ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ទាំងទណ្ឌិត (អ្នកទោស) និងមន្ត្រីអនុរក្សពន្ធនាគារ សរុបទាំងអស់ប្រមាណជិត២០០នាក់ កំពុងតែប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃគួរឱ្យព្រួយបារម្ភ ខណៈពន្ធ នាគារខេត្តប៉ៃលិន ដែលទើបនឹងសាងសង់រួចរាល់ថ្មី ស្ថិតនៅឆ្ងាយពីទីក្រុងប្រមាណ៦ទៅ៧គីឡូម៉ែត្រ នៅចំណុចភ្នំប៉ោត ក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ជាក់ស្តែងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១ កក្កដា ២០១៥ ខណៈអ្នកសារព័ត៌មាន ចុះទៅពិនិត្យឃើញមន្ត្រីអនុរក្ស និងអ្នកទោសមួយចំនួនកំពុងនាំគ្នាបូមទឹកស្រះមួយកន្លែងមានចំងាយពីពន្ធនាគារជាង១០០ម៉ែត្រ ដាក់ចូលមកក្នុងស្រះមួយទៀតក្បែរពន្ធនាគារដើម្បីប្រើប្រាស់យ៉ាងត្រដាបត្រដួសបំផុត ព្រោះមិនទាន់មានអណ្តូងស្នប់ត្រឹមត្រូវ ឬប្រព័ន្ធទឹកស្អាតនៅឡើយទេ ។
ប្រភពព័ត៌មានពីលោក នូវ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា ពន្ធនាគារខេត្តថ្មី ដែលទើបនឹងបញ្ចូលអ្នកទោសឱ្យស្នាក់នៅនោះបានធ្វើរួចរាល់ជាបណ្តើរៗហើយ កាលពីខែមីនា ២០១៥ កន្លងទៅនេះ ហើយបានផ្លាស់ប្តូរអ្នកទោសចេញពីពន្ធនាគារចាស់ (រោងកុន) ស្ថិតនៅក្បែរផ្លូវជាតិលេខ៥៧ ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ព្រោះនៅទីនោះតូចចង្អៀត ។
លោកបានបន្តទៀតថា រហូតមកដល់ពេលនេះ អ្នកទោសសរុបទាំងអស់មានចំនួន១០៣នាក់ ក្នុងនោះអ្នកទោសស្រីចំនួន១៥នាក់ ដែលពួកគេជាប់ចោទពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ករណីរំលោភបូក ចោរកម្ម និងអំពើហិង្សាផ្សេងៗ ជាដើម ។
ចំណែកមន្ត្រីអនុរក្សពន្ធនាគារមិនបញ្ចេញឈ្មោះម្នាក់ បានបង្ហើបឱ្យដឹងថា នៅក្នុងពន្ធនាគារខេត្តប៉ៃលិនថ្មីនេះមិនទាន់មានអណ្តូងស្នប់ ឬប្រព័ន្ធទឹកស្អាតប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅឡើយទេ ព្រោះនៅដាច់ស្រយាលពីទីរួមខេត្តខ្លាំងពេក ។ ម្យ៉ាងវិញទៀត សូម្បីតែបន្ទប់អគារសម្រាប់មន្ត្រីអនុរក្សស្នាក់នៅប្រចាំការ ក៏មានការខ្វះខាតផងដែរ ដោយសាងសង់ជារោងតូចៗស្នាក់នៅខាងក្រៅបណ្តោះអាសន្ន ហើយក៏ខ្វះខាតសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនផងដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ