ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវរថយន្តបុក ហើយកិនបែកក្បាល និងដងខ្លួនខ្ទេច ខណៈដើរតាមបណ្តោយផ្លូវជាតិតែម្នាក់ឯងនៅពេលយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកព្រលឹម ថ្ងៃទី០២ កុម្ភៈ ២០១៥ នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកត្រពាំងប្រាសាទ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនៅពេលទៀបភ្លឺ គេបានឃើញបុរសម្នាក់ដើរតាមបណ្តោយផ្លូវជាតិ P.R១៧៤ ក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯងនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តធុនយីឌុបមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនពីលិចទៅកើតបានរេចង្កូតទៅបុក ហើយកិនបែកក្បាល និងដងខ្លួនខ្ទេចជាកំណាត់ ចំណែករថយន្តបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
ប៉ូលិសផ្នែកចរាចរណ៍ស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានគ្រោះថ្នាក់ចរាចរណ៍រួចមកប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងឃើញថា រថយន្តបានទៅបុកមនុស្សកំពុងធ្វើដំណើរតាមដងផ្លូវជាតិទាំងកំរោល។
ជនរងគ្រោះមានឈ្មោះសោន សុគៀន ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រទឹកកក ដែលមានយីហោ(ទឹកកកអន្លង់វែង)រស់នៅក្នុងភូមិទំនប់ខ្នុរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ប៉ូលិសដដែលបានបញ្ជាក់ថា មុនពេលកើតជនរងគ្រោះ រួមនិងកម្មករ២នាក់ទៀតត្រូវថៅកែប្រើឱ្យដឹកទឹកកកទៅដាក់តាមម៉ូយ ចៃដន្យរថយន្តដែលដឹកទឹកកកខូចទើបជនរងគ្រោះបានឱ្យគ្នីគ្នា២នាក់នៅចាំរថយន្ត ចំណែកខ្លួនបានដើរមករោងចក្រទឹកកកក្នុងគោលបំណងមកជួបជាមួយថៅកែដើម្បីរៀបរាប់ពីដំណើររឿងរថយន្តខូចនោះក៏ជួបគ្រោះថ្នាក់តែម្តង៕
ចែករំលែកព័តមាននេះ