ខេត្តរតនគិរី ៖ បុរសម្នាក់ដែលគេស្គាល់ថាជាប្តីចុងបានវាយបុរសម្នាក់ទៀតដែលជាប្តីដើមដោយដំបងរហូតបែកក្បាលរងបួសធ្ងន់ ហើយបានស្លាប់កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ឈ្លោះទាស់ទែងគ្នានេះកើតឡើងតាំងពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ស្ត្រីម្នាក់ឈ្មោះប៊ុន វាសនា (ហៅពៅ) អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដែលគេស្គាល់ថាជាប្រពន្ធរបស់បុរសទាំង២នាក់បានឲ្យដឹងថា ជនរងគ្រោះជាប្តីដើមរបស់គាត់មានឈ្មោះជា សំអូន (ហៅក្រឹម) អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន បានរស់នៅជាមួយគ្នាក្នុងផ្ទះជួលមួយកន្លែងនៅភូមិឃុំខាងលើរយៈពេល៤ឆ្នាំមកហើយ តែការរស់នៅនោះគ្មានការចុះសម្រុងនឹងគ្នាទេ ហើយក៏បានចែកផ្លូវគ្នាប្រហែលទៅ៣-៤ខែមកហើយ ប៉ុន្តែប្តីដើមរបស់គាត់នៅតែចេញចូលម្តងម្កាលដែរ តែមិនដែលដេកនៅក្នុងបន្ទប់ជួលជាមួយគ្នានោះទេ លុះក្រោយមកគាត់ក៏បានទាក់ទងជាមួយបុរសម្នាក់ទៀតមានឈ្មោះ ពៅ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរប រនិងទីលំនៅមិនពិតប្រាកដ បានស្រលាញ់គ្នាប្រហែលមួយខែ ក៏កើតមានជម្លោះបែបនេះតែម្តង ។
ស្ត្រីជាប្រពន្ធបានអោយដឹងទៀតថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរបង្អែកខេត្តយ៉ាងអាណោចអាធម្មគ្មានសាច់ញាតិណាមកមើលទេ ហើយពេទ្យបង្អែកខេត្តក៏បានដឹកសពនោះយកមកទុកចោលនៅវត្តភូមិថ្មី ហើយក៏បានទាមទារលុយចំនួន៣០ម៉ឺនរៀលសំរាប់ការដឹកសពនោះមកទៀតផង ។ មិត្តភក្តិរបស់ជនរងគ្រោះ៤-៥នាក់បានរៃអង្គាសលុយគញនាដើម្បីឲ្យលោកអាចារ្យបូជាសពនោះតែម្តងទៅ ។
លោកស្រីជ័យ មាលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរីបានប្រាប់តាមទូរស័ព្ទថា ជនរងគ្រោះមានស្ថានភាពស្រវឹង និងមានសារធាតុញៀនក្នុងខ្លួនផងនោះ ទើបលោកស្រីមិនបានចោទប្រកាន់ទៅលើជនសង្ស័យនោះទេ ព្រោះជនសង្ស័យជាធម្មានុរូប ។
លោកស្រីបន្តថា ហេតុផលនៃការប្រើអំពើហិង្សានេះក៏ដោយសារជនរងគ្រោះបានទៅរករឿងជនសង្ស័យដល់ផ្ទះ មូលហេតុគឺទៅយកកូនស្រីពីប្រពន្ធរបស់ខ្លួនទៅភ្នំពេញ ហើយប្រពន្ធក៏យល់ព្រមដែរ តែថាចាំស្អែកមកយកកូនស្រីចុះ ប៉ុន្តែជនរងគ្រោះមិនព្រម ក៏កើតទៅជាអំពើហឹង្សារហូតដល់ស្លាប់បាត់បង់ជីវិតតែម្តងទៅ ។ លោកស្រីក៏ដាក់វិធានការស៊ើបសួរបន្តទៅទៀតដែរ ប្រសិនបើមានមូលដ្ឋានដើម្បីដាក់ទំងន់ទោសទៅលើជនសង្ស័យ ។
លោកស្រីបានបញ្ជាក់ផងដែរថា ការដោះលែងជនសង្ស័យអោយនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារតែមានការដំកល់ប្រាក់មួយចំនួនសំរាប់ចាត់វិធានការទៅតាមនិតិវិធីច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ