ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះកែវ ហៀន ហៅតាខ្មៅ អាយុ៥៦ឆ្នាំ មានទីលំនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញបានស្លាប់ ខណៈដែលគេអះអាងថាបានមករួមដំណេកជាមួយប្រពន្ធចុងលួចលាក់នៅភូមិព្រៃតឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៥។
អ្នកភូមិព្រៃតឹកម្នាក់បាននិយាយថា ឈ្មោះកែវ ហៀន ហៅតាខ្មៅនេះ ជាមន្ត្រីយោធា មានប្រពន្ធ និងផ្ទះនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងបានលួចមកសែនជាមួយស្ត្រីវ័យក្មេងម្នាក់នៅភូមិខាងលើរយៈពេល៧ឆ្នាំហើយ តែមិនមានកូនទេ។
អ្នកភូមិដដែលបន្តថា បុរសខាងលើឧស្សាហ៍ស្កាត់មកជួបនាងទី២ជាញឹកញាប់ ព្រោះនាងមានរូបសម្រស់ដែលធ្វើឱ្យតាខ្មៅដោះដៃចេញមិនបាន តែនៅវេលាព្រឹកថ្ងៃទី១១ កុម្ភៈ តាមប្រភពថា តាខ្មៅបានបើករថយន្តដឹកភ្ញៀវមកចូលរោងការមួយនៅឃុំកំពង់ត្រាចខាងលិច ពេលដាក់ភ្ញៀវដល់ផ្ទះកូនក្រមុំហើយ តាខ្មៅបាននិយាយបា្រប់អ្នករួមដំណើរទាំងអស់ថា មកដេកផ្ទះមិត្តភក្តិនៅភូមិព្រៃតឹក ព្រោះបែកគ្នាយូរហើយ ពេលនោះតាខ្មៅបានជួលម៉ូតូគេឱ្យដឹកមកឈប់នៅចំណុចដែលខ្លួនធ្លាប់ជួប ដោយមានកាន់ស្រាបៀរ១៦កំប៉ុងមកផឹកជាមួយអ្នកភូមិ២ទៅ៣នាក់ ប៉ុន្តែមិនស្រវឹងជោកជាំពេកទេ។
បន្ទាប់មកតាខ្មៅបានមកដេកជាធម្មតានៅផ្ទះប្រពន្ធចុងវិញ ស្រាប់តែនៅវេលាម៉ោង៤ទៀបភ្លឺ អ្នកភូមិព្រៃតឹកនាំគ្នាភ្ញាក់ផ្អើលថា តាខ្មៅដាច់ខ្យល់ស្លាប់ហើយ ហើយអ្នកភូមិម្នាក់បានរកថ្នាំបុរាណមកឱ្យតាខ្មៅផឹកដែរ តែមិនធូរស្រាល ទើបបន្តដឹកទៅមន្ទីរពេទ្យស្រុកកំពង់ត្រាច តែពេលមកដល់ផ្សារដើមចំរៀកព្រំប្រទល់ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទើបដឹងថាតាខ្មៅបានស្លាប់តាំងពីយូរហើយ ក៏ឱ្យរថយន្តសាមុយរបស់មន្ទីរពេទ្យស្រុកកំពង់ត្រាចដឹកទៅភ្នំពេញវិញទៅ។
តាមប្រភពមួយធ្លាយចេញពីអ្នកស្និទ្ធនឹងនាងប្រពន្ធចុងបានឱ្យដឹងថា បុរសដែលស្លាប់នេះ គឺជាមនុស្សស្លូតបូតណាស់ ពេលមកលេងផ្ទះនាងម្តងៗតែងជួយធ្វើការនាងមិនសម្រាកដៃទេ ។
បើតាមលោកហ៊ុន តេង ប្រធានឃុំប្រាសាទភ្នំខ្យង និងមន្ត្រីនគរបាលប៉ុស្តិ៍និយាយដូចគ្នាថា មូលហេតុជនរងគ្រោះស្លាប់នេះមកពីការរួមដំណេកច្រើនដងពេកទើបបណ្តាលឱ្យស្លាប់នៅលើបង្គង៕
ចែករំលែកព័តមាននេះ