ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក្ស​ចំនួន​4​នឹង​បង្ហាញខ្លួន​ក្នុង​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣ ឆ្នាំមមែ ត្រូវ​នឹង​ថ្ងៃ​ទី​១៤,១៥,១៦ មេ​សា ២០១៥ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នឹង​បង្ហាញ «​យក្ស​ចំនួន​៤ គឺ នំអន្សម​យក្ស​ទម្ងន់​ជាង​៣​តោន​,

ខេត្តសៀមរាប ៖ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣ ឆ្នាំមមែ ត្រូវ​នឹង​ថ្ងៃ​ទី​១៤,១៥,១៦ មេ​សា ២០១៥ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នឹង​បង្ហាញ «​យក្ស​ចំនួន​៤ គឺ នំអន្សម​យក្ស​ទម្ងន់​ជាង​៣​តោន​, អង្រុត​យក្ស​, មួក​យក្ស​, និង​កន្ត្រងប្រហុក​យក្ស ។

លោក​ចាន់ សុភាព តំណាង​សមាគម​ចុងភៅ​កម្ពុជា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ឆ្នាំ​កន្លង​ទៅ​នេះ​សមាគម​ចុងភៅ​កម្ពុជា​បាន​ទទួល​ជោគជ័យ​ម្តង​រួច​មក​ហើយ​ក្នុង​ការ​ផ្តើមគំនិត​ថ្មី​ដំបូង​គេ​បង្អស់​បង្កើត​អ្វី​ដែល​ធំ​ជាងគេ នោះ​គឺ​នំអន្សម​យក្ស​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ កាលពី​ឆ្នាំ​មុន នំអន្សម​យក្ស​មាន​ទម្ងន់​ជាង​២​តោន និង​ចំណាយ​អស់ប្រាក់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​នំអន្សម​យក្ស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ មិន​ដូច​ឆ្នាំ​មុន​ទេ គឺ​វា​មាន​ទម្ងន់​រហូត​ដល់​ជាង​៣​តោន និង​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​បង្កើត​អង្រុត​យក្ស​, មួក​យក្ស​ស្លឹក​ត្នោត​យក្ស និង​កន្ត្រងប្រហុក​យក្ស ដោយ​ឱ្យ​អ្នក​ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​អ្នក​ផលិត ។

លោក​ឡឹ​ក វន់ មេ​ភូមិ​ព្រះ​ដាក និង​ជា​អ្នក​ចាត់ចែង​អនុវត្ត​គម្រោង​វត្ថុ​យក្ស​ទាំង​បី​ប្រភេទ​នោះ ឱ្យ​កោះសន្តិភាព​ដឹង​ថា អាជ្ញាធរ​អប្សរា ដែល​ជា​ម្ចាស់​គម្រោង​បាន​កំណត់​ការ​ស្ថាបនា​ដំឡើង​អង្រុត​យក្ស​, មួក​យក្ស និង​កន្ត្រងប្រហុក​យក្ស​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៥ ។ មុន​ពេល​ដំណើរការ​ផលិត​វត្ថុ​យក្ស​ទាំង​បី​នោះ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៥ ពួក​គាត់​ជ្រើសរើស​រក​ទិញ​ឫស្សី​ពី​៣​ភូមិ  ឯណោះ ។ ឫស្សី​ដែល​ទិញ​យក​មក​បង្កើត​វត្ថុ​យក្ស​ទាំង​៣​នោះ គឺជា​ឫស្សី​ដែល​មាន​អាយុ​ចាស់​ឆ្នាំ និង ធំ​ៗ​ល្អ ព្រមទាំង​ប្រើ​ដែក និង​ផ្តៅ​ផង​ដែរ ។

ចំពោះ​អង្រុត​យក្ស លោក​មេ​ភូមិ​ឱ្យ​ដឹង​ថា ត្រូវ​ប្រើ​ឫស្សី​អស់​៣៧​ដើម និង​ផ្តៅ​អស់​២០០​ដើម ដោយ​ឱ្យ​បុរស​ចំនួន​៩​នាក់​ជា​អ្នក​ផលិត​ក្នុង​រយៈពេល​២៤​ថ្ងៃ និង​ចំណាយ​ប្រាក់​ចំនួន​៩០០​ដុល្លារ ។

ចំណែក​កន្ត្រងប្រហុក​យក្ស​ប្រើ​ឫស្សី​៧​ដើម និង​ដែក​៣​ដើម ចំណាយ​ប្រាក់​ចំនួន​៣៥០​ដុល្លារ ដោយ​ឱ្យ​បុរស​៩​នាក់​ជា​អ្នក​ផលិត ។ ដោយឡែក មួក​ស្លឹក​ត្នោត​យក្ស​ប្រើ​ឫស្សី​៨​ដើម និង​ស្លឹក​ត្នោត​ប្រមាណ​៤​ដើម ចំណាយ​ប្រាក់​៧០០​ដុល្លារ ដោយ​ឱ្យ​ស្រី្ត​២​នាក់​ផលិត និង​ចំណាយពេល​កន្លះ​ខែ ។

វត្ថុ​យក្ស​ទាំង​បី​ប្រភេទ​នោះ អាជ្ញាធរ​អប្សរា នឹង​ដាក់​តាំងនៅ​មុខ​ប្រាសាទបាយ័ន ដើម្បី​ជូន​មហាជន​ទស្សនា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។
លោក​ប៉ិ អ៊​ន់ ប្រធាន​ក្រុមការងារ​ផលិត​អង្រុត​យក្ស​, មួក​យក្ស និង​កន្ត្រងប្រហុក​យក្ស ឱ្យ​ដឹង​ថា វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ​សម្រាប់​ការ​ផលិត​វត្ថុ​យក្ស​ទាំង​បី​ប្រភេទ​នោះ ព្រោះ​វា​ខុស​នឹង​អង្រុត​, កន្ត្រងប្រហុក​, មួក​ដែល​អ្នក​ឃុំ​ព្រះ​ដាក​ធ្វើ​លក់​ជា​ធម្មតា​៕