ក្រុងប៉ោយប៉ែត ៖ តំបន់ជន់លិចដោយទឹកជំនន់ពីស្រុកសៀមនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពេលនេះបានក្លាយជាតំបន់ទេសចរណ៍យ៉ាងភ្លូកទឹកភ្លូកដីសំរាប់អ្នកក្រុងប៉ោយប៉ែត ក៏ដូចជាអ្នកធ្វើដំណើរមកពីតាមបណ្តាខេត្តចូលលេងកំសាន្ត ។ ដងផ្លូវហាយវ៉េហៅផ្លូវ៥០ម៉ែត្រតភ្ជាប់ពីដងផ្លូវជាតិលេខ៥ឆ្ពោះទៅតំបន់ឧស្សាហកម្មអូរនាងដែលជាទីកន្លែងមានជំនន់ជន់លិចហូរកាត់ផ្លូវនាពេលកន្លងមកនោះ ក្នុងរយៈពេល២ទៅ៣ថ្ងៃនេះក្រោយពីទឹកស្រក គេសង្កេតឃើញតំបន់នោះក្លាយជាទីទេសចរណ៍យ៉ាងសំខាន់ ដោយមានប្រជាពលរដ្ឋមិនថា មន្ត្រីរាជការ ឬសមត្ថកិច្ចទេ ក្នុងនោះមានទាំងអ្នកធ្វើដំណើរតាមរថយន្តតូចធំបានឈប់សំចតត្រៀបត្រាទស្សនាកំសាន្តតំបន់នេះទៀតផង ។ គេឃើញមានអាជីវករលក់ដូរទាំងនោះមានអាហារទទួលទានគ្រប់ប្រភេទដោយបោះតង់សង់ជាខ្ទមហូរហែ ដោយក្រុមអ្នកទេសចរខ្លះក្រាលកន្ទេលទទួលទានអាហារជាលក្ខណៈគ្រួសារខ្លះជាលក្ខណៈមិត្តភក្តិ ។
នៅតាមមុខទឹកហូរគេឃើញក្រុមនិងមនុស្សគ្រប់វ័យបាននាំគ្នាហក់លោតហែលទឹកលេង ខ្លះធ្វើការនេសាទបង់ត្រីខ្លះជិះពោះវៀនរថយន្តបណ្តែតទឹកយ៉ាងសប្បាយ ។ នៅលើដងផ្លូវជាតិលេខ៥ឯណោះវិញគេឃើញរថយន្តទាំងតូចទាំងធំបានចតត្រៀបត្រាអមសងខាងដងផ្លូវមើលទៅគួរគយគន់ពិតពិលពេកពន់ ។ ជាមួយគ្នានេះលំនៅឋានប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ ស្ថិតក្នុងចំណុចអូរជ្រៅ ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ធ្វើឱ្យអ្នកភូមិរស់នៅក្នុងភាពគ្មានអនាម័យ ក្មេងមួយចំនួនបានធ្លាក់ខ្លួនឈឺ ហើយការចេញចូលពីផ្ទះទៅសាលារៀនក៏ជួបការលំបាកច្រើន ព្រោះតែទឹកជ្រៅ ហើយខ្មៅកខ្វក់ ។ អ្នកភូមិខាងលើបានរអ៊ូរទាំថា ការជន់លិចនេះមិនមែនទើបតែឆ្នាំនេះទេ គឺ២ទៅ៣ឆ្នាំមក ហើយចំណែកទឹកដែលជន់លិចនេះ មិនមែនហូរមកពីណានោះទេ គឺជាទឹកភ្លៀង ។
ជំនន់ទឹកភ្លៀងនេះកាលពីឆ្នាំមុនៗស្ថិតនៅរហូតដល់រដូវប្រាំងទើបស្ងួត ដោយខ្លួនឯង ។ អ្នកភូមិចំណុចអូរជ្រៅបានប្រាប់ថា មូលហេតុដែលបណ្តាលឱ្យមានទឹកជន់លិចនេះមាន២ករណី ទី១ដោយសារដីខាងត្បូងភូមិត្រូវបានក្រុមហ៊ុនទិញអស់ ហើយបានសាងសង់អគារ និងជីកស្រះ ដូច្នេះគ្មានមុខទឹកហូរចុះទៅអូរព្រំដែនបានទេ ទើបមានការជន់លិច ។ ទី២ បណ្តាលមកពីប្រព័ន្ធលូនិងប្រឡាយបង្ហូរទឹកនៅខាងកើតភូមិចំណុចព្រំប្រទល់ភូមិបាលិលេយ្យ និងភូមិគីឡូម៉ែត្រលេខ៤ ទឹកមិនអាចហូរចេញចូលបាន ព្រោះអ្នកស្រុកបាននាំគ្នាចាក់ដីបំពេញលូ និងប្រឡាយអស់ ម្យ៉ាងទៀតប្រឡាយបង្ហូរទឹកនេះក៏ត្រូវបានប្រជាពលរដ្ឋធ្វើលំនៅឋានពីលើចំនួន៥គ្រួសារ ទាំងអ្នកលក់ដូរនៅកូនផ្សារតាមដងផ្លូវ ឬតាមប្រឡាយនោះទៀតសោតគឺប្រជាពលរដ្ឋបាននាំគ្នាធ្វើឱ្យស្ទះទឹក ទើបមានការជន់លិចបែបនេះ ។
ការរស់នៅក្នុងសភាពគ្មានអនាម័យ ប្រជាពលរដ្ឋបានប្រាប់ថា ពេលនេះកូនចៅរបស់គាត់មួយចំនួនបានឈឺ ឬកើតរមាស់ ហើយការចេញចូលទៅមកសាលារៀន គឺទាល់តែឪពុកម្តាយ ឬអាណាព្យាបាលអៀវចំលងពីផ្ទះទៅកាន់អតីតផ្លូវរថភ្លើងទើបបន្តដំណើរបាន ។ អ្នកភូមិខ្លះបានរៀបរាប់ថា សូម្បីតែពាងទឹកក៏ត្រូវខ្យងរមាស់ឡើងពងដាក់ដែរ ។ លោកអាន វណ្ណៈ អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកទើបតែទទួលបានរបាយការណ៍ជុំវិញបញ្ហានេះ ហើយលោកនឹងឱ្យក្រុមការងារចុះ ទៅពិនិត្យមើលដើម្បីរកវិធីដោះស្រាយ ៕



ចែករំលែកព័តមាននេះ