រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកងសន្តិសុខយាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការឃាត់ខ្លួនាំយកទៅប្រគល់ឲ្យប៉ូលីសប៉ុស្ដិ៍កាកាបធ្វើការសាកសួរ និងកសាងសំណុំរឿង បន្ទាប់ពីបុរសនោះជិះម៉ូតូ១គ្រឿងសម្រុកចូលទៅក្នុងអាកាសយានដ្ឋាន បន្ទាប់មកបានផ្លោះរបងចូលទៅក្នុងចំណតយន្តហោះ ក្នុងបំណងចូលបើកបរយន្តហោះទាំងកំរោល ដែលបានបង្កឲ្យមានការ ព្រួយបារម្ភពីសុវត្ថិភាពយន្តហោះ ទើបក្រុមសន្តិសុខឃាត់ខ្លួនតែម្ដង ។ ហេតុករណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសសង្ស័យខាងលើនោះឈ្មោះឯក មិនា អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិនីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជននេះជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា១គ្រឿង ស៊េរីឆ្នាំ២០០៨ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-1349 ហើយមិនដឹងថាជាមនុស្សឡប់សតិ ឬក៍ធ្វើពុតជាឡប់នោះឡើយ ។
ក្រុមកងសន្តិសុខយាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលកំពុងយាមល្បាត ស្រាប់តែបានឃើញជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនសម្រុកចូលទៅក្នុងអាកាសយានដ្ឋានទាំងកំរោល ហើយទុកម៉ូតូចោល រួចបានឡើងផ្លោះរបងចូលទៅក្នុងចំណតយន្តហោះយ៉ាងតក់ក្រហល់បំផុត ។ ពេលឃើញបែបនេះកម្លាំងក៏បាននាំគ្នាដេញចាប់បានភ្លាមៗ ហើយបាននាំទៅប្រគល់ឲ្យប៉ូលិសប៉ុស្ដិ៍កាកាប ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទាំងយប់ ។
ក្រោយពេលឃាត់ខ្លួន ជនសង្សស័យខាងលើនោះបាននិយាយថា នៅមុនពេលកើតហេតុ មានមនុស្ស១ក្រុមបានដេញវាយ និងដេញកាប់ប្រហារខ្លួននៅម្ដុំព្រះវិហារឥស្លាម ដែលមានទីតាំងស្ថិតនៅម្ដុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ខណៈនោះខ្លួនបានជិះម៉ូតូរត់គេចខ្លួនរហូតមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបាននឹកឃើញចង់ចូលទៅបើកយន្តហោះ ដើម្បីគេចខ្លួន ទើបខ្លួនជិះម៉ូតូចូលទៅក្នុងនោះ ហើយបានផ្លោះរបងចូលទៅក្នុងចំណតយន្តហោះក្នុងបំណងបើកយន្តហោះ ក៏ត្រូវបានកម្លាំងសន្តិសុខឃាត់ខ្លួនតែម្ដង ។
ជនសង្ស័យបាននិយាយថា ប៉ូលិសត្រូវតែដោះលែងខ្លួនជាបន្ទាន់ បើមិនដូច្នេះទេខ្លួននឹងប្រាប់បងប្រុស ដែលជាឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះឯក តារា ឲ្យចាប់ដាក់គុកមិនខានឡើយ ព្រមទាំងប្រាប់លេខទូរស័ព្ទរបស់បងប្រុសខ្លួនថែមទៀតផង គឺ០១២ ៨៨ ៩៩ ០៥ ។
មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថា មិនទាន់ដឹងថា ឈ្មោះឧត្តមសេនីយ៍ និងលេខទូរស័ព្ទខាងលើនោះជាការប្រឌិត ឬបែបណានោះឡើយ ព្រោះកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ ក្រោយពេលសាកសួរមួយជំហាននៅប៉ុស្ដិ៍ប៉ូលិសកាកាបរួចមក ។
ជនសង្ស័យខាងលើនោះត្រូវបានបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវបន្ត ហើយមិនទាន់ដឹងថាបុរសនោះជាមនុស្សឡប់សតិ ឬបែបណានោះទេ ៕
ចែករំលែកព័តមាននេះ