ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​អ្នកមាន​ស្តុក​នៅ​ប៉ោយ​ប៉ែ​ត​សង្ស័យ​ដុត​ខ្លួន​ក្នុង​រថយន្ត

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ទំនើប​មួយ​គ្រឿង​បាន​ឆាបឆេះ​នៅ​មុខ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា បណ្ដាល​ឱ្យ​បុរស​២​នាក់​រង​របួស​រលាក​ពេញ​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ទំនើប​មួយ​គ្រឿង​បាន​ឆាបឆេះ​នៅ​មុខ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា បណ្ដាល​ឱ្យ​បុរស​២​នាក់​រង​របួស​រលាក​ពេញ​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ជា​បន្ទាន់​ភ្លាម​ៗ​តាម​ច្រក​អន្តរជាតិ​ប៉ោង​ប៉ែ​ត ។ ព័ត៌មាន​នេះ​សង្ស័យ​ចាក់​សាំង​ដុត​ខ្លួនឯង ។

រថយន្ត​ដែល​ឆេះ​ម៉ាក​ច្រា​យ​ស្លឺ ពណ៌​ខ្មៅ ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-1112 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឡុ​ង ចាន់​ថន អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ទៀត​ឈ្មោះ​ស្រ៊ា​ង ឌី​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។
ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​រលាក​ពេញ​ខ្លួន​រង​គ្រោះ​ធ្ងន់ធ្ងរ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បាន​បើក​មក​ចត​មុខ​ស្ថានីយប្រេងឥន្ធនៈ​ប្រហែល​២០​នាទី ហើយ​បាន​ស្រែកហៅ​កម្មករ​នៅ
ស្ថានីយ​ឱ្យ​យក​សាំង​ឱ្យ​១​លី​ត្រ ។ ប្រភព​បន្ត​ថា ក្រោយ​ពី​កម្មករ​យក​សាំង​១​ដប​ទៅ​ឱ្យ​គេ​ឃើញ​បុរស​ម្នាក់​បាន​គ្រវី​ដប​សាំង​នោះ​បណ្ដាល​ឱ្យ​កំពប់​ពេញ​ក្នុង​រថយន្ត ខ្ទាត​ចេញ​មក​ក្រៅ​ផង​ដែរ បន្ទាប់​មក​ក៏​មាន​អណ្ដាតភ្លើង​ឆាបឆេះតែ​ម្ដង ។ ក្នុង​ហេតុ​ការ​ឆាបឆេះ​នេះ​គេ​ឃើញ​កម្មករ​នៅ​កន្លែង​កើតហេតុរ​ត់ទៅ​បិទ​កុង​ទ័​រ​បូម​ប្រេង​ដើម្បី​ការពារ​ការ​ឆាបឆេះ​ដល់​ស្ថានីយ ។

សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​សាកសួរ​ករណី​ខាងលើ​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ និង​កម្មករ​នៅ​ទីនោះ​ព្រោះ​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​ក្នុង​រថយន្ត​ព្រោះ​ទំនង​ដូច​ជា​ការ​ដុត​ខ្លួនឯង ។ ប្រភព​នានា​ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ការ​អះអាង​ជា​ផ្លូវការ​នៅឡើយ​បាន​និយាយ​ថា ជន​រង​គ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​ឆេះ​នេះ បាន​ខឹង​នឹង​ម្ដាយ​ព្រោះ​សុំ​ប្រាក់​៥​ម៉ឺន​បាត​(​ប្រាក់​ថៃ​)​មិន​បាន ។ ទោះជា​យ៉ាងណា​ជុំវិញ​បញ្ហា​ខាងលើ កោះសន្ដិភាព​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់ ឬ​សាច់ញាតិ​ឱ្យ​ដឹង​ពី​មូលហេតុ​បាន​នៅឡើយ​ទេ ។

ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​នគរបាល​ទាំង​កងរាជអាវុធហត្ថ​ប្រាប់​ថា មិន​ទាន់​ដឹង​ពី​មូលហេតុ​ដូច​គ្នា ព្រោះ​កំពុង​ស្រាវជ្រាវ​និង​កំពុង​សួរនាំ​នៅ​កន្លែង​កើតហេតុ ។ គេ​សង្ស័យ​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២​នាក់ ពិតជា​ម្នាក់​មាន​បញ្ហា​អ្វីមួយ​កើតឡើង ទើប​ង្ក​ឱ្យ​មាន​បញ្ហា​បែប​នេះ ។ រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ហេតុការណ៍​ដែល​កើតឡើង​នេះ​បាន​ក្លាយជា​ព័ត៌មាន​ទូទៅ​ថា ដុត​ខ្លួនឯង​ក្នុង​រថយន្ត ។ ព័ត៌មាន​បែប​នេះ​ដោយសារ​តែ​មិន​មានការ​បំភ្លឺ​ណាមួយ បាន​ប្រាប់​ពី​មូលហេតុ​ពិត ។ មានការ​កត់​សម្គាល់ថា មុន​ពេល​កើតហេតុ​រថយន្ត​ទំនើប​នេះ​បាន​បើក​ទៅ​ឈប់​នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ បាន​ប្រមាណ​ជា​កន្លះ​ម៉ោង ។ មិនដឹង​ឈប់​ធ្វើ​អ្វី​នោះ​ទេ ។

បន្ទាប់​មក​បើក​កញ្ចក់​រថយន្ត​ស្រែក​រក​ទិញ​សាំង​១​លី​ត្រ​តែ​ម្ដង ។ អ្នកក្រុង​ប៉ោយ​ប៉ែ​ត​បាន​និយាយ​ថា ម្ចាស់​រថយន្ត​ដែល​ដុត​ខ្លួនឯង​នេះ ជា​កូន​ថៅកែ​ផ្ទះសំណាក់​និង​ប្ដូរ​ប្រាក់​ឡុ​ង មួយ​លី នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ប្អូនស្រី​របស់​ម្ចាស់​រថយន្ត​ឈ្មោះ​ឡុ​ង ចាន់​ថន បាន​លេបថ្នាំ​សម្លាប់​ខ្លួន ខណៈ​ដែល​ពួក​គេ​មាន​បងប្អូន​តែ​២​នាក់​នេះ​គត់ ៕