ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានឱ្យកោះសន្តិភាពដឹងនៅរសៀលថ្ងៃទី២៧ កុម្ភៈ នេះ ថា ភរិយាមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ បានប្រើកាំបិតប៉័ងតោកាប់ទៅលើប្អូនស្រី និងស្វាមី បណ្ដាលឱ្យរបួសធ្ងន់ ដោយសារខឹងប្អូនស្រីគាត់ និងស្វាមីមិនព្រមទិញមាន់របស់ខ្លួន (មាន់ប្រពន្ធប៉េអឹម) ហើយជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនានា និងស្ថាប័នតុលាការ ដោយរិះគន់ថា មិនយកចិត្តទុកដាក់លើសំណុំរឿងនេះ។
ស្ត្រីដែលអះអាងថា ត្រូវជាបងស្ត្រីរបស់ជនរងគ្រោះបាននិយាយថា ប្អូនស្រីរបស់ខ្លួនដែលរងគ្រោះឈ្មោះហុច វ៉ាន់ អាយុ២៩ឆ្នាំ រងរបួសដៃខាងស្ដាំ រីឯស្វាមីឈ្មោះខែន ទេន អាយុ៣២ឆ្នាំ រងរបួសរយះលើផ្ទៃមុខ នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ។ ដោយឡែកស្ត្រីដៃដល់ឈ្មោះស្រីកា អាយុ៣២ឆ្នាំ ជាប្រពន្ធមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ឈ្មោះសាន ។
ប្រភពខាងលើបានបញ្ជាក់ថា ឈ្មោះស្រីកា បានប្រើកាំបិតប៉័ងតោកាប់ទៅលើប្អូនរបស់គាត់និងប្ដីតាំងពីព្រឹកថ្ងៃទី២៥ កុម្ភៈ នៅក្នុងផ្សារអន្លង់វិល ក្នុងស្រុកសង្កែ ដោយសារខឹងប្អូនស្រីគាត់មិនព្រមទិញមាន់ខ្លួន (ប្រពន្ធប៉េអឹម) ។
គាត់និយាយថា ក្រោយកើតហេតុស្ត្រីដៃដល់បានរត់ចូលក្នុងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ដែលនៅក្បែរនោះ តែគ្មានអ្នកជួយអន្តរាគមន៍ប្អូនគាត់ទេ ហើយប្អូនស្រីគាត់ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ក៏គេមិនហ៊ានចាត់ការលើស្ត្រីដៃដល់នោះដែរ ។ ដូច្នេះពេលនេះ គាត់សំណូមពរសុំឲ្យលោកស្នងការខេត្ត ឬស្ថាប័នតុលាកាជួយអន្តរាគមន៍រឿងនេះផង ។
ចែករំលែកព័តមាននេះ