ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា ចុះហត្ថលេខា​លើ​ច្បាប់ថ្មី​ដាក់​ទណ្ឌកម្ម​អ៊ី​រ៉​ង់

15 ឆ្នាំ មុន

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោកបា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​១ កក្កដា បាន​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​មួយ​ដាក់​ទណ្ឌកម្មប្រឆាំង​អ៊ី​រ៉​ង់ ដោយ​លោក​ប្រធានាធិបតី​បានហៅ​ច្បាប់​ថ្មី​នេះ​ថា ជា​វិធានការ​ថ្មី​មួយទៀត ដែល​អា​មេ​រិ​ក និង​សហគមន៍​អន្ដរជាតិ​ប្ដេជ្ញាចិត្ដ​រារាំង​អ៊ី​រ៉​ង់​កុំឱ្យ​សំរេច​បាន​អាវុធ​នុយ​ក្លេអ៊ែ​រ ។ នៅ​ក្នុង​ពី​ធី​ចុះហត្ថលេខា​លើ​ច្បាប់​នេះ ដែល​រៀបចំ​ឡើង​នៅ​សេត​វិមាន​ក្នុង​ទីក្រុង​វ៉ាស៊ី​ន​តោន លោក​ប្រធានាធិបតី​អូ​បា​ម៉ា គូសបញ្ជាក់​ថា ក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប បានសំរេច​អនុម័ត​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរប្រឆាំង​អ៊ី​រ៉​ង់ ហើយ​អូស្ដ្រាលី និង​សហគមន៍អឺរ៉ុប​បាន​និង​កំពុង​ពិចារណា​មើល​ពី​ការ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ជាង​មុន​គឺ​ដាក់​ឱ្យ​នៅ​ឯកោនូវ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ។

លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ថ្លែង​ថា ច្បាប់ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​អ៊ី​ី​រ៉​ង់​មានការ​លំបាក​ក្នុង​ការទិញ​វត្ថុធាតុដើម​សំរាប់​ការ​ផលិត​អាវុធ​នុយក្លេ​អ៊ែ​រ​របស់​ខ្លួន ព្រោះ​ច្បាប់​ថ្មី​នេះ​មិន​ត្រឹមតែសំដៅដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ី​រ៉​ង់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​ចំពោះ​ប្រទេស​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ផលិត​នុយក្លេអ៊ែររបស់​អ៊ី​រ៉​ង់​ផង​ដែរ ។ លោក​អូ​បា​ម៉ា ថ្លែងទៀត​ថា យើង​កំពុង​បង្ហាញ​ដល់​រដ្ឋាភិបាលអ៊ី​រ៉​ង់​ថា សកម្មភាព​ផលិត​នុយក្លេអ៊ែរ​របស់ខ្លួន​មាន​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​ប្រសិនបើ​វានៅ​តែ​មាន​នេះ​សំពាធ​លើ​ខ្លួន (​អ៊ី​រ៉​ង់​) នឹងកើនឡើង ៕