ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់អ្នកដំណើរ២៥នាក់បានរងរបួសធ្ងន់-ស្រាល និងស្ត្រីម្នាក់បានស្លាប់ ដោយសាររថយន្តដឹកអ្នកដំណើរមួយគ្រឿងជ្រុលចង្កូតធ្លាក់ចេញពីផ្លូវ ហោះទៅបុកថ្មបេតុងប្រព័ន្ធលូរបង្ហូទឹកទាំងកំរោល កាលពីវេលាម៉ោង២ និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ដែលគេសង្ស័យថាបណ្ដាលមកពីអ្នកបើកបរដេកលក់មួយភាំងពេលកំពុងកាន់ចង្កូតរថយន្ត ។
មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរនោះរបស់ក្រុមហ៊ុន «លីហុង» ដែលពាក់ស្លាកលេខភ្នំពេញ 3B-6159 ដោយដឹកអ្នកដំណើរពេលយប់ពីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែត ។ មន្ត្រីដដែលបញ្ជាក់ថា ពេលកំពុងធ្វើដំណើរស្រាប់តែរថយន្តនេះរេចង្កូតទៅខាងស្ដាំដៃធ្លាក់ប្រឡាយ បុកនឹងខឿនបេតុងប្រព័ន្ធលូខាងមុខផ្ទះអ្នកស្រុកពេញទំហឹង បណ្ដាលឲ្យអ្នកដំណើរម្នាក់ឈ្មោះអំ អូន ភេទស្រី អាយុ៤១ឆ្នាំ នៅក្រុងកំពង់ឆ្នាំង ស្លាប់ភ្លាមៗដោយកៀបជាប់ក្នុងរថយន្ត ខណៈអ្នកដំណើរចំនួន២៥នាក់ទៀតរងរបួស ក្នុងនោះមាន៣នាក់រងរបួសធ្ងន់ ។
គ្មានប្រភព ឬសាក្សីណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យរថយន្តដឹកអ្នកដំណើរខាងលើនេះជួបគ្រោះថ្នាក់នោះទេ ប៉ុន្តែបើតាមការអះអាងពីអ្នកដំណើរជិះក្នុងរថយន្តនោះថា មិនមានឧបស័គ្គណាមួយដែលនាំឲ្យរថយន្តនេះរេចង្កូតធ្លាក់ចេញពីផ្លូវនោះទេ ។ ប្រភពដដែលនិយាយថា ពេលកំពុងធ្វើដំណើរលើផ្លូវត្រង់សុខៗស្រាប់តែរថយន្តរេចង្កូតចេញពីផ្លូវភ្លាមរំពេច ដែលគេសន្និដ្ធានថា មកពីអ្នកបើកបរដេកលក់មួយភាំង បណ្តាលឱ្យរថយន្តបានហោះទាំងកំរោលចូលក្នុងប្រឡាយ ហើយឆ្លងទៅបុកកំទេចបេតុងថ្មប្រព័ន្ធលូទឹក ហើយកៀបជាប់ស្ត្រីម្នាក់ស្លាប់ភា្លមៗតែម្ដង រីឯអ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្តជាងពាក់បណ្ដាលបានរងរបួសធ្ងន់ និងស្រាល ។
លោកម៉ែន បូរី នាយផ្នែកចរាចរណ៍ខេត្តបានឲ្យដឹងដែរថា រថយន្តដឹកអ្នកដំណើរដែលជួបគ្រោះថ្នាក់នេះ ត្រូវគេសង្ស័យភាគច្រើនគឺបង្កឡើងដោយអ្នកបើកបរ ដែលដេកលក់ពេលខ្លួនកំពុងកាន់ចង្កូតរថយន្ត ។ អ្នកបើកបររូបនេះមិនបានគិតគួរអំពីជីវិតអ្នកដំណើរជាង៤០នាក់នៅក្នុងរថយន្តរបស់ខ្លួនទេ ។ លោកថា កម្លាំងរបស់ការិយាល័យចរាចរណ៍ខេត្ត និងកម្លាំងជំនាញស្រុកសង្កែ បានចុះអន្តរាគមន៍ជួយដឹកជញ្ជូនជនរងគ្រោះទាំងយប់ ទៅកាន់មន្ទីរពេទ្យ និងដឹកជនរងគ្រោះដែលស្លាប់ទៅកាន់លំនៅឋាននៅខេត្តកំពង់ឆ្នាំង រីឯរថយន្តបង្កនោះក៏ត្រូវបានកម្លាំងជំនាញនាំយកមកកាន់ការិយាល័យចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ដែរ ៕
ចែករំលែកព័តមាននេះ