ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​ពី​ផ្សារ​សែន​ជូរី​ផ្លា​ហ្សា​ចាប់​បាន​នៅ​សង្កាត់ទឹក​ល្អក់​៣

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​ម្ចាស់​ និង​នគរ​បាល​ខណ្ឌ​ទួល​គោក​​ដេញ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៩ មីនា ២០១៥ នៅ​ចំណុច​តាម​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​ម្ចាស់​ និង​នគរ​បាល​ខណ្ឌ​ទួល​គោក​​ដេញ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៩ មីនា ២០១៥ នៅ​ចំណុច​តាម​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​គេ​មួយ​គ្រឿង​ម៉ាក​និច​ ពណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CR៥៥៧៧ ពី​ផ្សារ​សែន​ជូរី សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​។

ជន​សង្ស័យ​ឈ្មោះសុខ សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មាន​ទី​លំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​អ៊ូង ចាន់​ណារ៉ូ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​សែន​ជូរី​ផ្លា​ហ្សា​ មាន​ទី​លំនៅ​ក្បែរ​ផ្សារ​នោះ​ដែរ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​បន្លែ​មក​លក់​នៅ​ផ្សារ​សែន​ជូរី​ផ្លាហ្សា​ ហើយ​ចត​​ម៉ូតូ​ទុក​ចោល​នៅ​ក្បែរ​កន្លែង​លក់​ ស្រាប់​តែមានជន​សង្ស័យ​ម្នាក់​មក​ដល់​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេច​ខ្លួន​បាត់​។

ប្រភព​បន្ត​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​ ម្ចាស់​បាន​តាម​ស្វែង​រក​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ លុះ​ដើរ​រក​រហូត​ដល់​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ​ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​កំពុង​ឈប់​ម៉ូតូ​នៅ​ផ្លូវ​ឌឿង​ហែម​លេខ​១៩២​ ធ្វើ​សកម្ម​ភាព​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ​ ពេល​នោះ​ម្ចាស់​ម៉ូតូ​បាន​ស្រែក​ឆោ​ឡោ​​​ធ្វើ​ឱ្យ​ផ្អើល​ដល់​សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​ដេញ​ចាប់​។ ខណៈ​នោះ​ជន​សង្ស័យ​ភ័យ​ស្លន់​ស្លោ​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ហាង​អ៊ុត​សក់​មួយ​កន្លែង​នៅ​តា​ម​ផ្លូវ​២៦១ ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​ និង​ដក​ហូត​ម៉ូតូ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក​បញ្ជូន​មក​ឱ្យ​សមត្ថ​កិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី៕