ខេត្តសៀមរាប ៖ នាពេលថ្មីៗនេះ គេឧស្សាហ៍ឃើញរូបភាពយុវជនខ្មែរទាំងក្នុងសំលៀកបំពាក់ធម្មតា ទាំងសំលៀកបំពាក់សិស្ស បានប្រព្រឹត្តអំពើឱបថើបគ្នា យ៉ាងត្រេកត្រអាល ដោយមិនប្រកាន់ទីកន្លែង ហើយបានថតបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថែមទៀត ។ យ៉ាងនេះក្តីសកម្មភាពបែបស្រើបស្រាលរបស់ក្រុមយុវជនទាំងនោះ ត្រូវបានគេចាត់ទុកថា ជារឿងធម្មតាទៅហើយ តែអ្វីដែលជាទីចាប់អារម្មណ៍យ៉ាងក្តៅគគុកបំផុតនោះ សម្រាប់មហាជននៅខេត្តសៀមរាប គឺជាករណីលេចធ្លាយរូបថតលោកអនុសេនីយ៍ទោ ញឹក សុផល មេប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម កំពុងឱបថើបយ៉ាងត្រេកត្រអាលជាមួយស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាថៅកែហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង ក្នុងក្រុងទេសចរណ៍សៀមរាប ។
តាមរយៈរូបភាពដែលក្រុមអ្នកពេញនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗ គ្នានា ប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ ដោយឥតលាក់លៀម នូវរូបលោកមេប៉ុស្តិ៍ ដោយឱបថើបបឺតមាត់គ្នាយ៉ាងត្រេកត្រអាល ។
អ្នកលេងហ្វេសប៊ុកខ្លះបានសរសេរបែបចំអកថា ៖ សកម្មភាពស្រើបស្រាល នៃលោកមេប៉ុស្តិ៍សង្កាត់ស្លក្រាមខាងលើ ពិតជាបានធ្វើដុតរោលអារម្មណ៍ខ្លាំងណាស់ ហើយបានហៅសកម្មភាពប្រលោមស្នេហ៏នោះថា ជាស្ទីលអឺរ៉ុប និងអាមេរិកទាំងស្រុង មិនចាញ់យុវវ័យបច្ចុប្បន្នប៉ុន្មានទេ។
នៅព្រឹកថ្ងៃទី២៧ ឧសភា ២០១៥ នេះ លោកអនុសេនីយ៍ទោ ញឹក សុផល មេប៉ូលិសប៉ុស្តិ៍សង្កាត់ស្លក្រាមបានថ្លែងបកស្រាយថា រូបថតថើបបឺតមាត់គ្នាហ្នឹង ពិតជារូបរបស់លោកមែន តែលោកថា នេះជាការឱបថើប ព្រោះតែក្តីស្រឡាញ់ ទៅលើភរិយាលោកតែប៉ុណ្ណោះ ។ ដូច្នេះចង់អ្នកណាបង្ហោះអីក៏បង្ហោះចុះ លោកមិនឈឺក្បាលហាលថ្ងៃនោះទេ ។
លោកមេប៉ុស្តិ៍បញ្ជាក់យ៉ាងដូច្នេះថា «រូបថតហ្នឹង លោកថតដាក់ក្នុងប្រូហ្វាលហេ្វសប៊ុកផ្ទាល់ខ្លួន ទុកគ្រាន់មើល តែមានកូនក្មេងម្នាក់ធ្លាប់នៅជាមួយ វាស្គាល់លេខសម្ងាត់ចូលទៅក្នុងគណនេយ្យហ្វេសប៊ុកខ្ញុំ ក៏យករូបទាំងហ្នឹងចេញតែម្តង» ។
ថ្វីបើយ៉ាងនេះក្តី អ្នកដែលស្គាល់ស្ត្រីដែលថតជាមួយលោកមេប៉ុស្តិ៍នោះ ប្រាប់អោយដឹងថា មិនមែនជាភរិយាលោកមេប៉ុស្តិ៍ទេ ស្ត្រីខាងលើជាថៅកែហាងលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងក្រុងទេសចរណ៍សៀមរាប ។
ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍តំបន់សៀមរាប-អង្គរមួយរូប គឺលោក រ៉េត សាមុត បានចាត់ទុកសកម្មភាពឱបថើបគ្នាតាមបែបស្ទីលបរទេសខាងលើថា ជាសញ្ញានៃការរអិលធ្លាក់ចុះនៃតម្លៃសីលធម៌សង្គម គួរឲ្យព្រួយបារម្ភបំផុតមួយ ជាពិសេសកម្រិតនៃការគោរពស្រឡាញ់វប្បធម៌ និងទំលៀមទំលាប់ដ៏ថ្លៃថ្នូរ កំពុងត្រូវបានរសាត់ចេញពីកូនខ្មែរយើងហើយ ដោយងាយទៅទទួលយកវប្បធម៌បរទេសជំនួសវិញ ៕
ចែករំលែកព័តមាននេះ