ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​ផល​ម្រេច​កំពត​កើនឡើង​លើស​ការ​រំពឹង​ទុក ខណៈ​តម្លៃ​លើ​ទីផ្សារ​ខ្ពស់

9 ឆ្នាំ មុន

ខេត្តកំពត ៖ លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥​នេះ សមាគម​ប្រមូល​ផល​ម្រេច​បាន​ចំនួន​៦០​តោន បើ​ធៀប​នឹង​ឆ្នាំ​មុន​ម្រេច​មាន​តែ​៣២​តោន គឺ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក

ខេត្តកំពត ៖ លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥​នេះ សមាគម​ប្រមូល​ផល​ម្រេច​បាន​ចំនួន​៦០​តោន បើ​ធៀប​នឹង​ឆ្នាំ​មុន​ម្រេច​មាន​តែ​៣២​តោន គឺ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក ខណៈ​ដែល​តម្លៃនៅលើទីផ្សារ​នៅ​តែ​ខ្ពស់ ដោយ​ម្រេច​ក្រហម​ថ្លៃ​២៥​ដុល្លារ ម្រេចស​លក់​បាន​ពី​២៦​ដល់​៣០​ដុល្លារ និង​ម្រេចខ្មៅ​ថ្លៃ​១៥​ដុល្លារ​ក្នុង​១​គីឡូក្រាម ។ បរិមាណ​ផល​ម្រេច​ដែល​ប្រមូល​បាន​ទាំងនេះ ត្រូវ​ក្រុមហ៊ុន​ដែល​ចុះ​កុងត្រា​ជាមួយ​សមាគម​ធ្វើការ​នាំ​ចេញ​រួចរាល់​ហើយ ។

លោក​បញ្ជាក់​ថា សមាជិក​ទាំងអស់​របស់​សមាគម​មានការ​ត្រេកអរ​ជា​ខ្លាំង ចំពោះ​ផលិតផល​របស់​ខ្លួន ក្រៅពី​ទទួល​ការ​គាំទ្រ​នៅ​លើ​ទីផ្សារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តួយ៉ាង​នៅ​ឆ្នាំ​ថ្មី​នេះ​ការ​ប្រមូល​បាន​ផល​កើន​មួយ​ទ្វេ​ជា​ពីរ ។ បន្ថែម​លើស​ពី​នេះ​នៅ​ឆ្នាំ​២០១៦ សមាគម​រំពឹង​ថា ការ​ប្រមូល​ផល​អាច​កើន​រហូត​ដល់​៨០​តោន ស្រប​ពេល​ដែល​បច្ចុប្បន្ន​សមាជិក​កំពុង​ពង្រីក​ដី​ដាំ​ដុះ​មាន​ចំនួន​កាន់តែ​ច្រើន ដែល​កាលពី​ឆ្នាំ​២០១៤​យើង​មាន​ផ្ទៃដី​តែ​៦២​ហិ​កតា តែ​សព្វថ្ងៃ​មាន​រហូត​ដល់​១១០​ហិ​កតា ហើយ​ក៏​មាន​កសិករ​ដាំ​ម្រេច​លើ​ផ្ទៃដី​ប្រហែល​៤០​ហិ​កតា​ផ្សេង​ទៀត​កំពុង​ដាក់​ពាក្យសុំ​ចូលរ​ជា​សមាជិក​យើង​ផង​ដែរ ។

លោក​លើក​ឡើង​ថា តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក ក្រុម​កសិករ​ដាំ​ម្រេច​មានការ​យល់​ដឹង​ច្រើន បន្ទាប់​ពី​សមាគម​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​និង​ថែទាំ​រួច​មក ។ ទន្ទឹម​នឹង​នោះ ក្រុម​វិនិយោគិន​ថ្មី​ៗ​ទើបតែ​ចូល​ទៅ​ដាំ​ម្រេច គឺ​ពួក​គាត់​មិន​ទាន់​យល់​ដឹង​ច្បាស់​នៅឡើយ​ពី​បច្ចេកទេស​ដាំ​និង​ការ​ថែទាំ ។

លោក ហ៊ឹ​ម យ៉ុ​ន អ្នកគ្រប់គ្រង​ការ​ដាំ​ម្រេច​របស់​ក្រុមហ៊ុន​Starling Farm បាន​ឲ្យ​ដឹង​ថា មក​ដល់​សព្វ​ថ្ងៃនេះ​យើង​មាន​ដី​ដាំ​ម្រេច​ប្រមាណ​៤​ហិ​កតា ក្នុង​នោះ​បាន​ម្រេច​ដែល​ទទួលផល​មាន​ប្រហែល​១​ពាន់​ជន្លុង ។ ការ​ដាំ​ដុះ​និង​ថែទាំ​ឆ្នាំ​នេះ លោក​ជួប​បញ្ហា​ដោយសារ​អាកាសធាតុ​ប្រែប្រួល ធ្វើ​ឲ្យ​ម្រេច​ផ្តល់​ផល​បាន​តិច​ជាង​ឆ្នាំ​កន្លង​មក ទោះបី​ការ​ការ​ដាំ​ដុះ​របស់​យើង​មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្តី ។ ផ្អែក​លើ​ផលិតផល​ម្រេច​កំពត​មាន​តម្លៃនៅលើទីផ្សារ មិន​ថា​នៅ​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ទេ ដើម្បី​ចាប់​យក​ឱកាស​នេះ នៅ​ថ្ងៃ​ខាង​មុខ​យើង​នឹង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​របស់​អតិថិជន ។

ពេល​ថ្មី​ៗ​នេះ​ដែរ នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្ជូន​ផលិតផល​កម្ពុជា​សម្រាប់​ការ​តាំង​បង្ហាញ​ស្វែងរក​ទីផ្សារ​និង​ដៃគូ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ លោក ងួ​ន ឡាយ បាន​បញ្ជាក់​ថា សម្រាប់​ផលិតផល​ម្រេច​កំពត​នៅ​ពេល​កន្លង​មក ធ្លាប់តែ​មាន​ក្រុមហ៊ុន​នាំ​ចូល​ទៅ​សៀង​ហៃ ប្រទេស​ចិន មាន​ចំនួន​តិចតួច​ដោយសារ​ផលិតផល​របស់​សមាគម​មាន​ចំនួន​កំណត់​។

ការ​តាំង​បង្ហាញ​ផលិត​កម្ពុជា​នៅ​ប្រទេស​ចិន​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ សមាគម​របស់​លោក​ពុំ​ទាន់​កំណត់​ថា គួរ​យក​ទៅ​តាំង ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​នេះ​វា​ទាក់ទង​នឹង​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ។ ប៉ុន្តែ​បើ​ក្រសួង​ពាក់ព័ន្ធ​ធានា​ជូន​ដូច​ពេល​មុន​ៗ​ដែល​សមាគម​ធ្លាប់​ទៅ​តាំងនៅ​ប្រទេស​បារាំង និង​សហ​គម​អឺរ៉ុប យើង​នឹង​ទៅ ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ដៃគូ​ពាណិជ្ជកម្ម​ច្រើន​ទៀត​នៅ​ប្រទេស​ចិន ដោយ​ផ្អែក​លើ​គុណភាព​ផលិតផល​យើង​មានគុណ​ភាព​ខ្ពស់ ៕