ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យមរាជ​ជាប់គុក​51​ឆ្នាំ តវ៉ា​សុំ​នៅ​ក្រៅ​ឃុំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៥ បាន​បញ្ចប់​សវនាការ​សំណុំរឿង​ប៉ុនប៉ង​ធ្វើឃាត​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៥ បាន​បញ្ចប់​សវនាការ​សំណុំរឿង​ប៉ុនប៉ង​ធ្វើឃាត​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសលោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ និង​សម្លាប់​លោក​ចៅក្រម សុក សេដ្ឋា​មុនី ក្នុង​ឆ្នាំ​២០០៣ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ហង្ស វុ​ទ្ធី រហស្សនាម​យមរាជ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​ប្រព្រឹត្ត​តាម​បញ្ជា ហេង ពៅ ។

ក្រោយ​សាកសួរ​ដេញដោល​លើ​បណ្តឹង​ជំទាស់​របស់​ជនជាប់ចោទ​ពេញ​មួយ​ថ្ងៃ ចៅក្រម​បាន​ប្រកាស​ពន្យារពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ខាង​មុខ ។ ក្នុង​ពេល​សវនាការ ចៅក្រម​បាន​លើក​ឡើង​ថា​ជនជាប់ចោទ និង​បក្សពួក​បី​នាក់​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ថា ប៉ុនប៉ង​មនុស្សឃាត ។ ក្នុង​ពេល​នោះ​តុលាការ​បាន​កាត់ទោស​កំបាំង​មុខ​ដាក់គុក​១៥​ឆ្នាំ ។ ដោយ​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ជនជាប់ចោទ​បាន​ប្តឹង​ជំទាស់​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ ទើប​តុលាការ​លើកយក​រឿង​នេះ​មក​ជម្រះ ។

ក្នុង​ពេល​សវនាការ​សំណុំរឿង​នេះ​តុលាការ​បាន​លើកយក​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជនជាប់ចោទ​ឬ​ជា​ឧក្រិដ្ឋជន​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ ដែល​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ តែ​ក្រោយ​ពេល​សវនាការ​ពេញ​មួយ​ព្រឹក ចៅក្រម​បាន​ប្រកាស​សាលក្រម​ច្រាន​ចោលការ​សុំ​នៅ​ក្រៅ​ឃុំ​តែ​ម្តង ។ នៅ​ពេល​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ដដែល​នេះ តុលាការ​ក៏​បាន​លើកយក​អង្គសេចក្តី​មក​ជម្រះ​បញ្ចប់ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣០ មេ​សា ខាង​មុខ​នេះ ។ ឯការ​តវ៉ាសុំ​នៅ​ក្រៅ​ឃុំ អង្គ​សវនាការ​ទាត់​ចោល​ទាំងស្រុង ។

បាន​កត់​សម្គាល់ថា ឧក្រិដ្ឋជន​ឈ្មោះ ហង្ស វុ​ទ្ធី ដែល​មាន​រហស្សនាម​យមរាជ ដែល​អ្នក​ណា​ក៏​ស្គាល់​ដែរ​ថា ជន​នេះ​ជើង​ខ្លាំង​ខាង​បាញ់បោះ និង​សម្លាប់​មនុស្ស ជា​សេនា​ដៃស្តាំ​របស់​ឧក្រិដ្ឋជន ហេង ពៅ និង​ជា​អតីតមន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ទាប់​មក​ត្រូវ​បាន​អង្គភាព​ចាត់តាំង​ឱ្យទៅ​បម្រើ​ការងារ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ត​ខេត្តកណ្តាល​។ នៅ​ខេត្តកណ្តាល យមរាជ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង និង​ល្បីឈ្មោះ​ខាង​អាក្រក់ ត្រូវ​បាន​អង្គភាព​ដក​ទៅ​បញ្ឈរជើង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ អំឡុង​ក្រោយ​ឆ្នាំ​២០០០ ក្រោយ​ពេល​ឈ្មោះ ហេង ពៅ ឡើង​ធ្វើ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ឧក្រិដ្ឋជន​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ មក​ធ្វើ​ជា​មន្ត្រី​ជំនិត ឬ​ជា​សេនា​ដៃស្តាំ ។

ដោយសារ​ការ​ប្រព្រឹត្ត​អំពើអាក្រក់​ច្រើន​ពេក តាម​បញ្ជា​មេខ្លោង ហេង ពៅ យមរាជ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០០៦ លើ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ធំ​ៗ​មាន​៤​ករណី ។ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​សរុប​ដាក់​ពន្ធនាគារ​រយៈពេល​៥១​ឆ្នាំ ។ ចុង​ក្រោយ ទោស​ហែក​គុក​រត់​ដែល​មាន​សាលក្រម​កំបាំង​មុខ យមរាជ​បាន​ប្តឹង​សារទុក្ខ​ជំទាស់​សាលក្រម​នេះ និង​សុំ​នៅ​ក្រៅ​ឃុំ​វិញ ។ បណ្តឹង​ជំទាស់​សុំ​នៅ​ក្រៅ​ឃុំ​រឿង​ហែក​គុក​រត់​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០១៥ នេះ ។

គួ​រំឭក​ថា ក្នុង​ឆ្នាំ​២០០៦​ទណ្ឌិត ហង្ស វុ​ទ្ធី ហៅ​យមរាជ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​បក្សពួក​ពាក់ព័ន្ធ​ពី​បទឧក្រិដ្ឋ​ធំ​ៗ៤ ដែល​បទល្មើស​នោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ផ្តន្ទាទោស​ជា​ស្ថាពរ​រួច​អស់ហើយ ។

សាលក្រម​ទី​១-​លេខ​១៥១ដ​(១៨.០៩ ២០០៦)​ របស់​លោក​ចៅក្រម គឹ​ម រ៉ា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ផ្តន្ទាទោស​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ ដាក់​ពន្ធនាគារ​រយៈពេល​១៦​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​បាន ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​ក្នុង​ការ​ធ្វើឃាត​លើ​លោក សុខ សេដ្ឋា​មុនី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ មេ​សា ២០០៣ នៅ​រាជធានី​ភ្នំពេញ ។

សាលក្រម​ទី​២-​លេខ​២៨ ក្រ​២ (២៨.០៣.២០០៨)​របស់ លោក​ចៅក្រម ឆាយ គង់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ផ្តន្ទាទោស​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ ដាក់​ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​បាន ពី​បទ​ធ្វើ​មនុស្សឃាត​គិត​ទុកជា​មុន លើ​លោក គឹ​ម ដា​រ៉ា​វុ​ធ ប្រធាន​សាខា​អគ្គិសនី​ចាក់​អង្រែ​ក្រោម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា ឆ្នាំ​២០០៥ នៅ​ជិត​របង​វិទ្យាល័យ​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សាលក្រម​ទី​៣-​លេខ​០៧​កប IV (១២.០៣.២០០៩)​របស់​លោក​ចៅក្រម អ៊ី​វ គឹ​ម​ស្រីុ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ផ្តន្ទាទោស​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ ដាក់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​បាន ដែល​សាលក្រម​នេះ​ពាក់ព័ន្ធ​ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​គិត​ទុកជា​មុន​ទៅ​លើ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៨.១៩ ធ្នូ ២០០៣ ។

សាលក្រម​ទី​៤-​លេខ​០៦​ឈ​(១១.០១.២០០៧) របស់​ចៅក្រម​លោក​គង់ សែត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ផ្តន្ទាទោស​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​បាន ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា គឺ​ហែក​របង​គុក​ព្រៃ​ស​រត់ និង​បាន​គេចខ្លួន​កាលពី​ថ្ងៃ​ទី​១១ មិថុនា ២០០៦ ។
នៅ​មាន​សាលក្រម​មួយទៀត​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃា​ដលោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ផង​ដែរ ។

គួរ​បញ្ជាក់​ទៀត​ថា ទណ្ឌិត​ថ្នាក់​ឧក្រិដ្ឋ ហង្ស វុ​ទ្ធី ហៅ​យមរាជ ពេល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​នោះ​មាន​ទណ្ឌិត ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​មេខ្លោង ទណ្ឌិត លី រ៉ា​ស៊ី ហៅ​ទិវា ០៣ អតីត​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។ ទណ្ឌិត ព្រំ សោភា​រិ​ទ្ធ អតីត​ប្រធាន​ផ្នែក​ម​ជ្ឍឹ​ម​១ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ទណ្ឌិត ហង្ស វុ​ត្ថា ប្អូនប្រុស ហង្ស វុ​ទ្ធី ហៅ​យមរាជ អតីតមន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ទណ្ឌិត អំ សំ​ខេ​ង (​ស្លាប់​ក្នុង​ពន្ធនាគារ​បាត់​ហើយ​) ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​បក្សពួក​មួយ​ចំនួន​ទៀត  ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​សរាង​យឺត​ពេល​បន្តិច ព្រោះ​សម្លាប់​មនុស្ស​បាន​ច្រើន​ណាស់ ។

ក្នុង​ចន្លោះ​ពេល​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១១ មិថុនា ២០០៦ ទណ្ឌិត​ឈ្មោះ ហង្ស វុ​ទ្ធី ហៅ​យមរាជ និង​បក្សពួក​១​ក្រុម​ដែល​ជាប់​ក្នុង​បន្ទប់​តែ​មួយ បាន​ប្រើប្រាស់​រណារ​អារ​ដែក អារ​ចម្រឹង​ទ្វារ​បង្អួច​បន្ទប់​ឃុំខ្លួន​ពន្ធនាគារ​ព្រៃ​ស​រត់គេច​ខ្លួន​នៅ​ពេល​យប់​ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ។ យមរាជ និង​បក្សពួក​ជាង​១០​នាក់ ហែក​គុក​ព្រៃ​ស​រត់​ចេញ​ទៅ​ពេល​យប់​នោះ មាន​គេ​ឃើញ​រថយន្ត​១​គ្រឿង​ទៅ​ចាំ​ទទួលយក​ដែល​ខ្លះ​ជិះ​រថយន្ត​នោះ ខ្លះ​មិន​បាន​ឡើង​រថយន្ត​នោះ​ទេ ។

ដោយឡែក ទណ្ឌិត​យមរាជ ហាក់ដូចជា​ដឹងខ្លួន​ថា បើ​ទៅ​ជិះ​រថយន្ត​នោះ​ប្រាកដជា​មិន​សល់​ជីវិត ។ ដូច្នោះ​បាន​បង្ខំចិត្ត​ដើរ​កាត់​វាលស្រែ និង​ប្រឡាយ​ទឹកស្ទឹង​ព្រែក​ត្នោត សំដៅ​ឡើង​កាន់​ផ្លូវជាតិ​លេខ​២ ដែល​តាម​ចម្លើយ​ក្រោយ​ពី​ចាប់ខ្លួន ហង្ស វុ​ទ្ធី ហៅ​យមរាជ បាន​សារភាព​ថា​មាន​បងប្អូន​ទៅ​ទទួល​នៅ​វេលា​ទៀប​ភ្លឺ ។ ក្រោយ​ពី​ការ​គេចខ្លួន​ចេញពី​ពន្ធនាគារ ហង្ស វុ​ទ្ធី ហៅ​យមរាជ បាន​ទៅ​សុំ​ផ្ទះ​គេ​ស្នាក់​នៅ​លាក់ខ្លួន​ក្នុង​ខេត្តកំពត​មួយ​រយៈ ។ បន្ទាប់​មក​បាន​ចុះទូក​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​អូស​បង្គា​រលើ​ផ្ទៃសមុទ្រ​ដែល​កម្រ​ឡើងគោក​ណាស់ ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន ។ ដោយសារ​មុខរបរ​ធ្វើ​កម្មករ​នេសាទ​អូស​បង្គា​រលើ​ផ្ទៃសមុទ្រ​លំបាក​ទ្រាំទ្រ​ពេក ឈ្មោះ ហង្ស វុ​ទ្ធី បាន​រក​ឱកាស​គេចខ្លួន​ទៅ​ធ្វើ​ជា​កម្មករ​ដាំដំឡូង​ក្នុង​ទឹកដី​ថៃ​ជាប់​ព្រំប្រទល់​កម្ពុជា​យើង​ដែរ ក្នុង​តំបន់​ប៉ែក​ជាំ​ក្សាន្ត ខេត្តបន្ទាយមានជ័យ ។

ចាត់​ទុក​ថា បាបកម្ម​តាម​ផ្តន្ទា និង​ឈាម​ស្រែក​ស្បែក​ហៅ ហង្ស វុ​ទ្ធី ហៅ​យមរាជ ដេក​មិន​សុខ​ធ្វើការ​មិនកើត​បាន​សម្រេចចិត្ត​ចូល​សារភាព ដែល​ជា​ការ​ទាល់ច្រក ។ ពេល​ចូល​សារភាព​នៅ​ថ្ងៃ​ទី​១២ មេ​សា ២០១២ បាន​និយាយ​ជាមួយ​ម្តាយបង្កើត​របស់​គេ​ឱ្យ​ទាក់ទង​ទៅ​អង្គការ​លី​កាដូ​.​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ចូលខ្លួន ព្រោះ​មិន​ហ៊ាន​ចូល​តាម​រយៈ​សមត្ថកិច្ច​ត្រង់​ៗ​ទេ ខ្លាច​គ្រោះ​ដល់​ជីវិត​។ ពេល​ចូល​សារភាព អង្គការ​លី​កាដូ​បាន​ទៅ​ទទួលយក​ឈ្មោះ​យមរាជ​នៅ​ទីកន្លែង​មួយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទឹកដី​ខេត្តកំពត​។ លុះ​ពេល​នាំ​មក​ដល់​ទីស្នាក់ការ អង្គការ​លី​កាដូ​មិន​ហ៊ាន​ទុក​យូរ​ទេ ព្រោះ​ជា​ឧក្រិដ្ឋជន ដូច្នោះ​អង្គការ​លី​កាដូ​បាន​ទាក់ទង​ទៅ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ កាល​នៅ​ជា​ប្រធាន​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ទៅ​ទទួលយក​ឈ្មោះ យមរាជ ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​ឧក្រិដ្ឋជន​ឈ្មោះ ហង្ស វុ​ទ្ធី ត្រូវ​បាន​ចាប់ខ្លួន​ប​ញ្ជួ​ន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ ។ ក្រោយមក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ងរ​ហូត​សព្វ​ថ្ងៃនេះ ។ នៅ​ពេល​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ទណ្ឌិត ហង្ស វុ​ទ្ធី ហៅ​យមរាជ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ដឹក​មក និង​នៅ​ពេល​ចប់​ត្រូវ​ដឹក​ទៅ​ឃុំខ្លួន​កន្លែង​ដើម​វិញ ៕