ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​លួច​រថយន្ត​មិន​បាន​សម្រេច​ត្រូវ​សន្តិ​សុខ​​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ជនសង្ស័យជា​ចោរលួច​រថយន្ត​ម្នាក់ ត្រូវ​​កម្លាំង​សន្តិសុខ​យាម​នៅ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយចាប់​ឃាត់ខ្លួនប្រគល់​ទៅ​ឲ្យ​ប៉ូ​លិស​ប៉ុស្ដិ៍​ចោម​ចៅធ្វើការសាកសួរ ​និង​កសាង​សំណុំរឿង

រាជ​ធានី​​ភ្នំពេញ​ ៖ ជនសង្ស័យជា​ចោរលួច​រថយន្ត​ម្នាក់ ត្រូវ​​កម្លាំង​សន្តិសុខ​យាម​នៅ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយចាប់​ឃាត់ខ្លួនប្រគល់​ទៅ​ឲ្យ​ប៉ូ​លិស​ប៉ុស្ដិ៍​ចោម​ចៅធ្វើការសាកសួរ ​និង​កសាង​សំណុំរឿង ចាត់ការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​ចូលទៅ​លួច​រថយន្ត​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើមិន​បាន​សម្រេច​។

ហេតុ​ការ​ណ៍នេះបាន​កើតឡើង កាលពី​វេលាម៉ោង​២​​រំលងអធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​០៧ ​ឧសភា  ​​២០១៥ នៅ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយមួយ​កន្លែង ដែល​មាន​ទីតាំង​នៅ​ម្ដុំ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​​​ឈ្មោះ អ៊ឹ​ង រតនា អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំរោងចក្រ​៣​ជាន់​គ្លេ​ត​ភី ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ និង​មាន​ស្រុ​កំណើត​នៅ​ក្នុងភូមិឈ្លីក​ក្រោម ឃុំ​ដំណាក់កន្ទួត ស្រុក​ដងទង់ ខេត្តកំពត​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើបានចូល​ទៅ​ធ្វើ​សកម្មភាពលួច​យក​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយចំណុះ​២​តោន​កន្លះ​មួយ​គ្រឿងនៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​។ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាពត្រូវ​​សន្តិសុខយាម​នៅ​ទីនោះប្រទះ​ឃើញ​ទាន់​ក៏បាន​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ​និង​បានប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ប៉ុស្ដិ៍ចោម​ចៅ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជន​នោះ​បានសារភាព​ថា ​ខ្លួន​ពិតជាបាន​ចូល​ទៅ​ធ្វើ​សកម្មភាពលួច​រថយន្ត​នោះ​មែន ដោយសារ​តែ​មានការ​គំរាមកំហែងពីសំណាក់​ជនប្រដាប់អាវុធ​មួយ​ក្រុម ដោយនៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ទៅ​លេងសង្សារដែល​បម្រើ​ា​ការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៃ​ដា​។ លុះ​ពេលត្រឡប់​មក​វិញ ខ្លួន​បាន​ជិះ​ម៉ូតូឌុប​១​គ្រឿង ​ហើយ​ពេល​ទៅ​ដល់​ផ្លូវ​លេខ​២០០៤ បាន​ជួប​នឹងជន​ប្រដាប់អាវុធ​១​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​។

ខណៈនោះ​ក៏ត្រូវមនុស្ស​១​ក្រុម​នោះចាប់​ក្រៀក​ខ្លួនដាក់​ក្នុង​រថយន្តគំរាម​សម្លាប់​ចោល​ និង​បាន​បង្ខំ​ឲ្យ​ចូលទៅ​លួច​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ ដោយ​ជន​ទាំងនោះ​បាន​ប្រាប់​ថា រថយន្ត​នោះ​មាន​សោ​នៅ​ជាប់​ស្រាប់​។ ពេល​នោះ​ដោយ​ខ្លាច​ជនប្រដាប់អាវុធ​ខាងលើបាញ់សម្លាប់​ខ្លួន​ក៏បាន​ផ្សងគ្រោះថ្នាក់ផ្លោះ​របង​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត​ហ៊ី​យ៉ា​ន់ដាយនោះ​ដើម្បី​ចូល​ទៅ​លួច​រថយន្ត ដោយ​ខ្មាន់​កាំភ្លើង​ទាំងនោះបាន​ភ្ជង់​រហូត​ដល់​ពេល​ខ្លួន​ផ្លោះរបង ។ ​លុះ​ចូល​ទៅ​ដល់បានឃើញ​មាន​រថយន្តដែល​មាន​ភិនភាគដូច​​ជនប្រដាប់អាវុធទាំងនោះ​ប្រាប់​មែន ហើយ​ខ្លួន​ក៏បាន​ធ្វើ​សកម្មភាព​លួច ប៉ុន្តែ​សំណាង​អាក្រក់​ត្រូវ​សន្តិសុខ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូ​លិស​តែ​ម្ដង ចំណែក​ជន​ទាំងនោះបាន​រត់គេច​ខ្លួន​បាត់​ស្រមោល​៕​