ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស្ទាវ​៣នាក់​ខ្លាំង​ដូច​តោ​ បា.ញ់​រះ​ដោយ​កាំភ្លើង AK-47 ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​បា.ញ់​រះ​យ៉ាង​សាហា.វ​ប្រមាណ​ជិត​២០​គ្រាប់​ដោយ​កាំភ្លើង​អាកា ដូច​ក្នុង​ខ្សែភាពយន្ត បាន​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដែល​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ញ័រ​កក្រើក​កណ្តាលរាត្រី

រាជធានី​ភ្នំពេញ ៖ ស្នូរ​បាញ់​រះ​យ៉ាង​សាហាវ​ប្រមាណ​ជិត​២០​គ្រាប់​ដោយ​កាំភ្លើង​អាកា ដូច​ក្នុង​ខ្សែភាពយន្ត បាន​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដែល​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ញ័រ​កក្រើក​កណ្តាលរាត្រី ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា ។ ហេតុការណ៍​បាញ់​រះ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ជនប្រដាប់អាវុធ​មួយ​ក្រុម មាន​គ្នា​៣​នាក់ បាន​ជិះ​រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ីស​៥៧០​មួយ​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី និង​កាំភ្លើង​វែង​ម៉ាក​អាកា​៤៧ គ្រប់​ដៃ បាន​បាញ់​ស្រោច​លើ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ បណ្តាល​ឱ្យ​មានការ​អន្តរាយ​យ៉ាងដំណំ ដោយសារ​តែ​ការ​តុបតែង​ក្លិប​រាត្រី​ដ៏​ធំ​នេះ លម្អ​ដោយ​កញ្ចក់​ចម្រុះ​ពណ៌ ។

ករណី​បាញ់ប្រហារ​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ការ​បាញ់​រះ​នេះ សមត្ថកិច្ច​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​១១ ប៉ុន្តែ​សន្តិសុខ​ទីនោះ​និយាយ​ថា ការ​បាញ់​នេះ​ប្រមាណ​ជា​១៧​គ្រាប់​ឯណោះ ។

ប្រភព​ព័ត៌មាន​នានា​បានឱ្យ​ដឹង​ថា ក្រុម​ជនប្រដាប់អាវុធ​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​៣​នាក់​នេះ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​គឺ ១-​ឈ្មោះ ទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ ក្រិ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៣-​ឈ្មោះ ឡាន់ អាយុ​៣២​ឆ្នាំ ដែល​សុទ្ធតែ​ជា​ឈ្មោះ​សម្រាប់​ហៅ​ក្រៅ​ប៉ុណ្ណោះ ។ ពួក​គេ​បាន​ជិះ​រថយន្ត​ឡិច​សុ​ី​ស​៥៧០ ពណ៌​ស មួយ​គ្រឿង​ចូល​ទៅ​បង្ករឿង រួច​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ដោយ​សុវត្ថិភាព​បាត់​ទៅ បន្ទាប់​ពី​ពួក​គេ​បាន​វាយ​បុរស​ម្នាក់ ដែល​ជា​អតីត​គូទំនាស់ ឈ្មោះ ទេព សុវណ្ណ​ដា​រ៉ា ហៅ​ចាប អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​ការិយាល័យ​អន្តរាគមន៍​រាជធានី​ភ្នំពេញ ដោយ​វាយ​ចំនួន​២​ស្នាប់​កាំភ្លើងខ្លី បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ និង​គ្នីគ្នា​មួយ​ក្រុម​មាន​ប្រុស មាន​ស្រី បាន​នាំ​គ្នា​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​ក្នុង​បន្ទប់​លេខ​២៥១ នៃ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ស្រាប់តែ​លេចមុខ​ក្រុម​ជន​បង្ក​ទាំង​៣​នាក់​ខាងលើ នាំ​គ្នា​មក​គោះ​ទ្វារ​បន្ទប់​ខារ៉ាអូខេ​នោះ ។ ពេល​ឮ​សំឡេង​គោះ​ទ្វារ​នោះ ឈ្មោះ ទេព សុវណ្ណ​ដា​រ៉ា ក៏​ចេញ​មក​បើកទ្វារ ហើយ​ត្រូវ​ក្រុម​ជន​ទាំងនោះ​ប្រាប់​ឱ្យឈ្មោះ ឡុ​ញ សំណាង ចេញ​មក​ក្រៅ ដើម្បី​និយាយ​គ្នា​ពី​រឿង​ដែល​ជន​ម្នាក់​នេះ​បាន​ទះកំផ្លៀង​ឈ្មោះ ក្រិ​ម ជា​បក្សពួក​របស់​គេ កាលពី​យប់​ថ្ងៃ​ទី​១១ មីនា កន្លង​មក នៅ​ក្នុង​មណ្ឌល​កម្សាន្ត​រ៉ក់​នេះ ។

ពេល​ដែល​គូភាគី​ទាំង​ពីរ​កំពុងនិយាយ​គ្នា​មិន​បាន​ប៉ុន្មាន​ម៉ាត់​ផង ឈ្មោះ ក្រិ​ម បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម​ពី​ចង្កេះ វាយ​ទៅ​លើ​ក្បាល​ឈ្មោះ សុវណ្ណ​ដា​រ៉ា ចំនួន​ពីរ​ដង បណ្តាល​ឱ្យ​បែក និង​ហូរ​ឈាម​ស្រោច​ខ្លួន ។

ក្រោយ​ពេល​ជន​បង្ក​ធ្វើ​សកម្មភាព​វាយ​ក្បាល​បែក​ហើយ ក្រុម​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ឡើង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ពេល​មានការ​ភ្ញាក់ផ្អើល​ហើយ​នោះ បុរស​ជា​បក្ខពួក​ក្រុម​ជន​បង្ក​ម្នាក់ ឈ្មោះ ទូ បាន​រត់​ចេញ​មក​ក្រៅ​រួចខ្លួន ចំណែក​បក្ខពួក​របស់​គេ​ពីរ​នាក់​ទៀត ត្រូវ​បាន​ក្រុម​សន្តិសុខ​បិទទ្វារ​ជាប់​នៅ​ខាងក្នុង មិន​អាច​ចេញ​រួច​ទេ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​ដែល​ដឹង​ថា បក្ខពួក​របស់​គេ​ទាំង​ពីរ​នាក់​ទៀត ត្រូវ​ក្រុម​សន្តិសុខ​បិទទ្វារ​ជាប់​នៅ​ខាងក្នុង​នោះ ឈ្មោះ ទូ បាន​រត់​សំដៅ​ទៅ​រថយន្ត​របស់​ខ្លួន យក​កាំភ្លើង​អាកា​៤៧​មួយ​ដើម មក​ឈរ​ជំទែង​យ៉ាង​ស្ទាត់ជំនាញ បាញ់​រះ​ជា​ច្រើន​គ្រាប់ ស្រោច​ទៅ​លើ​ទ្វារ​កញ្ចក់​ក្នុង​ចេតនា​រំដោះ​បក្ខពួក​របស់​ខ្លួន​ពីរ​នាក់​ទៀត​ដែល​ជាប់​ក្នុង​នោះ ។ ពេល​បាញ់​រះ​លាន់​កក្រើក​មួយ​ចំហៀង​ក្រុង​នោះ អ្នក​ណា​ៗ​ក៏​រត់គេច​រក​កន្លែង​ពួន​ដែរ ជា​ឱកាស​ឱ្យ​បក្ខពួក​២​នាក់​ដែល​ជាប់​ក្នុង​ក្លិប អាច​រត់​ចេញ​មក​ក្រៅ​វិញ​បាន​ដោយ​សុវត្ថិភាព រួច​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ពី​ទីនោះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​តែ​បុរស​ជា​គូបដិបក្ខ​រង​គ្រោះ និង​ការ​ភ្ញាក់ផ្អើល ។

លុះ​ព្រឹក​ឡើង កម្លាំង​សមត្ថកិច្ច ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​ឡិច​ស៊ីស​៥៧០ អត់​ស្លាក​លេខ របស់​ក្រុម​ជន​ទាំង​៣​នាក់ ដែល​បើក​យក​ទៅ​ចត​ទុក​ចោល​នៅ​ក្នុង​បុរី​ពិភព​ថ្មី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​កាំភ្លើង​អាកា​៤៧​មួយ​ដើម ដែល​ពួក​គេ​ប្រើ​សម្រាប់​បាញ់​រះ​នោះ ត្រូវ​គេ​យក​ទៅ​លាក់​ក្នុង​រោង​ម៉ា​ស៊ី​ន​ភ្លើង​ក្បែរ​នោះ​ដែរ ។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច បាន​រក​ឃើញ​រថយន្ត​និង​កាំភ្លើង​អាកា​៤៧​នេះ​រួច​មក សមត្ថកិច្ច​កំពុង​តែ​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​បង្ក​ទាំង​៣​នាក់​ដែល​កំពុង​តែ​រត់គេច​ខ្លួន​នៅឡើយ ទំនង​ចាប់ខ្យល់​ទៀត​ហើយ​៕