ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កាច់​.​ក​ម៉ូតូ ទៅ​ដាក់​ពាក្យបណ្តឹង តែ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ថា​គ្មាន​ឯកសារ​គ្រប់គ្រាន់?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ថា​ត្រូវ​ចោរ​កាច់​.​ក​ម៉ូតូ​របស់​គាត់​យក​ទៅ​បាត់ តែ​ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​ថា គ្មាន​ឯកសារ​គ្រប់គ្រាន់ ឱ្យទៅ​យក​ឯកសារ​មក​សិន ចាំ​សមត្ថកិច្ច​ធ្វើការ​ជូន ។

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ថា​ត្រូវ​ចោរ​កាច់​.​ក​ម៉ូតូ​របស់​គាត់​យក​ទៅ​បាត់ តែ​ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​ថា គ្មាន​ឯកសារ​គ្រប់គ្រាន់ ឱ្យទៅ​យក​ឯកសារ​មក​សិន ចាំ​សមត្ថកិច្ច​ធ្វើការ​ជូន ។ ហេតុការណ៍​កាច់​.​ក​យក​ម៉ូតូ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ កក្កដា ២០១៥ នៅ​ចំណុច​កន្លែង​លក់​ខោអាវ​ជជុះ​មុខ​ផ្សារ​ផេ​ន​សល តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មាន​សាយ បូ​រិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ភា​រី ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវ​ចោរ​កាច់​.​ក​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1R-1965 យក​ទៅ​បាត់​ ។

ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ដឹក​កូន​របស់​គាត់​មក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ប៉ុន្តែ​ដោយសារ​តែ​ខ្វះ​លុយ​ក៏​ទៅ​យក​លុយ​ពី​ប្អូន​ដែល​ធ្វើការ​នៅ​រោងចក្រ CP នៅ​ម្តុំ​បែក​ចាន ។ ពេល​បាន​លុយ​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​វិញ ។ នៅ​តាម​ផ្លូវ​ ដោយសារ​មក​ពី​ស្រុក​កំណើត​ប្រញាប់ប្រញាល់​ពេក យក​ខោអាវ​មក​តែ​មួយ​កំ​ប្លេ ពេល​ប្រទះ​ឃើញ​កន្លែង​លក់​ខោអាវ​ជជុះ​(​កន្លែង​កើតហេតុ​)​ក៏​ឈប់​ម៉ូតូ​ទិញ​ខោអាវ​ជជុះ​ខ្លះ​ទុក​ពាក់ ។ ខណៈ​ពេល​កំពុង​តែ​រើស​ខោអាវ ជនសង្ស័យ​ម្នាក់​បាន​មក​កាច់​.​ក​ម៉ូតូ​របស់​គាត់ ខណៈ​ពេល​នោះ​គាត់​ក៏​បានឃើញ ហើយ​ស្រែក​ឱ្យ​គេ​ជួយ​ដែរ តែ​ចោរ​នោះ​បាន​ជិះ​ម៉ូតូ​របស់​គាត់​គេចខ្លួន​បាត់​ទៅ​ហើយ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​ប្រាប់​​ថា គ្មាន​ឯកសារ​គ្រប់គ្រាន់ ឱ្យទៅ​យក​ឯកសារ​មក​សិន ចាំ​សមត្ថកិច្ច​ធ្វើការ​ជូន ​។

ជុំវិញ​បញ្ហា​នេះ​«​កោះសន្តិភាព​»​មិនដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​នេះ​ជាស​ម្តី​របស់​ជន​រង​គ្រោះ​តែ​ម្ខាង​ប៉ុណ្ណោះ ៕