ្នកស្រី និងឈ្មោះ ម៉ៅ មុំ ទៅសម្របសម្រូលគ្នា ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ការសម្រូលនៅចំពោះមុខសមត្ថកិច្ចនោះ គឺឈ្មោះ ម៉ៅ មុំ បានព្រមទទួលកំហុស ថែមទាំងសុំសងប្រាក់៣០០ដុល្លារសិន ហើយអ្នកស្រីក៏មិនជំទាស់ដែរ ដើម្បីបញ្ចប់រឿង ។
អ្នកស្រី ភី ផូ បានប្រាប់ថា ក្រោយពីព្រមព្រៀងគ្នា សមត្ថកិច្ចបានធ្វើកិច្ចសន្យាឲ្យភាគីទាំងពីរផ្ដិតមេដៃ ដែលមានលក្ខខណ្ឌ៣ចំណុចត្រូវអនុវត្ត គឺទី១-មិនត្រូវដើរបរិហារកេរ្តិ៍គ្នា ទី២-ភាគីទាំង២មិនត្រូវបង្កឲ្យមានរឿងជាលើកទី២ និងទី៣-មិនត្រូវប្រើគំនិតទុច្ចរិត ឬរូបភាពផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ភាគីណាមួយ ។ ប៉ុន្តែទើបបញ្ចប់រឿងបាន១ថ្ងៃ ស្រាប់តែព្រឹកឡើងស្ត្រីឈ្មោះ ម៉ៅ មុំ និងកូនប្រុសជិះឡានមកជេរប្រមាថកប់ៗមាត់ ធ្វើឲ្យអ្នកស្រីខ្មាស់គេទាំងព្រឹកតែម្ដង ។
សកម្មភាពជេរប្រមាថយ៉ាងចាស់ដៃពីសំណាក់ស្ត្រីឈ្មោះ ម៉ៅ មុំ និងកូនប្រុស ទៅលើស្ត្រីលក់ត្រីឈ្មោះ ភី ផូ កណ្ដាលទីប្រជុំជននោះ គេឃើញមនុស្សជាច្រើនបានចោមរោមមើល បង្កឲ្យមានការកកស្ទះចរាចរណ៍ អំពល់ទុក្ខដល់សមត្ថកិច្ចសណ្ដាប់ធ្លាប់ ប្រឹងផ្លុំកញ្ចែរបំបែកហ្វូងមនុស្សស្ទើរអស់ខ្យល់ ។ រីឯក្រុមអ្នកកាសែតក៏សកម្មណាស់ដែរ ក្នុងការតាមប្រមាញ់សកម្មភាពជេរប្រមាថក្នុងរឿង «អ្នកមានជំពាក់ប្រាក់អ្នកក្រ» ដោយសារតែល្បែងស៊ីសងជំពាក់ប្រាក់មិនសងនេះ ។ ការផ្ដិតរូបភាពនៅកន្លែងកើតហេតុមិនគ្រប់គ្រាន់ ក្រុមអ្នកកាសែតមួយចំនួនបានតាមប្រមាញ់រូបភាពស្ត្រីបង្កហេតុនេះដល់ផ្ទះទៀត រហូតមានការតឹងសរសៃ.កដាក់គ្នាមួយប្រាវរវាងអ្នកកាសែត និងគ្រួសារស្ត្រីឈ្មោះ ម៉ៅ មុំ ដោយចោទអ្នកកាសែតថា បានគំរាមពួកគេ លុះសមត្ថកិច្ចមកអន្តរាគមន៍ទើបស្ថានការស្ងប់ស្ងាត់វិញ ក្រោមការចោមរោមពីមហាជន ។
ជាមួយនឹងសកម្មភាពជម្លោះបែកផ្សែងរវាងភាគីជម្លោះខាងលើ បន្ទាប់ពីជេប្រមាថកប់ៗមាត់ទៅលើស្ត្រីលក់ត្រី គេឮភាគីស្ត្រីឈ្មោះ ម៉ៅ មុំ បានស្រែកផ្ដាំផ្ញើជាចុងក្រោយថា «អញនឹងមកជេរឯងដល់កន្លែងលក់ទៀតនៅថ្ងៃស្អែក»។ ប៉ុន្តែស្ត្រីលក់ត្រីនោះបាននិយាយថា គាត់នឹងទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះជាថ្មី ព្រោះឈ្មោះ ម៉ៅ មុំ នេះមិនបានគោរពលក្ខខណ្ឌក្នុងកិច្ចសន្យា ដែលរៀបចំឡើងដោយសមត្ថកិច្ចនោះទេ ៕
ចែករំលែកព័តមាននេះ