អាជ្ញាធរស្រុកកំពង់សិលាចុះបង្ក្រាបរោងម៉ាស៊ីនកែច្នៃឈើ៤កន្លែង
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២១

ព្រៃនប់
កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានរឹបអូសឈើដុល ឈើច្រៀក និងឈើច្នៃរួច
ខេត្តព្រះសីហនុ ៖ រោងម៉ាស៊ីនកែច្នៃឈើខ្នាតតូចចំនួន៤ដែលមានទីតាំងនៅកន្លែងផ្សេងៗគ្នាក្នុងស្រុកកំពង់សិលា ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះបង្ក្រាប កាលពីថ្ងៃទី៨ កញ្ញា កន្លងមកនេះ នៅចំណុចដីក្រហមស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោកខេង តេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយមានការចូលរួមពីលោកអនុសេនីយ៍ទោខែម សុផល អធិការរងប៉ូលិសស្រុកទទួលបន្ទុកសន្តិសុខ លោកតុង សែន នាយផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល លោកមេបញ្ជាការ-មេបញ្ជាការរងកងរាជអាវុធហត្ថនិងយោធាស្រុកព្រមទាំងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពស្រុកជាច្រើនទៀត ។
តាមព័ត៌មានពីកន្លែងបង្ក្រាបបានឱ្យដឹងថា រោងម៉ាស៊ីនកែច្នៃឈើទាំងនេះពិតមែនតែមិនមែនជាកន្លែងធំដុំ ក៏ប៉ុន្តែគឺជាកន្លែងលួចធ្វើអាជីវកម្មខុសច្បាប់ ដោយការបំផ្លាញព្រៃឈើដើម្បីយកមកកែច្នៃ ក្នុងនោះមានទាំងឈើដុលជាច្រើនដុំ ឈើអារជាច្រើនសន្លឹក និងឈើអារបន្ទះធំៗ ដែលច្រៀកចេញពីឈើដុលមិនទាន់ច្នៃរៀបចំដាក់ចូលទៅក្នុងម៉ាស៊ីនច្រៀកទៅជាគ្រឿងឈើផ្សេងៗពីគ្នារាប់សិបសន្លឹកទៀត ។ អ្នកលួចធ្វើអាជីវកម្មអារឈើខុសច្បាប់នេះ បានយកវត្ថុតាងខ្លះៗដូចជាម៉ាស៊ីនជាដើមទៅលាក់ទុកនៅកន្លែងផ្សេងៗគ្នាតែយកពុំទាន់អស់ក៏ត្រូវអាជ្ញាធររឹបអូសបន្ទាប់ពីឡោមព័ទ្ធទីតាំងទាំង៤កន្លែងក្នុងពេលតែមួយ ធ្វើឱ្យឈ្មួញតាមកន្លែងនីមួយៗគ្មានឱកាសប្រមូលវត្ថុតាងឱ្យអស់គឺបានត្រឹមតែយករួចខ្លួនប៉ុណ្ណោះ ។
មន្ត្រីផ្លូវការឱ្យដឹងថា ម្ចាស់រោងម៉ាស៊ីនបានដឹងខ្លួនមុនពេលកម្លាំងបង្ក្រាបទៅដល់ ។ កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានរឹបអូសឈើដុល ឈើច្រៀក និងឈើច្នៃរួចជាច្រើនម៉ែត្រគូបហើយវត្ថុតាងទាំងនោះមួយចំនួនត្រូវបានអាជ្ញាធរដឹកយកមករក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើក្នុងស្រុកកំពង់សិលា ឯឈើមួយចំនួនទៀតដែលរថយន្តចូលដឹកពុំដល់ត្រូវបានអាជ្ញាធរដុតកំទេចចោលនៅនឹងកន្លែង ។ លោកខេង តេង អភិបាលស្រុកកំពង់សិលាបានប្រាប់ភ្នាក់ងារកោះសន្តិភាពតាមទូរស័ព្ទថា ចំពោះការបង្ក្រាបនោះវត្ថុតាងដែលកម្លាំងចំរុះបានរឹបអូស លោកពុំទាន់អាចកំណត់ពីចំនួនផ្លូវការបានភ្លាមៗទេ គឺត្រូវរង់ចាំមន្ត្រីជំនាញធ្វើការវាស់វែងសិន ៕