ខេត្តរតនគិរី ៖ ជំនួញឈើប្រណីតកំពុងកម្រើកឡើងវិញនៅតាមបណ្តាខេត្តដែលនៅជាប់តាមព្រំដែន សព្វថ្ងៃនេះនៅក្នុងក្រុងបានលុង គេសង្កេតឃើញក្រុមឈ្មួញរកស៊ីឈើប្រណីតខុសច្បាប់ជាច្រើនក្រុម មានជនជាតិវៀតណាមជាដើម បានដើរទិញឈើប្រណីតគ្រប់ប្រភេទដែលមានហាងឆេងខ្ពស់នៅទីផ្សារប្រទេសវៀតណាម ។
ជាក់ស្តែងនៅផ្ទះរបស់ជនជាតិវៀតណាមមួយកន្លែង ដែលគេដឹងថា បានផ្ទុកឈើប្រណីតគ្រប់ប្រភេទ ដើម្បីចែកចាយឱ្យថៅកែធំៗ ដែលមានទីតាំងស្ថិតនៅលើទួលបឹងកំសាន ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានម្ចាស់ផ្ទះឈ្មោះជុក ជាជនជាតិវៀតណាម ហើយប្រណីតដែលស្ទុកក្នុងផ្ទះនោះ បានយកមកពីស្រុកវ៉ើនសៃ និងស្រុកតាវែង ។
ប្រភពបានឱ្យដឹងថា ផ្ទះវៀតណាមដែលស្តុកឈើប្រណីតខាងលើនេះ ដំណើរការបានដោយមានការបើកភ្លើងខៀវពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាប់ពីថ្នាក់សង្កាត់ ដល់ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នតែម្តង ដែលក្នុងមួយខែៗត្រូវគេដឹងថា មានចំណូលពីបទល្មើសរាប់ម៉ឺនដុល្លារ ។
ប្រភពបានបន្តទៀតថា នៅក្នុងសកម្មភាពជំនួញឈើប្រណីតធ្វើចរាចរណ៍ដោយរលូន ក្រុមឈ្មួញដឹកតាមរថយន្តគ្រប់ប្រភេទ មានរថយន្តស៊េរីទំនើប រថយន្តធុនធំ ដឹកតាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ក្នុងមួយថ្ងៃៗមិនតិចជាង២០ ទៅ៣០គ្រឿងឡើយ ។ ជាក់ស្តែង រថយន្តសាំយ៉ុងមួយគ្រឿង និងស្ត្រីជាម្ចាស់ឈើដែលមានឈ្មោះស្រីតី ដែលជាឈ្មួញដឹកឈើប្រណីតខុសច្បាប់ បានធ្វើសកម្មភាពដឹកឈើទៅស្តុកនៅផ្ទះជនជាតិវៀតណាមខាងលើ ។
ចំណែកស្ត្រីឈ្មោះតី ដែលជាឈ្មួញឈើបានអួតថា ការដឹកជញ្ជូនឈើនេះ រូបគេមិនខ្លាចការបង្ក្រាបនោះទេ ព្រោះបានបង់លុយជូនមេព្រៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នអស់ហើយ និងមានកងកម្លាំងប្រដាប់អាវុធកាងពីក្រោយថែមទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ