ខេត្តក្រចេះ ៖ បុរសជាព្រូរថយន្តក្រុងវៀតណាមម្នាក់បានស្លាប់ដោយដាច់ដៃខាងស្តាំម្ខាង និងអ្នកបើកបររថយន្តក៏ត្រូវរងរបួសធ្ងន់ នៅក្នុងហេតុការណ៏នៃគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កឡើងដោយរថយន្តក្រុងរបស់វៀតណាមបុកជាមួយ និងរថយន្តយីឌុបដឹកដំឡូង នៅលើកំណាត់ផ្លូវជាតិមួយ ក្បែរនឹងច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ។
នគរបាលចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមីនា នៅលើកំណាត់ផ្លូវជាតិលេខ៧៤ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ក្បែរនឹងព្រំដែនអន្តរជាតិត្រកម្ពុជា-វៀតណាម ពាំងស្រែ ។ យ៉ាងណាក៏ដោយក្រោយពីបង្ក អ្នកបើកបររថយន្តយីឌុបដឹកដំឡូងមី បានរត់គេចខ្លួនបាត់ ចំណែកឯករថយន្តក្រុង ដែលមានអ្នកជិះសុទ្ឋតែជនជាតិវៀតណាម មានចំនួនជាង២០នាក់ ក្នុងនោះបានបង្កឲ្យបុរសជាព្រូរថយន្តម្នាក់បានស្លាប់ដាច់ដៃម្ខាង កៀបជាប់នឹងទ្វាររថយន្ត ហើយអ្នកជិះចំនួន១១នាក់ទៀត របួសធ្ងន់ ស្រាល ។
លោកវរសេនិយ៏ត្រី កែ វិណូ អធិការរងទទួលបន្ទុកចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា បន្ទាប់ពីពិនិត្យ និងវាស់វែង នៅកន្លែងកើតហេតុ នគរបាលជំនាញបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នោះគឺ បណ្តាលមកពីរថយន្តយីឌុបដឹកដំឡូងមីរបស់ខ្មែរ បានបើកវ៉ារថយន្តយីឌុបមួយគ្រឿងទៀត បានទៅបុកជាមួយនឹងរថយន្តក្រុងវៀតណាម ក្នុងទិសដៅបញ្ច្រាស់គ្នា បើកក្នុងល្បឿនលឿនដូចគ្នា ចំពីមុខ ពេញទំហឹងបណ្តាលឲ្យបុករួញជាប់គ្នា ។ ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុក ដឹកនាំដោយលោកគង់ គឹមនី អភិបាលស្រុកស្នួល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីចាត់ចែងសង្គ្រោះអ្នករងរបួស ។
នគរបាលចរាចរណ៏បានឲ្យដឹងថា ក្នុងរថយន្តក្រុងវៀតណាមមានអ្នកធ្វើដំណើរចំនួនជាង២០នាក់ សុទ្ឋសឹងជនជាតិវៀតណាម ក្នុងទិសដៅ ពីស្រុកឡុកនិញ ប្រទេសវៀតណាម ទៅខេត្តមណ្ឌលគីរី ក្នុងនោះបង្កឲ្យព្រូរថយន្តជនជាតិវៀតណាម អាយុ៣៣ឆ្នាំ ម្នាក់បានស្លាប់ និងតៃកុងរបួសធ្ងន់ហើយក៏ត្រូវចាត់បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ។
លោកអធិការរងបានបញ្ជាក់ថា រថយន្តទាំងពីរគ្រឿង គឺត្រូវបាននាំយកមករក្សារទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយបន្ត ៕
ចែករំលែកព័តមាននេះ