រាជធានីភ្នំពេញ ៖ កញ្ញាស្រស់សោភាម្នាក់ដែលគេស្គាល់ថាជាពិធិការិនី និងជាតារាចម្រៀងឈ្មោះ សាសា បានបើករថយន្តស៊េរីទំនើប បុកម៉ូតូជនជាតិបរទេស បណ្តាលអោយដួលបោករងរបួសបាក់ដៃ ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះបង្កភាពភ្ញាក់ផ្អើលដល់មនុស្សម្នាចោមរោមមើលពេញផ្លូវ បង្កកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេព្រោះជាជនបរទេស ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ សេ១០០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1T-4534 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ឯភាគីម្ខាងទៀតគឺជាតារាចំរៀងស្រស់សោភា និងជាពិធិការីឈ្មោះសាសា ជិះរថយន្តមួយគ្រឿងម៉ាក PORCHES ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ជិះតែម្នាក់ឯងដូចគ្នាធ្វើដំណើរតាមផ្លូវលេខ៤៧៤ ក្នុងទឹសដៅពីកើតទៅលិច ។
តាមសំដីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តរបស់តារាចម្រៀងធ្វើដំណើរចេញមកពីផ្លូវលេខ៤៧៤បម្រុងបត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះមុនីវង្ស គាប់ជួនម៉ូតូរបស់ជនជាតិបរទេសជិះឆ្លងកាត់បណ្តាលអោយរថយន្តបុកដួលបាក់ដៃ ឯខាងរថយន្តគ្រាន់តែក្រពិតថ្ពាល់ខាងឆ្វេងបន្តិចប៉ុណ្ណោះ ។ តែរឿងដែលគួរអោយចាប់អារម្មណ៍នោះ គឺខាងប្រជាពលរដ្ឋដែលចោមរោមមើលបានប្រាប់អ្នកសារពត៌មានយើងថា គ្រាន់តែបុកភ្លាមមានគេចោមរោមមើលយ៉ាងច្រើនកុះករ រីឯខាងតារាស្រីឯណេះវិញមិនបាននិយាយជាមួយប៉ូលីសទេ គឺព្យាយាមនិយាយសំរួលតែជាមួយខាងជនជាតិបរទេសម្នាក់ទៀតដែលជាមិត្តភក្កិរបស់ជនរងគ្រោះតែប៉ុណ្ណោះ ដោយនិយាយជាភាសាអង់គ្លេស និងធ្វើកាយវិការអោយជនបរទេសយល់ព្រមបញ្ចប់រឿងនៅនឹងកន្លែង និងហុចនាមប័ណ្ណមួយសន្លឹកទៅអោយជនបរទេសប្រាប់ឲ្យទាក់ទងតាមលេខទូរសព្ទ័មករូបនាងនៅថ្ងៃស្អែក ។ មិនតែប៉ុណ្ណោះថែមទាំងមានអ្នកស្តាប់ឮតារាខ្មែររូបស្រស់មួយរូបដែលគេដឹងថាជាពិធីការិនី ជាតារាចម្រៀង និងជាថៅកែហាងមួយផងនោះ បាននិយាយជាភាសាអង់គ្លេសប្រាប់ទៅជនបរទេសថា រូបនាងមិនចូលចិត្តអ្នកសារពត៌មានខ្មែរទេ និងមិនចង់អោយមានរឿងវែងឆ្ងាយទេ ហើយអារឿងដែលជនជាតិបរទេសប៉ះរថយន្តខ្លួន គឺខ្លួនមិនទាមទារសំណងអ្វីទេ ចាំស្អែកទូរស័ព្ទមក និងធ្វើការដោះស្រាយតែ២នាក់បានហើយកុំអោយរំខានខាងកំលាំងមានសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ ខាងភាគីទាំងពីរសំរួលគ្នាក្រៅផ្លូវការស្ងាត់ៗ និយាយខ្សឹបៗមិនអោយរំខានដល់សម្ថកិច្ចបន្តិចឡើយ ធ្វើឲ្យសមត្ថកិច្ចដែលឈរចាំសម្របសម្រួលនោះមិនដឹងថាការចរចារចប់ទេ ហើយសមត្ថកិច្ចក៏មិនទៅធ្វើការវាស់វែងអ្វីដែរ គ្រាន់តែជួយសំរួលចរាចរណ៍កុំអោយស្ទះចរាចរណ៍ ។
បន្ទាប់ពីចរចារជាមួយជនបរទេសចប់ហើយ នារីរូបស្រស់ឡើងបើករថយន្តត្រឡប់ទៅផ្ទះវិញ ជាចៃដន្យរថយន្តអត់ឆេះ ធ្វើឲ្យប្រជាពលរដ្ឋដែលចោមរោមមើល និងសមត្ថកិច្ចជួយរុញរថយន្តថយក្រោយ បើកទៅអែបចិញ្ចើមផ្លូវ ដើម្បីត្រួតពិនិត្យមើលឡើងវិញ ។
ចំពោះអ្នកដែលចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានធ្វើការរិះគន់ថា គ្រាន់តែតារាចម្រៀង និងពិធិការិនីមួយរូបសោះ មិនចង់និយាយជាមួយសមត្ថកិច្ចទៅហើយ ចុះទម្រាំតែធំជាងនេះទៀតមិនដឹងទៅជាណាទេ ?
ចែករំលែកព័តមាននេះ