ខេត្តកំពង់ស្ពឺ ៖ សាកសពស្ត្រីចំណាស់ម្នាក់ ដែលត្រូវប្រជាពលរដ្ឋប្រទះឃើញនៅក្នុងវាលស្រែបានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីបានចុះផ្សាយក្នុងសារព័ត៌មានកោះសន្តិភាពមក ដែលពេលនេះត្រូវកូនចៅកំពុងតែយកសពទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការរៀបរាប់របស់ស្ត្រីឈ្មោះផាន វិន អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងអញ្ចាញ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ទដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងថា សពដែលប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងវាលស្រែ ក្បែរភូមិ គឺជាម្តាយរបស់គាត់មានឈ្មោះស៊ុំ សឿងអាយុ៦៤ឆ្នាំ មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ។ សព្វថ្ងៃរស់នៅជាមួយកូនម្នាក់ទៀតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ទមានជ័យ ។
ស្ត្រីនោះបន្តថា គាត់បានទទួលដំណឹងពីបងប្អូនអំពីការបាត់ខ្លួនរបស់ម្តាយគាត់តាំងពីថ្ងៃទី១១ មេសា ២០១៥ មកម្ល៉េះ ហើយម្នាក់ៗ ក៏បាននាំគ្នាដើររក តែរកមិនឃើញ ទើបតែឃើញព័ត៌មានផ្សាយ សង្ស័យក៏ទៅសាកសួរសមត្ថកិច្ចអំពីភិនភាគ ទើបដឹងនិងស្គាល់ច្បាស់ថា ជាម្តាយរបស់គាត់ ។
ពេលនេះគាត់និងបងប្អូន បានឯកភាពគ្នានឹងគាស់យកសពទៅធ្វើបុណ្យនៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ ឧសភា ២០១៥ នេះ ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ឧសភា ២០១៥ សពស្ត្រីវ័យចំណាស់ម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងវាលស្រែក្បែរភូមិពង្រឃុំធម្មតាអរ ស្រុកសំរោងទង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាចុះទៅពិនិត្យ ។ សាកសពស្ត្រីចំណាស់ខាងលើ ត្រូវសមត្ថកិច្ចអះអាងថា បានស្លាប់ដោយសារខ្យល់គរ មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ។
ចែករំលែកព័តមាននេះ