ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ទារ​លុយ​គេ​ជំពាក់​ត្រូវ​ចោរ​ឆក់​កាបូប​អស់​ជាង​២០០០​ដុល្លារ

9 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ​ ៖​ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​ក្រុម​ចោរឆក់​កាបូប​អស់ប្រាក់​ជាង​២០០០​ដុល្លា​បង្ក​​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ និង​៣៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥

បន្ទាយ​មាន​ជ័យ​ ៖​ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​ក្រុម​ចោរឆក់​កាបូប​អស់ប្រាក់​ជាង​២០០០​ដុល្លា​បង្ក​​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ និង​៣៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ លើ​ដងផ្លូវ​បេតុង​មួយ​កន្លែង​ចំណុច​ព្រំប្រទល់​ភូមិ​បា​លិ​លេ​យ្យ​០១​និង​ភូមិ​បា​លិ​លេ​យ្យ​០២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខ​ណៈ​កំពុង​ជិះ​ម៉ូតូ​ប្រមូលប្រាក់​គេ​ជំពាក់​ ។​

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​លុយ​ សា​រួន​ អាយុ​៥៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​និមិត្ត​ថ្មី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ជា​អាជីវ​ការ​លក់​កូន​ឈើ​ ។​ ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម សេរី​ឆ្នាំ​២០០៣​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1G-0816 ​ជា​អ្នកបើក​ម៉ូតូ ​ជាមួយ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ប៉ា​ល់​ សុ​ភី​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ។

​នៅ​កន្លែង​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា​ កាបូប​ប្រាក់​របស់​គាត់​ដែល​ចោរឆក់​នោះ​មាន​ចំនួន​២៣០០​ដុល្លា​ និង​ឯកសារ​មួយ​ចំនួន​ទៀត​ ។​ ស្ត្រី​រង​គ្រោះ​ក៏​ដូច​ជា​អ្នក​រួម​ដំណើរ​បាន​និយាយ​ថា​ ដំបូង​ពួក​គាត់​ជិះ​ម៉ូតូ​ដឹក​គ្នា​មក​ពី​ទិស​ខាងត្បូង​ក្នុង​បំណង​រក​ផ្ទះ​គ្រួសារ​​មួយ​ដើម្បី​ទារប្រាក់​ជំពាក់​ថ្លៃ​ទិញ​កូន​ឈើ​ លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​ពីក្រោយ​ ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រាក់​របស់​គាត់​ដែល​បណ្តោង​ជាប់​និង​ក្បាល​ម៉ូតូ​បាន​សម្រេច​ ។

​ទោះជា​យ៉ាងណា​ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ក្រុម​ចោរ​បាន​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រីម មិន​ទាន់​ស្គាល់​ស៊េរី​ឆ្នាំ​ណា ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1l-4890 ​ព្រោះ​ពេល​ធ្វើ​សកម្មភាព​ម៉ូតូ​របស់​ជនសង្ស័យ​ជ្រុល​ចង្កូត​ទៅ​ចូល​មុខ​តូប​លក់​គ្រឿងសំណង់​ បត់​ចេញ​មិនកើត​ ។​

​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ ក្រុម​ចោរ​ម្នាក់រ​ត់ទៅ​ទិស​ខាងជើង​ និង​ម្នាក់រ​ត់ទៅ​ទិស​ខាងលិច​បាត់​ស្រមោល​ ។​

ក្រោយ​ហេតុ​ការណ៍​ចោរ​ឆក់​នេះ​​កើតឡើង​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ នាំ​យក​ម៉ូតូ​សង្ស័យ​ និង​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ដើម្បី​សាកសួរ​ពី​ដំណើរ​ដើមរឿង ​និង​ធ្វើ​កំណត់ហេតុ​ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា​នេះ​ លោក​អ៊ឹម​ សុភា​រះ​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ មិន​ទាន់​វែកមុខ​ក្រុម​ជនសង្ស័យ​ឃើញ​នៅឡើយ​ទេ​ ប៉ុន្តែ​លោ​កថា​ សមត្ថកិច្ច​នៅ​តែ​បន្ត​ស្រាវជ្រៀវ​យ៉ាង​ក្ដៅ​គគុករហូត​ទាល់​តែ​ចាប់​ជន​សង្ស័យ​បាន ​៕​