លោកអ៊ី ហ្គាំង ទេសាភិបាលរងនៃធនាគារប្រជាមានិតចិនបានបង្ហើបឱ្យដឹងថា ចិនបាននាំមុខជប៉ុនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅលើសាកលលោក និងមាននិន្នាការនាំមុខសហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ នៅលើសាកលលោកក្នុងឆ្នាំ២០២៥។
លោកអ៊ី ហ្គាំង បាននិយាយយោងលើ តួលេខក្នុងអង្គភាពរដ្ឋថា ផលិតផលសរុបក្នុងស្រុក (GDP) ប្រចាំត្រីមាសទី២ខ្ពស់ជាង GDP ជប៉ុនយ៉ាងពិតប្រាកដ ទោះបីជាក្នុងពេលបច្ចុប្បន្នជប៉ុនមិនទាន់ប្រកាសតួលេខGDP ប្រចាំត្រីមាសទី២របស់ខ្លួនក៏ដោយ ។ បច្ចុប្បន្ន បណ្ដាអ្នកសេដ្ឋវិទូជាច្រើននាក់ដែលបានពឹង ផ្អែកលើអត្រារីកចំរើនសេដ្ឋកិច្ចក្នុងត្រីមាសដំបូងបានធ្វើការរំពឹងថា GDP របស់ជប៉ុននឹងទាបជាងចិន ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០០៩ តំលៃ GDP របស់ចិនមានចំនួន៤,៩៨លានលាន ដុល្លារ ខណៈពេលតំលៃ GDP ជប៉ុនស្មើនឹង ៥,០៧លានលានដុល្លារ មានន័យថា GDP របស់ចិនទាបជាងជប៉ុនត្រឹមតែ៣%។
ដោយឡែកនៅពាក់កណ្ដាលឆ្នាំ២០១០ សេដ្ឋកិច្ចរបស់ចិនបានកើនឡើង ១១,១% ខណៈពេលមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ធ្វើការប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ ២០១០ នឹងរីកចំរើន១០,៥% ។ ការរីកចំរើនផ្នែកសេដ្ឋកិច្ចរបស់ជប៉ុនក្នុងឆ្នាំនេះអាចកើន ឡើងត្រឹម២,៤% ប៉ុណ្ណោះ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចរបស់ចិនបានចាប់ផ្ដើម ឈានមុខរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី២គិតត្រឹមត្រីមាសទី២នៃឆ្នាំ២០១០។
អគ្គលេខាធិការនៃគណៈកម្មាធិការ Globle Insight លោកថុត លី បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ជប៉ុនទុំជោរដូចគ្នានឹងសហរដ្ឋអាមេរិក ។ សេដ្ឋកិច្ចជប៉ុនស្ថិតនៅលើបច្ចេកវិទ្យាឈានមុខជាចំបង បើធៀបនឹង អាមេរិក គឺសេដ្ឋកិច្ចចិននៅមានការអភិវឌ្ឍន៍បន្ដទៀត។ ក្រៅពីនេះលោកថុត លី បានឱ្យដឹងទៀតថា ដោយសារសេដ្ឋកិច្ចចិនមានទំហំធំ ចិនអាចកែ ទំរង់ថ្លៃប្រាក់យាន់ឱ្យអូសបន្លាយកាន់តែយូរ*ធ្វើឱ្យចិនអាចប្រជែងជាមួយសហរដ្ឋអាមេរិក ដោយមិនពិបាកសោះឡើយ ៕
ចែករំលែកព័តមាននេះ