ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្ដីប្រពន្ធ២នាក់ ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទឃុបឃិតចាប់ជម្រិតនៅថៃ តាមពាក្យបណ្ដឹងរបស់ស្ត្រីសមាជិកក្រុមហ៊ុន (អៃយ៉ារ៉ា) ម្នាក់ កាលពីរសៀលថ្ងៃទី១២ មេសា ២០១៥ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ពេលដែលមកទារប្រាក់២០ម៉ឺនបាតបន្ថែម។ ជនសង្ស័យទាំង២ខាងលើ បុរសជាប្ដីឈ្មោះស៊ុំ ស៊ីណាត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះឆេង ហង្ស ឬហុក ហង្ស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមស្ត្រីរងគ្រោះឈ្មោះវង្ស ស្រីមុំ អាយុ៤០ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ០២ សង្កាត់និងក្រុងប៉ោយប៉ែត ជាសមាជិកក្រុមហ៊ុន (អៃយ៉ារ៉ា) ផ្នែកលក់ផលិតផលល្ងរខ្មៅ ប្រាប់ថា នាងបានស្គាល់ជនសង្ស័យ២នាក់ប្ដីប្រពន្ធនៅវត្តភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណ នៅពេលដែលទៅនិមន្តលោកស្រោចទឹក បន្ទាប់មកក៏មានទំនាក់ទំនងស្គាល់គ្នា រហូតនាងជាជនសង្ស័យមកដល់ក្រុងប៉ោយប៉ែត ដើម្បីខ្ចីប្រាក់២.០០០បាតទៀតផង។ ជនរងគ្រោះបន្តថា លុះក្រោយមកជនសង្ស័យបានប្រាប់ថា មានគេត្រូវការផលិតផលល្ងរខ្មៅ៧ទៅ៨ឈុត នៅឯប្រទេសថៃ ហើយក៏បបួលយកថ្នាំទៅឲ្យគេនៅក្រុងបាងកក។ ជនរងគ្រោះប្រាប់ថា នៅរសៀលថ្ងៃទី០៩ ជនសង្ស័យបានចេញពីកម្ពុជាទៅថៃ រង់ចាំនៅផ្សាររុងក្លឿមុន បន្ទាប់មកចុចទូរស័ព្ទប្រាប់ថា គេចាំនៅទីនោះ នាងក៏ទៅតាមក្រោយជួបគ្នា។
ស្ត្រីរងគ្រោះបន្តថា ពេលទៅដល់ប្រទេសថៃនៅយប់ថ្ងៃទី០៩ មេសា នោះ នាងនិងស្ត្រីជនសង្ស័យដេកផ្ទះរបស់បងជនសង្ស័យ ជាអ្នកលក់បាយ លុះរសៀលថ្ងៃទី១០ ជនសង្ស័យបាននាំនាងទៅលេងផ្សារទំនើបមិនស្គាល់ឈ្មោះទិញទឹកកកផឹក រួចជនសង្ស័យក៍បានគេចទៅបាត់មួយភ្លេត ស្រាប់តែមានជនបុរសថៃ២នាក់ ស្លៀកពាក់ស៊ីវិល មកអះអាងថា គេជាប៉ូលីសសុំឆែកឆេរផលិតផល ស្រាប់តែឃើញមានថ្នាំញៀន០១គ្រាប់។ ស្ត្រីរងគ្រោះបន្តថា ក្រោយហេតុការឆែកឆេរនោះ បុរស២នាក់នោះក៏បាននាំនាងជិះរថយន្តតាក់ស៊ីថា នាំទៅស្ថានីយប៉ូលីស ទីបំផុតយកនាងទៅទុកនៅចំណុចសួនច្បារមួយក្បែរស្ថានីយប៉ូលីសទៅវិញ។ នាងបន្តថា នៅចំណុចសួនច្បារនោះ បុរសសង្ស័យទាំង២បានទាក់ទងជាមួយស្ត្រីសង្ស័យឲ្យទៅកន្លែងកើតហេតុ ដើម្បីនិយាយគ្នា។ អ្វីដែលគួរឲ្យហួសចិត្តនោះ ស្ត្រីរងគ្រោះប្រាប់ថា បុរសទាំង២បានជម្រិតទារប្រាក់ចំនួន៣០ម៉ឺនបាត តាមរយៈស្ត្រីសង្ស័យ ទើបគេឲ្យរួចខ្លួន។ នាងបន្តថា នៅកន្លែងកើតហេតុស្ត្រីសង្ស័យបានក្លាយជាអ្នករត់ការសម្របសម្រួល ដោយឲ្យនាងវេរប្រាក់ចំនួន១០ម៉ឺនបាត ឲ្យសិន គេសុខចិត្តចេញជំនួស២០ម៉ឺនបាត ចាំសងគ្នានៅដីខ្មែរ។ ស្ត្រីរងគ្រោះបន្តថា ដើម្បីរួចជីវិតពីការចាប់ជម្រិតនេះ នាងបានខ្ចីប្រាក់បងប្អូន ហើយឲ្យកូនស្រីបង្កើតឈ្មោះល័ក្ខ វេរ ទៅឲ្យចំនួន១០បាត តាមធនាគារថៃចំនួន២ ដាក់ចូលលេខកុង ដែលគេឲ្យទើបបុរសសង្ស័យទាំង២នាក់នោះ ព្រមឲ្យលិខិតឆ្លងដែន និងអនុញ្ញាតឲ្យត្រឡប់មកស្រុកវិញ។ ជនរងគ្រោះបន្តថា ថ្ងៃទី១១ នាងបានវិលត្រឡប់មកដល់កម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ពីស្ត្រីសង្ស័យ លុះរសៀលថ្ងៃទី១២ខែឆ្នាំដដែល ស្ត្រីសង្ស័យបាននាំប្ដីមកទារប្រាក់២០បាត ដែលគេថា បានចេញឲ្យបុរសជនជាតិថៃនោះ ស្រាប់តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង។
ជុំវិញករណីខាងលើស្ត្រីសង្ស័យនិយាយថា នៅថ្ងៃទី០៩ មេសា ២០១៥ នាងនិងប្ដីប្រុងចេញពីកម្ពុជាទៅថៃរួមគ្នា ប៉ុន្តែដោយសារប្ដីចុកពោះក៏ឲ្យវិលត្រឡប់ទៅផ្ទះវិញ ហើយនាងបានទៅប្រទេសថៃជាមួយស្ត្រីឈ្មោះវង្សស្រីមុំ។ ស្ត្រីសង្ស័យបន្តថា រឿងរ៉ាវដែលកើតឡើងនៅក្នុងប្រទេសថៃរវាងនាងវង្ស ស្រីមុំ និងបុរសថៃ២នាក់ដែលឆែកឆេរប៉ះថ្នាំញៀននោះ នាងមិនពាក់ព័ន្ធទេ ប៉ុន្តែនាងទទួលស្គាល់ថា នាងជាអ្នកសម្របសម្រួលជាមួយបុរសថៃទាំង២នាក់នោះ ហើយថា ប្រាក់ដែលឈ្មោះវង្ស ស្រីមុំ វេរឲ្យ១០ម៉ឺនបាតនោះ នាងឲ្យបុរសថៃទាំង២នាក់ តែ៤ម៉ឺនបាតទេ មិនតែប៉ុណ្ណោះនាងទទួលស្គាល់ថា សូម្បីតែលិខិតឆ្លងដែនរបស់វង្ស ស្រីមុំ ក៏នាងជាអ្នកទាក់ទងទូរស័ព្ទពីបុរសថៃទាំង២នាក់ ឲ្យផ្ញើរតាក់ស៊ីឲ្យជនរងគ្រោះដែរ។ លុះមកដល់ដីខ្មែរស្រាប់តែឈ្មោះវង្ស ស្រីមុំ ទូរស័ព្ទឲ្យនាង (ជនសង្ស័យ) មកយកប្រាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
លោកព្រហ្ម ពិសិដ្ឋ នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ មេសា នេះថា ករណីខាងលើជនរងគ្រោះបានប្ដឹងជនសង្ស័យពីបទចាប់ជម្រិតលើទឹកដីថៃ។ លោកនាយផ្នែកប្រាប់ថា ជនសង្ស័យបានសារភាពថា ប្រាក់ដែលកូនជនរងគ្រោះវេរឲ្យ១០ម៉ឺនបាតនោះ គឺជនសង្ស័យ និងបុរសជនជាតិថៃ ចែកគ្នា ដោយនាងទទួលបាន៦ម៉ឺនបាត លុះមកទារប្រាក់បន្ថែម ទើបសមត្ថកិច្ចចាប់ខ្លួន។ ទោះជាយ៉ាងណា លោកនាយផ្នែកប្រាប់ថា ជនសង្ស័យ២នាក់ប្ដីប្រពន្ធត្រូវបានបញ្ជូនទៅតុលាការហើយកាលពីរសៀលថ្ងៃទី១៣ កន្លងទៅថ្មីៗនេះ៕
ចែករំលែកព័តមាននេះ