រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុទើប៧ខែបានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ឋបុប្ផា ក្រោយពេលម្តាយធំបានយកត្រីអណ្តាតឆ្កែកាន់បន្លាចលេង បណ្តាលឲ្យត្រីបង្រះលោតចូលក្នុងមាត់ ។
ហេតុការណ៍ដ៍កម្រនេះបានកើតឡើងនៅម៉ោង៨ព្រឹកថ្ងៃទី១៩ មិថុនា ២០១៥ នៅលំនៅដ្ឋានមួយកន្លែងតាមមាត់ច្រំាងទន្លេ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
ក្មេងស្រីរងគ្រោះឈ្មោះ យ៉ា កាន់ មានឪពុកឈ្មោះ ផន រ៉ាយ៉ា អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ជា កែវ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិសាស្រ្តខាងលើ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសាក្សី និងសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងស្រីម្នាក់ទៀតអាយុ១ខួបបានកាន់ត្រីអណ្តាតឆ្កែមួយក្បាលលេង ឃើញដូច្នោះម្តាយធំក្មេងស្រីរងគ្រោះឈ្មោះ ជា សុភាព អាយុ៣៥ឆ្នាំ បានស្ទុះទៅចាប់យកត្រីអណ្តាតឆ្កែពីដៃក្មេងស្រីដែលកំពុងកាន់លេងនោះមកបន្លាចក្មួយស្រីរបស់ខ្លួនលេង បណ្តាលឲ្យត្រីបង្រះលោតចូលមាត់ ហើយក៍នំាគ្នាគាស់ចាប់ទាញត្រីចេញពីមាត់ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនអាចទាញត្រីនោះចេញ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ឋបុប្ផា តែជាអកុសលក្មេងស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនម្តាយធំយកទៅសួរនំា និងបន្តចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ