ខេត្តស្ទឹងត្រែង ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ មិថុនា ២០១៥ បន្ទាប់ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលប្រចាំនៅច្រកអន្តរជាតិត្រពាំងគ្រៀល បានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្ត ព្រមទាំងមានលុយដុល្លារសុទ្ធចំនួនជាង២០ម៉ឺនដុល្លារ ដែលនាំពីប្រទេសឡាវ ចូលមកកម្ពុជា ។
ករណីនេះជំហានដំបូងត្រូវគេសង្ស័យថា ប្រាក់ដុល្លារទាំងនោះអាចមានជាប់ពាក់ព័ន្ធលុយងងឹត ដូចជាការជួញដូរថ្នាំញៀនឆ្លងដែន តែក្រោយមក មានការសាកសួរជាច្រើនម៉ោង ព្រមទាំងមានការឆ្លើយឆ្លងពីអគ្គរងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លុយដុល្លារជាង២០ម៉ឺនដុល្លា រួមជាមួយរថយន្តឡិចស៊ីស៤៧០នោះ ត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញទាំងអស់ ។
ប្រភពដដែលបន្តថា ការឃាត់លុយដ៏ច្រើនសន្ធឹកសន្ធាប់នោះ គឺជាលុយមិនស្របច្បាប់ តែក្រោយពីមានការអះអាងជាក់លាក់ថាលុយដុល្លារចំនួន២៤១.០០០ដុល្លារនោះ គឺជាលុយរបស់ក្រុមហ៊ុនមួយឈ្មោះ SAMWHAN CORP (CHAMPAS AK PROVINCE LAO) ដែលត្រូវបានទូទាត់សងមកក្រុមហ៊ុន ANGKOR HEAVY MOTOR co,ltd (PHNOM PENH CAMBODIA) ថ្លៃទិញអេស្កាវ៉ាទ័រ ហើយមានរាំងស្ទះដោយសារធនាគារនៃប្រទេសឡាវ និងកម្ពុជា ចំថ្ងៃសម្រាប់ និងតម្រូវការរបស់ក្រុមហ៊ុននៅកម្ពុជាត្រូវការលុយចាំបាច់ ទើបក្រុមហ៊ុននៅប្រទេសឡាវ ដឹកនាំលុយទាំងនោះតាមរថយន្តបែបនេះ ។
ប្រភពឱ្យដឹងថា សមាសភាពដែលមានការចូលរួមនោះ មានអនុប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងគ្រៀល នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ មន្ត្រីកាំកុងត្រូល ជំនួយការប្រធានស្នាក់ការខេត្ត និងប្រធាននគរបាល B.L.O ផងដែរ ។ មន្ត្រីម្នាក់ដែលមានសមាសភាពចូលរួមទាំងនោះបានប្រាប់ឱ្យបញ្ជាក់ដឹងដែរថា ក្រោយការឃាត់រថយន្ត និងអ្នកតំណាងក្រុមហ៊ុនលោក KIM SUN GYU ព្រមទាំងលុយដុល្លារទាំងនោះ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច បានធ្វើការបញ្ចប់ និងប្រគល់លុយដុល្លារព្រមទាំងរថយន្តឡិចស៊ីស៤៧០ឱ្យទៅម្ចាស់ដើមវិញ បន្ទាប់ពីការបញ្ជារបស់លោកហ៊ីវ គឹមហេង អគ្គនាយករងនៃអគ្គនាយកកដ្ឋានគយនិងរដ្ឋាករកម្ពុជាតាមរយៈទូរស័ព្ទនៅវេលាបន្ទាប់ក្នុងថ្ងៃដដែលនោះ ដោយបានឯកភាពអនុញ្ញាតឱ្យប្រគល់ជូនទៅម្ចាស់ដើមវិញ៕
ចែករំលែកព័តមាននេះ