រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស៊ីស្រវឹងបានឈ្លោះប្រកែកជាមួយប្រពន្ធ ក៏ត្រូវប្រពន្ធវាយមួយខ្ទះឆាបែកក្បាល ហើយដើរចេញពីផ្ទះដួលសន្លប់តាមផ្លូវ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ កក្កដា ២០១៥ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស៊ឹម សាណា អាយុ៣៦ឆ្នាំ ជាសន្តិសុខយាមនៅមុខហាងនំបុ័ងតាមផ្លូវជាតិលេខ៣ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកប្រពន្ធជាជនដៃដល់ឈ្មោះហុង ណារ៉ាន់ អាយុ៣១ឆ្នាំ មានកូន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) ។
បើតាមសម្តីរបស់ជនរងគ្រោះឱ្យដឹងថា ក្រុមគ្រួសាររបស់ប្រពន្ធមិនសូវពេញចិត្តនឹងរូបគាត់ ដែលអត់ចេះរកលុយចិញ្ចឹមប្រពន្ធកូន ហើយមុនពេលកើតហេតុ គាត់បានទៅផឹកស៊ីស្រវឹងត្រឡប់មកផ្ទះវិញ បានឈ្លោះប្រកែកជាមួយប្រពន្ធ ក៏ត្រូវប្រពន្ធយកខ្ទះឆាវាយបែកក្បាលហូរឈាម ហើយរូបគាត់បានដើរចេញពីផ្ទះដល់ពាក់កណ្តាលផ្លូវបានដួលសន្លប់ ក៏ត្រូវក្រុមអ្នករត់រ៉ឺម៉កម៉ូតូប្រទះឃើញបានសាកសួរ និងទូរស័ព្ទហៅប្រពន្ធមកយកប្តីទៅព្យាបាល តែប្រពន្ធមិនបានមកទេ ទើបក្រុមរ៉ឺម៉កម៉ូតូដឹកជនរងរបួស ដែលជា សមាជិករបស់ពួកគេ ដែលយកទៅព្យាបាលនៅមន្ទីរបង្អែកពោធិ៍ចិនតុង ។
ចែករំលែកព័តមាននេះ