រាជធានីភ្នំពេញ ៖ ជនសង្ស័យចោរប្លន់ម៉ូតូ២នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំងប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងពីគូស្នហ៍វ័យក្មេង១គូ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយសាសងគ្នាក្នុងរោងពុះដីឡូត៍លក់មួយកន្លែង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថៃ្ងទី០៤ ឧសភា ២០១៥ នៅក្នុងរោងពុះដីឡូត៍លក់ ក្នុងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ។ ជនសង្ស័យដែលត្រូវចាប់ខ្លួបាន១-ឈ្មោះសែន វិសាល អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ ២-ឈ្មោះអឿន សុភា អាយុ២១ឆ្នាំ ជាកម្មករសំណង់ និងបក្សពួក២នាក់ទៀត ដែលរត់គេចខ្លួននោះ ម្នាក់ឈ្មោះម៉ុត សុខឿន អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ និងម្នាក់ទៀត ឈ្មោះធឿន ប៊ុនសក្ត័ អាយុ១៧ឆ្នាំ ជាសិស្ស ហើយជនសង្ស័យទាំង៤នាក់នោះ មានទីលំនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិចពីយុវជនម្នាក់ឈ្មោះអ៊ីង ភារុទ្ធ អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលចំណែកស្ត្រីជាសង្សារមិនត្រូវបានស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយសាសងគ្នានៅក្នុងរោងចាំដីខាងលើ ខណៈនោះស្រាប់តែជនសង្ស័យខ្លះជិះកង់ និងខ្លះទៀត បានដើរចូលទៅជិត រួចបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូជនរងគ្រោះ។
ក្រោយពេលធ្វើសកម្មភាពបានសម្រេច ហើយជិះរត់គេចទៅដេកផ្ទះសំណាក់មិនស្គាល់ឈ្មោះ ស្ថិតនៅម្ដុំមុខផ្សារហេងលី រាជធានីភ្នំពេញមួយយប់។ លុះព្រឹកថៃ្ងទី៥ ឧសភា ២០១៥ វេលាម៉ោង៧ព្រឹក ទើបជិះត្រឡប់មកវិញ ដល់ត្រង់ចំណុចមុខវិទ្យាល័យអង្គស្នួលជនសង្ស័យខាងលើ បានជួបជនសង្ស័យម្នាក់ទៀតឈ្មោះ ណា ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ដែលធ្លាប់ស្គាល់គ្នា ខណៈពេលចូលរាំក្នុងក្លិបឌីស្កូជាមួយគ្នា ពេលយប់ៗកន្លងមក។
ពេលនោះជនសង្ស័យក៏បានប្រគល់ម៉ូតូដែលវាយប្លន់បានពីជនរងគ្រោះនោះឲ្យទៅឈ្មោះ ណា យកបន្តទៅកាន់ខេត្តកំពង់ស្ពឺបាត់ស្រមោល ចំណែកពួកគេត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួនបាន២នាក់ និងរត់រួច២នាក់ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ