ខេត្តបាត់ដំបង ៖ បុរសម្នាក់បានកាន់អង្រែបុកគ្រឿង ដើរទៅវាយលើបុរសម្នាក់ដែលគេដឹងថា ជាឪពុកមាសាច់ថ្លៃ ខណៈគាត់កំពុងតែចុះពីលើផ្ទះដើរទៅបត់ជើងតូច បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រួចហើយជនបង្កបានដើរចេញពីកន្លែងកើតហេតុបាន២០០ម៉ែត្រ ក៏ជួបបុរសម្នាក់ទៀតហើយយកអង្រែដដែលនោះ ទៅវាយបុរសម្នាក់ទៀត បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង២០នាទីទៀបភ្លឺថ្ងៃទី០៣ កក្កដា ២០១៥ នេះ ស្ថិតនៅចំណុចភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ប្រភពបានឱ្យដឹងថា បុរសជាជនដៃដល់ឈ្មោះនួន ឆិញ អាយុ៣១ឆ្នាំ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះយឹម សារុន ភេទប្រុស អាយុ៤៦ឆ្នាំ និងបុរសរងរបួសបែកក្បាលឈ្មោះម៉ូ មូន អាយុ៤៤ឆ្នាំ ពួកគេទាំង៣នាក់មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង បុរសជាជនដៃដល់ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានផងដែរ ។ ជំហានដំបូង គេនៅមិនទាន់ដឹងថា ករណីនេះគឺជារឿងគំនុំ ឬយ៉ាងណានោះទេ ប៉ុន្តែត្រូវបានប្រភពខ្លះនិយាយថា ជនដៃដល់ គឺជាមនុស្សសរសៃប្រសាទ ។ តែទោះបីជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយ ព្រោះជនដៃដល់កំពុងធ្វើការសួរនាំនៅអធិការដ្ឋានក្នុងស្រុករតនមណ្ឌល ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ