រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មីចាប់ឃាត់ខ្លួនបញ្ជូនយកមកកាន់ស្នាក់ការប៉ុស្តិ៍ភ្លាមៗ បន្ទាប់ពីបុរសរូបនេះប្រើអំពើហិង្សាលើប្រពន្ធបណ្តាលឱ្យពកក្បាល និងប៉ោងភ្នែក ថែមទាំងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដោយដុតម៉ូតូ១គ្រឿងចោល កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៥ ឧសភា២០១៥ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប្រើអំពើហិង្សាមានឈ្មោះ ភួង ផេង អាយុ៥៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងប្រពន្ធជាជនរងគ្រោះឈ្មោះ នៅ សុខនី អាយុ៤៨ឆ្នាំ ស្នាក់នៅជាមួយគ្នា។ មុនពេលកើតហេតុប្រពន្ធឈ្មោះ នៅ សុខនី បានទៅហូបបាញ់ឆែវនៅក្បែរផ្ទះ។
ពេលនោះបុរសជាប្តី ឈ្មោះ ភួង ផេង បានជិះម៉ូតូមួយគ្រឿងធុនC១០០កូរ៉េ ពណ៌ក្រហមមកដល់ផ្ទះ រួចបានស្រែករកប្រពន្ធ និងបានជេរប្រមាថខ្លាំងៗផ្អើលអស់អ្នកជិតខាងនាំគ្នាមករោមមើល លុះពេលប្រពន្ធដើរមកដល់ផ្ទះស្រាប់តែឈ្មោះ ភួង ផេង នោះស្ទុះទៅចាប់បោចសក់ក្បាលស្ត្រីជាប្រពន្ធបោកផ្ទប់ទៅលើដី រួចវាយជាច្រើនដៃចំភ្នែក បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសបែកភ្នែក និងពកក្បាល។
ភ្លាមៗនោះបុរសជាប្តីដឹងខ្លួនធ្វើខុស ក៏ទាញម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចបន្តថា បានមួយថ្លៃកន្លងទៅ ឈ្មោះ ភួង ផេង បានផឹកស្រាស្រវឹងក៏ត្រឡប់មកផ្ទះវិញ ចំពេលប្រពន្ធមិននៅផ្ទះទៀត ហើយដើរទៅបើកឆ្នាំងបាយមិនទាន់ដាំក៏ស្រែកជេរបញ្ចោ រួចដុតម៉ូតូកញ្ចាស់ ធុនC១០០កូរ៉េរបស់ខ្លួនចោល បណ្តាលឱ្យរងការខូចខាតទាំងស្រុង ។
ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនបុរសឈ្មោះ ភួង ផេង នោះតែម្តងទៅ ។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា បុរសខាងលើត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១៨ ឧសភា ២០១៥ នេះ ដើម្បីឱ្យចៅក្រមស៊ើបសួរ និងដាក់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ