ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកផុសចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យ២នាក់បានលាក់កាំភ្លើងម៉ាក សេ.កា.សេ ១ ដើម ក្នុងព្រៃទុកសម្រាប់បាញ់សត្វព្រៃ ។
លោក ទេព សារ៉ាត់ នាយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា ជនសង្ស័យទាំង២នាក់ មា្នក់ឈ្មោះ ឈួន ឈៀង អាយុ៣០ឆ្នាំ មានទីលំនៅភូមិចាន់ត្រក និងម្នាក់ទៀតឈ្មោះ ឃុន សាវ៉ុន ហៅគក អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាសាំ ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ជាមួយគ្នា ។ លោកបានបន្តតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុសឱ្យដឹងថា ប៉ុន្មានថ្ងៃមុនមានប្រជាពលរដ្ឋបានរាយការណ៍ថា បានឮស្នូរកាំភ្លើងផ្ទុះក្នុងព្រៃ និងតែងតែឃើញជនសង្ស័យទាំង២នាក់បានសាច់សត្វព្រៃមកលក់ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ។
ក្រោយពីសាកសួរតាមជំនាញរបស់សមត្ថកិច្ចរួចមក ជនសង្ស័យទាំង២នាក់បានសារភាពថា រូបគេពិតជាបានលាក់ទុកកាំភ្លើង១ដើមលើភ្នំពិតប្រាកដមែន គឺទុកសម្រាប់បាញ់សត្វ ។ បន្ទាប់ពីបានចម្លើយសារភាពបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថស្រុក រួមនិងប្រជាការពារ ប្រមាណ២០នាក់ បានឱ្យជនសង្ស័យខាងលើជូនទៅយកអាវុធដែលលាក់ទុកក្នុងព្រៃ លើភ្នំថ្មរោង ស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំស្គា ។ រយៈពេលមួយព្រឹកធំទើបត្រឡប់មកវិញ និងបានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមានកាំភ្លើង សេ.កា.សេ ១ដើម និងគ្រាប់៥គ្រាប់មកកាន់ស្នងការដ្ឋានដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគាត់រើសបានកាំភ្លើង១ដើមនេះកាលពីជាង១ខែមុន ហើយក៏បានលាក់ទុកក្នុងព្រៃទុកសម្រាប់បាញ់សត្វជ្រូកព្រៃដែលជាប់អន្ទាក់ ព្រោះពួកគាត់ជាអ្នករកស៊ីដាក់អន្ទាក់ក្នុងព្រៃ ។
ទោះជាយ៉ាងណា សមត្ថកិច្ចនគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំ២នាក់ទៅតុលាការ ដោយចោទប្រកាន់ពីបទ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ៕
ចែករំលែកព័តមាននេះ