ខេត្តកោះកុង ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ កម្លាំងមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកោះកុង បានបើកប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវសាធារណៈ ហើយបានចាប់ឃាត់ខ្លួនបុរសជាជនស៊ីវិលម្នាក់ដែលបានក្លែងខ្លួនជាកងកម្លាំងប្រដាប់អាវុធ ដោយជិះម៉ូតូស្លៀកពាក់ឯកសណ្ឋានប៉ារ៉ា និងមានលាក់អាវុធខ្លីតាមខ្លួនទៀតផង ។
លោកវរសេនីយ៍ឯកតាំង ឈុនស្រេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់«កោះសន្តិភាព»ថា ប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះត្រូវធ្វើឡើងជាប្រចាំ និងតែផ្លាស់ប្តូរគោលដៅជានិច្ចក្នុងទីរួមខេត្តកោះកុង ហើយករណីខាងលើនេះត្រូវបានធ្វើឡើងនៅចំណុចរង្វង់មូលទល់មុខធនាគារអេស៊ីលីដា ដែលដឹកនាំដោយលោកវរសេនីយ៍ត្រីរស់ សុខឿន ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
លោកមេបញ្ជាការរងបានបញ្ជាក់បន្ថែមថា បុរសដែលត្រូវបានឃាត់ខ្លួនខាងលើឈ្មោះហេង មុនីរ័ត្ន អាយុ៣០ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ដែលខណៈពេលឃាត់ខ្លួនជនសង្ស័យស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងប្រដាប់អាវុធ ឈុតប៉ារ៉ា និងបន្ទាប់ពីសមត្ថកិច្ចធ្វើការឆែកឆេរ បានរកឃើញអាវុធខ្លីម៉ាក កា៥៤ មួយដើម មានគ្រាប់៧គ្រាប់ ឯកសណ្ឋានប្រយុទ្ធរបស់កងរាជអាវុធហត្ថ១កំប្លេ មានពាក់ស័ក្តិ៣ ប៉ុន្តែពុំមានលិខិតសម្គាល់ ឬអត្តសញ្ញាណណាមួយបញ្ជាក់ថា ជាកងកម្លាំងរបស់ស្ថាប័នណាមួយឡើយ ។
លោកវរសេនីយ៍ឯកតាំង ឈុនស្រេង បន្ថែមទៀតថា ពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ