ឪពុកតិរច្ឆានចាប់រំលោភកូនចុង១៤ដងទើបបែកការណ៍
ដោយ ៖ អប្សរា
ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:៣២

បទុម
ជនអគតិត្រូវជាប់ខ្នោះ
ខេត្តកំពង់ធំ ៖ ជនសង្ស័យជាឪពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២ កញ្ញា បន្ទាប់ពីបែកធ្លាយរឿងចាប់រំលោភសេពសន្ថវៈ លើកូនចុងអាយុ១៣ឆ្នាំម្នាក់ បានសំរេចចំនួន១៤ដង គិតចាប់តាំងពីឆ្នាំ២០០៩មក ។
ជនជាប់ចោទពីបទរំលោភកូនស្រីចុងរូបនេះអាយុ៣៤ឆ្នាំ ទីលំនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវបានសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កចាប់ខ្លួន បន្ទាប់ពីមានស្ត្រីចំណាស់ជាម្តាយធំដឹកដៃកុមារីរងគ្រោះអាយុ១៣ឆ្នាំ ជាក្មួយរត់ទៅប្តឹងសមត្ថកិច្ច ដោយបានចោទប្រកាន់ថា បុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោភបានសំរេចចំនួន១៤ដង រួចមកហើយនាពេលកន្លងមក ។
ប៉ូលិសស្រុកប្រាសាទបល្ល័ង្ក បាននិយាយឱ្យដឹងថា ឈានដល់ការឃាត់ខ្លួនជនជាប់ចោទនេះ គឺផ្អែកលើពាក្យបណ្តឹងរបស់កុមារីរងគ្រោះ ជាអនីតិជនត្រូវជាកូនចុងបានរៀបរាប់ថា កាលពីឆ្នាំ២០០៩ មិនចាំថ្ងៃ ខែ ពេលនោះឪពុកចុងរូបនេះបាននាំនាងទៅស៊ីឈ្មួលដកសំណាបឱ្យគេ ។ នៅម៉ោងប្រហែលជា៨ទៅ៩ព្រឹក ស្រាប់តែឪពុកចុងចាប់នាងរំលោភតែម្តង ហើយថែមទាំងគំរាមមិនឱ្យនាងនិយាយប្រាប់គេទៀត ។ ដោយខ្លាចឪពុកវាយធ្វើបាប នាងមិនហ៊ាននិយាយប្រាប់ម្តាយទេ ។ ឃើញដូច្នេះឪពុកចុងបានចិត្ត ក៏ចេះតែធ្វើសកម្មភាពចាប់រំលោភនាងម្តងហើយម្តងទៀត រហូតដល់ឆ្នាំ២០១០ ពេលទៅស៊ីឈ្មួលកាច់ពោតនៅថៃ គឺឱ្យតែមានឱកាសឪពុកចុងចេះតែរំលោភនាងជាបន្តបន្ទាប់ ។
ដោយអត់ការងារធ្វើនាងនិងឪពុកចុងក៏ត្រឡប់មកភូមិវិញ ហើយទៅជ្រកកោនជាមួយម្តាយធំជាបងបង្កើតរបស់ម្តាយនាង ។ នៅថ្ងៃទី១០ សីហា ឆ្នាំ២០១០ ពេលនាងទៅចាក់អង្ក្រងក្នុងព្រៃខាងលិចភូមិ ក៏ត្រូវឪពុកចុងរំលោភនាងទៀត ។ នាងនិយាយថា នាងខឹងនឹងឪពុកខ្លាំងណាស់ ថែមទាំងស្អប់ទៀតផង ប៉ុន្តែឱ្យតែមានឱកាសពេលម្តាយ ឬម្តាយធំមិននៅផ្ទះ ឪពុកចុងតែងចាប់រំលោភជានិច្ច ។ ទើបតែនៅថ្ងៃទី៣១ សីហា ឪពុកចុងរូបនេះផឹកស្រាស្រវឹង និងប្រុងចាប់រំលោភនាងបន្តទៀត នាងក៏រត់គេច ទើបធ្វើឱ្យឪពុកចុងរូបនេះខឹងទាញដំបងដេញវាយ ។ ពេលនោះហើយដែលនាងទ្រាំមិនបានក៏និយាយប្រាប់ម្តាយធំឱ្យដឹង ហើយគាត់ក៏ដឹកដៃនាងមកប្តឹងតែម្តង ។
ឪពុកចុងចិត្តតិរិច្ឆានបានសារភាពចំពោះមុខប៉ូលិសថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីចុងបានសំរេច១៤ដង គិតពីឆ្នាំ២០០៩មក ។
ស្ត្រីជាម្តាយកុមារីរងគ្រោះនិយាយថា គាត់មានប្តីទី១ បានកូន២នាក់ រួមទាំងកុមារីរងគ្រោះជាកូនច្បង ហើយបានលែងលះគ្នា ។ ក្រោយមកក៏បានជួបប្តីតិរិច្ឆាននេះ ហើយយកគ្នាជាប្តីប្រពន្ធបានកូន២នាក់បន្ថែមទៀត ។ កន្លងមកគាត់ជាម្តាយមិនដឹងនូវអំពើអាក្រក់ថោកទាបរបស់ប្តីសោះ ឥឡូវសូមសមត្ថកិច្ចចាប់ប្តីគំរកនេះញាត់គុកទៅចុះ ។ ក្រោយសាកសួរ និងចងក្រងសំណុំរឿងរួចជនសង្ស័យជាឪពុកចុងត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី៣ កញ្ញា ៕