ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៥ នៅទីកន្លែងផ្សេងៗគ្នា ក្នុងស្រុកកំពង់ត្រឡាច ខណៈជនសង្ស័យទាំងនោះកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបានឱ្យដឹងថា នៅវេលាម៉ោង១១ និង១០នាទីព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅចំណុចក្រោយវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ដោយដកហូតបានវត្ថុតាងសម្ភារ និងថ្នាំញៀនមួយកូនថង់តូច ។ ជនសង្ស័យទាំង៤នាក់មាន ១-ឈ្មោះ លី ណារ៉ូ អាយុ១៤ឆ្នាំ ២-ឈ្មោះ សួស សុវនាថ អាយុ១៦ឆ្នាំ ៣-ឈ្មោះ អឿន ប៊ុនធឿន អាយុ១៤ឆ្នាំ និង៤-ឈ្មោះ វ៉ា ភារុន អាយុ១៥ឆ្នាំ ទាំង៤នាក់មានទីលំនៅស្រុកកំពង់ត្រឡាច ។
លោកបានបន្តថា បន្ទាប់មកនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចរបស់លោកបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតនៅចំណុចមុខរោងចក្រខេនស្បត ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ដែលជាអ្នកចែកចាយថ្នាំញៀន ក្នុងនោះម្នាក់ឈ្មោះ ណម ធីម អាយ២៣ឆ្នាំ មានទីលំនៅភូមិបឹងឈូក ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច និងម្នាក់ទៀតឈ្មោះ ហួរ សាយ័ន្ត អាយុ២៧ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ពេលចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៣កញ្ចប់ ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចស្រុកកំពង់ត្រឡាចកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីបន្តបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ